អំណោយ​ផល​ខ្លាំង ស្រី​ស្អាត ឆាយ នីតា ឡើង​តំណែង​ធំ​ក្នុង​រឿង​ចិន​មួយ​រឿង​ទៀត​បាត់!

  • 2021-06-01 03:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​ពេល​នេះ ស្រី​ស្អាត ឆាយ នីតា ដ៏​ស្រស់​ប្រិមប្រិយ បាន និង​កំពុង​រស់​ក្នុង​ភាព​ស្ងប់​ស្ងាត់​ដោយ​សារ​ការងារ​សិល្បៈ​ត្រូវ​ផ្អាក​ទាំង​ស្រុង​ដោយ​សារ​កូវីដ១៩​ដូច​មិត្ត​រួម​អាជីព​ផ្សេង​ទៀត​ក៏​ពិត​មែន ប៉ុន្តែ​មុន​នេះ មាន​ដំណឹង​ថា នាង​ត្រូវ​បាន​ផលិតករ​ចិន​ជ្រើសរើស​សម្រាប់​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​១​រឿង​ទៀត។

នេះ​ជា​ស្នាដៃ​ទី​២​របស់​នាង បន្ទាប់​ពី​ឆ្នាំ​មុន នីតា ក៏​បាន​រួម​សម្ដែង​ក្នុង​នាម​ជា​តួឯកស្រី​មួយ​រឿង​ដែរ​ឲ្យ​ផលិតករ​ចិន។ រឿង​នោះ​មាន​ចំណង​ជើង​ថា "អង្គរក្ស​ពិសេស" ផលិត​ក្នុង​ឆ្នាំ ២០២០ ដែល​វេលា​នោះ តួ​អង្គ​ខ្មែរ​គឺ​មាន​តែ នាង និង​មិត្ត​រួម​អាជីព​២-៣នាក់​ប៉ុណ្ណោះ​ជា​ជន​ជាតិ​ខ្មែរ។

ដោយ​ឡែក​រឿង​ទី២ ដែល​នាង​បាន​ទាក់​ចិត្ត​ផលិតករ​ចិន​ឲ្យ​ជ្រើសរើស​នាង​សារ​ជា​ថ្មី គឺ​រឿង "យោង​ចាប់​ក្ដី​ស្រមៃ"។ រឿង​នេះ តួ​ខ្មែរ​មាន​ច្រើន​ជាង​មុន គឺ​មាន ឆាយ នីតា ខាត់ វ៉ៃហាំង ទេព រិនដារ៉ូ ហង្ស សូរិយ៉ាន់។ ភាពយន្ត​ទាំង​មូល គឺ​បាន​ថត​ចាប់​រួច​រាល់​មុន​កូវីដ១៩ បាន​វាយ​ប្រហារ​កម្ពុជា​ជា​ថ្មី​តាម​រយៈ​ព្រឹត្តិការណ៍ ២០កុម្ភៈ។ តាម​ផែន​ការ​រឿង "ឈោង​ចាប់​ក្ដី​ស្រមៃ" នឹង​ដាក់​បញ្ចាំង​នៅ​ប្រទេស​ចិន និង​កម្ពុជា។

ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​កូវីដ មិន​ទាន់​ប្រសើរ​នាង​មិន​ដឹង​ថា រឿង​នេះ​អាច​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​នៅ​ពេល​ណា​នោះ​ទេ ខណៈ​សាមី​ខ្លួន​តារា​ស្រី ប្រាប់​ថា នាង​ក៏​អន្ទះសា​ចង់​ទស្សនា​ភាពយន្ត​របស់​ខ្លួន​សម្ដែង​ជាមួយ​បរទេស​ដូច​គ្នា​ដែរ។ ដូច​នឹង​រឿង​ទី១​ដែរ នៅ​ក្នុង​សាច់​រឿង​នៃ​ភាពយន្ត​របស់​ផលិតករ​ចិន​ទី២​នេះ ឆាយ នីតា សម្ដែង​ជា​តួឯកស្រី ដោយ​ចាប់​ដៃ​គូ​ជាមួយ​តួឯក​ប្រុស​ដែល​ជា​ជនជាតិ​ចិន​ដែរ។

ឆាយ នីតា ឈាន​មុខ​គេ​ក្នុង​ចំណោម​តារា​សម្ដែង​ស្រី​ដទៃ​ទៀត ដោយ​២​ឆ្នាំ​ជាប់​គ្នា នាង​ត្រូវ​បាន​ផលិតករ​ចិន​រើស​នាង​ឲ្យ​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​ខ្សែ​ភាពយន្ត​របស់​គេ។ ចំពោះ​បញ្ហា​នេះ នាង​ទទួល​ស្គាល់​ថា នាង​ហាក់​អំណោយ​ផល​សម្រាប់​ខ្សែ​ភាពយន្ត​របស់​ផលិតករ​ចិន​ពិត​មែន។ ចំពោះ​ហេតុផល នាង​លើក​ឡើង​ថា ទំនង​ដោយ​សារ​ហេតុផល​មួយ​ចំនួន​ទី១ រូបរាង​មុខ​មាត់​របស់​នាង ពេល​តុបតែង​ទៅ សាក​សម ឬ​ស្រដៀង​នឹង​នារី​ចិន​ដែរ។

ចំណុច​ទី​២ នាង​មាន​បទ​ពិសោធន៍ និង​កិច្ច​សហការ​ល្អ​ជាមួយ​ផលិតករ​ចិន​កាល​ពី​ទី​១​ស្រាប់ ដែល​រឹត​តែ​ធ្វើ​ឲ្យ​នាង​រឹត​តែ​មាន​អំណោយ​ផល។ ដោយ​ឡែក​រឿង​ភាសា​វិញ ស្រី​ស្អាត បញ្ជាក់ថា នាង​មិន​ចេះ​និយាយ​ចិន​នោះ​ទេ បើ​ទោះ​មើល​ទៅ​នាង​ដូច​ជា​មាន​ជាប់​ឈាម​ជ័រ​សែ​ស្រឡាយ​ចិន​ក៏​ពិត​មែន។ ក្រៅ​ពី​ខ្សែ​រឿង​របស់​ផលិតករ​បរទេស ដែល​បាន​ថត​ចប់​រួចរាល់ រង់ចាំ​តែ​ថ្ងៃ​ដាក់​បញ្ចាំង​នោះ នីតា បញ្ជាក់​ថា នាង​មិន​ទាន់​ជាប់​កុងត្រា​ជាមួយ​ផលិតករ​ក្នុង​ស្រុក​ណា​មួយ​ទៀត​ទេ។

នាង​ថា "រឿង​ដែល​កុងត្រា គឺ​ថត​ចប់​រួចរាល់​អស់​ហើយ ដោយ​ឡែក​រឿង​ថ្មី គឺ​មិន​ទាន់​មាន ព្រោះ​ក្នុង​ពេល​នេះ ស្ងប់​ស្ងាត់​ទាំង​អស់​គ្នា អីចឹង​ម្នាក់​ៗ​ទំនេរ​រៀង​ខ្លួន!”៕

រូបភាព៖ ផ្ដល់​ដោយ នីតា)

អត្ថបទ៖ ទារិកា