អ៊ឹម ណារិទ្ធ សង្ឃឹម ៦០% ជាប់ជម្រើស៤នាក់លេង SEA Games នៅវៀតណាម

  • 2021-05-19 05:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់មកពីក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ៊ឹម ណារិទ្ធ មានសង្ឃឹមពី ៥៥ ទៅ ៦០% ក្នុងការជាប់ជម្រើសបួននាក់តំណាងក្រុម​បាល់ទះឆ្នេរខ្សាច់កម្ពុជា ទៅលេងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។

ការរំពឹងបែបនេះ​ក៏ដោយសារ​កីឡាករមានកម្ពស់ ១,៨៥ម៉ែត្រវ័យ ២៤ឆ្នាំ យល់​ថា​គេមានកម្លាំងគ្រាប់គ្រាន់ និងទទួលបានបច្ចេកទេសច្រើនគួរសមអំឡុងពេល​ហ្វឹហាត់ ក្នុងរយៈពេល២ឆ្នាំមកនេះ។

ស្មាត់​ធំ​ដ៏​ល្អ​របស់​ស្នងការ បាន​បញ្ជាក់​ថា ៖«សមត្ថភាពរាល់ថ្ងៃតាមប្អូនសង្កេតមើល ប្អូនអាចចូលចំណោមគេបានទៅ៧០%ដែរ អ៊ីចឹងប្អូនថែមបន្តិចនៅវគ្គជម្រុះខាងមុខ ប្អូនសង្ឃឹមថានឹងអាចជាប់ ដោយសារប្អូនមើលទៅសង្ឃឹមច្រើនដោយសារបច្ចេកទេសកម្លាំង បូកនឹងយើងចូលចិត្តយើងគិតថាវាអាចទៅបាន»។

កីឡាករដែលគេច្រើន​ហៅ​តាក់អន្លង់វែង បានសន្យាខំប្រឹងប្រែងឱ្យ​អស់​ពី​កម្លាំង​កាយចិត្ត ដើម្បីប្រជែង​យក​កៅអី៤នាក់​ទៅលេងនៅទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ក៏​ដូចជា​បង្ហាញសមត្ថភាព និង​យក​លទ្ធផល​ល្អ​ជូន​ជាតិ​មាតុភូមិ​។

បើសិនជាជាប់មែន ជុក សោភា ជាកីឡារឆ្នេរខ្សាច់មួយរូបដែល អ៊ឹម ណារិទ្ធ ចង់ចាប់ដៃគូលេងខ្លាំង​ជាមួយជាងគេ​ ប៉ុន្តែកីឡាករ​មក​ពី​ខេត្ត​ឧត្ដរមានជ័យមិនទាន់​ថាយ៉ាងណាទេ ដោយ​អាស្រ័យ​លើ​ស្ថានភាពជាក់ស្ដែង និងការរៀបចំរបស់ក្រុមគ្រូបង្វឹក។

គួរ​បញ្ជាក់​ថា ​កម្ពុជានឹង​បញ្ជូន​អត្តពលិក​វិញ្ញាសារ​បាល់​ទះ​ឆ្នេរ​ខ្សាច់​ចំនួន២ក្រុមមាន​៤​រូប​ ដើម្បី​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅ​វៀតណាម​ នា​ថ្ងៃ​ទី​២១​ វិច្ឆិកា ដល់​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ​២០២១​ខាង​មុខ៕

អត្ថបទ៖ អ៊ុំ សុភក្តិ