លោកគ្រូ សោម ចំណាប់ ចាត់ទុកប្រទេស២នេះមានគុណភាពបាល់ទះឆ្នេរខ្សាច់ខ្ពស់ជាងគេនៅស៊ីហ្គេម

  • 2021-05-11 02:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សោម ចំណាប់ ត្រូវបានសហព័ន្ធបាល់ទះកម្ពុជាតែងតាំងជាគ្រូបង្គោលដឹកនាំក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ផ្នែកបុរស ទៅ​ប្រកួត​ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម។ ក្នុងនាមជាបង្ហាត់ និង​គ្រូបង្គោល​រយៈពេល​២​ឆ្នាំ​មក​នេះ លោកក៏​បានសិក្សាអំពីគូប្រជែង​ខ្លះៗរួចហើយដែរ និងមើលឃើញថាប្រទេសថៃ និងឥណ្ឌូណេស៊ី មានសមត្ថភាពខ្លាំងជាងគេបើធៀបនឹងប្រទេសផ្សេង។

លោក សោម ចំណាប់ បានបង្ហើបថា ៖«យើងធ្លាប់ដឹងថាស៊ីហ្គេមគេធ្វើ២ឆ្នាំម្ដង។ ប្រទេសដែលខ្លាំងៗគឺមានបីបួនប្រទេស គឺប្រដងត្រសងគ្នាមានឥណ្ឌូណេស៊ី ថៃ វៀតណាម ហ្វីលីពីន ស៊ីងហ្គាពួរ ប៉ុន្តែកម្រិតឱ្យ​ខ្លាំងជាងគេឥណ្ឌូណេស៊ីខ្លាំងជាងគេហើយនឹងថៃ ក្រៅពីហ្នឹងយើង(កម្ពុជា)អាចប្រដងត្រសងគ្នា»។

អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ និងលើក្ដារល្បីខ្លាំងកាលជាង១០ឆ្នាំមុន បានបន្ថែមទៀតថា កាលស៊ីហ្គេមនៅប្រទេសហ្វីលីពីនឆ្នាំ២០១៩ មានតែប្រទេស​ឥណ្ឌូណេស៊ី និងថៃប៉ុណ្ណោះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយឥណ្ឌូណេស៊ីជាក្រុមជើងឯក។

ទោះបីជាយ៉ាងណាលោកគ្រូ សោម ចំណាប់ មិនបានចាត់ទុកក្រុមណាមួយជាក្រុមខ្សោយឡើយ ហើយលោកក៏មិនធ្វេសប្រហែសដែរ ព្រោះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រជែងយក​លទ្ធផលល្អពី​ព្រឹត្តិការណ៍មួយនេះ​ជូន​ជាតិ​មាតុភូមិ។

លោកបានបញ្ជាក់បែបនេះ ៖«ដោយសារយើងសង្កេតឃើញស៊ីហ្គេមនៅហ្វីលីពីន មានតែក្រុមថៃនិងឥណ្ឌូណេស៊ីទេ ដែលគេឡើងទៅជុំផ្ដាច់ព្រ័ត្រជាមួយគ្នានោះ។ ឃើញថាកម្រិតគេនៅខ្ពស់ដដែល ក្នុងចំណោម១១ប្រទេសហ្នឹង គេឈរជើងនៅលេខ១ លេខ២ លេខ៣រហូត។ ដោយឡែកយើងកម្រិតយើងនៅក្រោមគេ យើងនៅស្ទើរជាងគេ ដូច្នេះនៅឆ្នាំនេះយើងបានត្រៀមខ្លួនហើយ។ សហព័ន្ធក៏បានតែងតាំងខ្ញុំជាគ្រូបង្វឹក ដើម្បីដឹកនាំកីឡាកររបស់យើងទៅប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងហាណូយប្រទេសវៀតណាម យើងមានការប្ដេជ្ញាចិត្តមានការប្រឹងប្រែង ពេលនោះយើងសង្ឃឹមនឹងមានលទ្ធផលល្អ»។

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនវិញ្ញាសារបាល់ទះឆ្នេរខ្សាច់ផ្នែកបុរសកាល​ពី​ឆ្នាំ​២០១៩ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន​២​ក្រុមចូលរួមដោយ​មាន​កីឡាករ​ ជុក សោភា ហៅឥន្ទ្រីពីឃាដឌូក ចាប់​ដៃ​គូ​ជាមួយ​ ធី ម៉េងហួងជាដើម​ ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ។

ស៊ីហ្គេ​ម​លើក​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នឹង​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃ​ទី​២១ វិច្ឆិកា ​ដល់​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២១៕

អត្ថបទ៖ អ៊ុំ សុភក្តិ