តិច​ថា​មាន​អ្នក​លួច​ស្រឡាញ់ ថ្ងៃ​នេះ​ស្រី​ស្អាត លីកា បង្ហាញ​មុខ​គូ​សេ្នហ៍​ហើយ គឺ​​បុរស​សង្ហា​ជា​មន្ត្រី​យោធា​មួយ​រូប

  • 2021-05-13 03:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា តែ ស៊ុន​សុដាលីកា ហៅ លីកា ដែល​នៅ​រស់​នៅ​ស្ងប់ស្ងាត់​ពី​ការ​រាំ​លោត​ហក់ នៅ​ព្រឹក​នេះ បាន​ផ្ដើម​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ថ្មី​មួយ ក្រោយ​ពី​នាង​បាន​បង្ហាញ​រូប​ថត​ស្និទ្ធស្នាល​ជាមួយ​កំលោះ​វ័យ​ក្មេង​រូប​ស្រស់​សង្ហា​មួយ​រូប។

លីកា បានផ្អាក​ពីការងារ​រាំ​ទាំង​ស្រុង ចាប់​តាំង​ពី​នាង​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​បន្ត​ព្យាបាល​មក​ដល់​សព្វ​ថ្ងៃ។ ជំនួស​ឲ្យ​ការ​បញ្ចប់​និស្ស័យ​រាំ លីកា ក៏​ងាក​ទៅ​ទទួល​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ជំនួស​វិញ និង​មិន​ធ្វើ​ការងារ​សិល្បៈ​អ្វី​ទៀត​ឡើយ។ តាំង​ពី​មុន និង​ក្រោយ​ផ្អាក​ការ​លោត​រាំ​ចង្វាក់ K-pop លីកា មិន​ដែល​ឲ្យ​តម្រុយ​ពី​រឿង​ជីវិត​ស្នេហា​របស់​នាង​ឡើយ ទើប​តែ​នៅ​ថ្ងៃ​នេះ នាង​បាន​បង្ហាញ​រូប​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់។

កូន​ស្រី​លោក តែ ស៊ុនណាង បាន​បង្ហោះ​រូប​នាង ឈរ​ជិត​គ្នា​ជាមួយ​បុរស​ម្នាក់​នៅ​លើ IG របស់​នាង។ ជំនួស​ឲ្យអធិប្បាយ​ជា​អក្សរ លីកា បាន​ប្រើ​ Emoji រូប​បេះដូង ដោយ​បាន Mention ឈ្មោះ​បុរស​វ័យ​ក្មេង​ដែល​ឈរ​ថត​ជាមួយ​នាង​ផង។ សកម្មភាព​នេះ ប្រិយមិត្ត​របស់​នាង​យល់​ជា​ស្រេច​ថា លីកា និង​បុរស​សង្ហា​ជាមួយ​អ្វី​នឹង​គ្នា។ ដូច្នេះ​ហើយ ពួក​គេ​បាន​ចូល​ទៅ​សរសេរ​​សារ​អបអរ និង​ជូន​ពរ​ពួក​គេ​ទាំង​ពីរ​រឿង​ខ្លួន។

ជាមួយ​គ្នា ខ្លះ​ក៏​បាន​លើក​សរសើរ​ថា ពួក​គេ​ទាំង​ពីរ​ពិត​ជា​សាក​សម​គ្នា​ឥត​ទាស់ ទាំង​វ័យ និង​រូប​សម្បត្តិ ​ស្រស់​ស្អាត និង​ស្រស់​សង្ហា​សម​សួន​នឹង​គ្នា​ណាស់។ យ៉ាង​នេះ​ក្ដី នៅ​លើ IG របស់​ភាគី​ខាង​ស្រី គេ​ឃើញ​មាន​តែប៉ុន្មាន​សន្លឹកប៉ុណ្ណោះ ដែល​នាង​ប្រើ​ប្រាស់​ឲ្យ​តម្រុយ​ពី​ជីវិត​ឯកជន​របស់​នាង​យ៉ាង​កម្រ។ ប៉ុន្តែ​ងាក​ទៅ IG របស់​ភាគី​ខាង​ប្រុស​ឯណោះ​វិញ គេ​ឃើញ​មាន​រូប​ពួក​គេ​ស្និទ្ធស្នាល​នឹង​គ្នា​ជា​ច្រើន​សន្លឹក។

ស្ថានភាព​នេះ សង្កត់​ន័យ​កាន់​តែ​ច្បាស់​អំពី​ទំនាក់ទំនង​របស់​ពួក​គេ។ តាម​រយៈ​នេះ​គេ​បាន​ដឹង​ថា បុរស​សង្ហា​ដែល​មាន​សំណាង​បាន​នៅ​កៀក​កិត​នឹង​ស្រី​ស្អាត លីកា មាន​ឈ្មោះ​ថា វុន សារ៉ាវុធ មាន​តួនាទី​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ ៤។ យ៉ាង​ណា គេ​មិន​ទាន់​ដឹង​អំពី​ដំណើរ​ដើម​ទង​នៃ​ការ​ជួប​ប្រសព្វ​គ្នា​របស់​ស្រី​ស្អាត និង​ប្រុស​សង្ហា​រូប​នេះ​ឡើយ ខណៈ​សាមី​ខ្លួន​ខាង​ស្រី នៅ​មិន​ទាន់​អាច​ភ្ជាប់​ទំនាក់ទំនង​ដើម្បី​សុំ​ការ​អធិប្បាយ​លម្អិត​បាន។

ចំណុច​គួរ​កត់​សម្គាល់​មួយ ដូច​បាន​បញ្ជាក់​ពី​ខាង​លើ លីកា កម្រ​បើក​ទូលាយ​រឿងរ៉ាវ​អំពី​មនុស្ស​របស់​នាង​ណាស់។ ដូច្នេះ​ហើយ ក្រោយ​ពី​សម្រេច​បើក​ចំហ​ជា​លើក​ដំបូង និង​កម្រ​ពី​ភាគី​ខាង​ស្រី​នៅ​គ្រា​នេះ នាំ​ឲ្យ​មាន​ការ​សង្ស័យ​បន្ថែម​ទៀត ពួក​គេ​អាច​នឹង​មាន​ដំណឹង​ល្អ​ក្នុង​ពេល​មិន​យូរ​នេះ​ផង​ក៏​មិន​ដឹង៕

អត្ថបទ៖ ទារិកា