ភ្នំពេញក្រោន​លើក​ពាន​លីក​​ជាតិ​ទាំង​ U-15 និង​U-17

  • 2014-11-24 16:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​បាល់​ទាត់​លីក​យុវជន​ប្រចាំ​ឆ្នាំ​២០១៤​​ បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ម្សិល​មិញ​នេះ​ នៅ​ឯ​ទីលាន​សាលា​បាល់​ទាត់​ជាតិ​ទន្លេ​បាទី​ ដោយ​យុវជន​របស់​ភ្នំពេញ​ក្រោន​លើក​ពាន​ទាំង​លីក​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​ (U15) និង​លីក​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ (U17)។

 

ក្រោយ​​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​អស់​ជា​ច្រើន​សប្ដាហ៍​កន្លង​មក​​ ទាំង​លីក U-15 និង​លីក​ U-17 បាន​ធ្វើ​ការ​បិទ​ព្រម​គ្នា​កាល​ពី​ម្សិល​មិញ​ ដោយ​យុវជន​របស់​ភ្នំពេញ​ក្រោន​ក្រោម​អាយុ​១៥​ឆ្នាំ​ និង​ក្រោម​អាយុ​១៧​ឆ្នាំ​ ទទួល​បាន​ជើង​ឯក​ដូចគ្នា​ ហើយ​សុទ្ធ​តែ​បាន​បំបែក​កំណត់​ត្រា​ឈ្នះ​១០០%​ដូចគ្នា។ យុវជន​ក្រោន​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់​ ដោយ​មិន​មាន​ចាញ់​ ឬ​ស្មើ​ សូម្បី​តែ​មួយ​ប្រកួត។

  PPCFC U17

សម្រាប់​លីក​ U17 ក្រុម​ជើងឯក​ភ្នំពេញ​ក្រោន​ទទួល​បាន​ថវិកា​៥​លាន​រៀល​ ហើយ​ទទួល​បាន​ពានរង្វាន់​​ Fair play ។ ជើង​ឯក​រង​ចម្ការ​កៅស៊ូ​បឹង​កេត​ ទទួល​បាន​ប្រាក់​រង្វាន់​៣​លាន​រៀល​ និង​ក្រុម​លេខ​ ៣​​អាកាសចរណ៍​ស៊ីវិល​ទទូល​បាន​២​លាន​រៀល។ កីឡា​ករ​រក​គ្រាប់​បាល់​បាន​ច្រើន​​ជាង​គេ​​គឺ​ សួន​ នឿត​ និង​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​គឺ​ គង់​ ចាន់​វុទ្ធី​ របស់​ភ្នំពេញ​ក្រោន​ទាំង​ពីរ​ ដោយ​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល។

 PPCFC U15

ដោយ​ឡែក​លីក​ U15 វិញ​ ក្រុម​ជើង​ឯក​ភ្នំុពេញ​ក្រោន​ទទួល​បាន​ថវិកា​៥​លាន​រៀល​ រីឯ​ជើង​ឯក​រង​អាកាស​ចរណ៍​ស៊ីវិល​ទទួល​បាន​៣​លាន​រៀល​ និង​ក្រុម​លេខ​​៣​​សាលា​បាល់​ទាត់​ជាតិ​ទន្លេ​បាទី​ទទួល​បាន​២​លាន​រៀល។​ យុវជន​មក​ពី​ក្រុម​សាលា​បាល់​ទាត់​ជាតិ​ សៀង​ ចាន់ធា​​ ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ ស្រប​ពេល​ដែល​អ្នក​ចាំ​ទី​ល្អ​បាន​ទៅ​លើ​ គង់​ រ៉ាហ្វាត​ របស់​ភ្នំពេញ​ក្រោន​ ហើយ​អ្នក​ទាំង​ពីរ​ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល​​ដូចគ្នា។ ចំណែក​ឯ​ពាន​រង្វាន់​ Fair Play បាន​ទៅ​លើ​ក្រុម​យុវជន​ខេត្ត​ស្វាយ​រៀង៕

 

អត្ថបទ៖ អៀង សូទ្រី

រូបថត៖ ក្លិបភ្នំពេញក្រោន

អត្ថបទថ្មី