Facebook Gaming ផ្តល់ឱកាសរកចំណូលដល់ Streamer និងអ្នកបង្កើតហ្គេមនៅកម្ពុជា

  • 2021-06-04 03:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការទស្សនាការផ្សាយបន្តផ្ទាល់ (live stream) របស់ Facebook Gaming ក្នុងប្រទេសកម្ពុជាបានកើនឡើង ៦៥% កាលពីឆ្នាំមុនដោយហ្គេម Mobile Legends ហ្គេម PUBG Mobile និងហ្គេម Garena Free Fire ស្ថិតនៅលំដាប់កំពូលទាំង៣ ក្នុងនាមជាហ្គេមដែលមានអ្នកមើលច្រើនជាងគេពី Facebook Gaming ក្នុងប្រទេសកម្ពុជា។

អ្នកចូលចិត្តកីឡាអេឡិចត្រូនិច (eSport) និងអ្នកលេងកីឡាអេឡិចត្រូនិចអាជីពដែលកំពុងកើនឡើងមួយចំនួន ប្រើប្រាស់កម្មវិធី Facebook Gaming ដើម្បីបង្កើតមាតិកា ផ្សាយបន្តផ្ទាល់វីដេអូហ្គេម ភ្ជាប់និងចែករំលែកបទពិសោធជាមួយនឹងអ្នកគាំទ្រ ឬដើម្បីបង្កើតអាជីវកម្មរបស់ពួកគេ។

គ្រាន់តែកាលពីខែមុន អ្នកទស្សនាវីដេអូហ្គេមបានចូលមើលជាង ៨,៥លានដង និងបានផ្ញើផ្កាយជាង ៤លានផ្កាយ ដែលជាលក្ខណៈពិសេសមួយអនុញ្ញាតឱ្យអ្នកបង្កើតវីដេអូហ្គេមអាចរកប្រាក់បានពីការផ្សាយបន្តផ្ទាល់មាតិការបស់ពួកគេ។

អ្នកបង្កើតវីដេអូហ្គេមដ៏មានប្រជាប្រិយភាព និងជាដៃគូហ្គេមម្នាក់របស់ក្រុមហ៊ុន Facebook ដែលហៅថា Ream Angkor បានថ្លែងថា៖ “ការប្រើប្រាស់ឧបករណ៍ចល័តនៅកម្ពុជាមានចំនួនច្រើន ហើយ Facebook ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាស់នៅទូទាំងប្រទេសសម្រាប់គោលបំណងផ្សេងៗគ្នា។ ដោយសារហ្គេម និងកីឡាអេឡិចត្រូនិចគឺជានិន្នាការថ្មីមួយ Facebook Gaming អាចឱ្យអ្នកលេងហ្គេមជាច្រើនរាប់ចាប់ពីអ្នកធម្មតារហូតដល់អ្នកលេងអាជីព បង្ហាញទេព្យកោសល្យរបស់ពួកគេក្នុងការផ្សាយបន្តផ្ទាល់ទៅកាន់ពិភពលោក។ អ្នកបង្កើតកីឡាអេឡិចត្រូនិចផ្សេងទៀត ក៏អាចប្រើប្រាស់ Facebook ដើម្បីបង្កើតព្រឹត្តិការណ៍នានាសម្រាប់សហគមន៍ផងដែរ”។

កម្មវិធី Facebook Gaming ផ្តល់ជាមធ្យោបាយមួយសម្រាប់មនុស្សក្នុងការស្វែងរក ទស្សនា លេង និងចែករំលែកមាតិកាផ្ទាល់ខ្លួនទាំងអស់របស់ពួកគេនៅទីកន្លែងតែមួយ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនបទពិសោធកាន់តែស៊ីជម្រៅអំពីមាតិកា Facebook Gaming និងរួមបញ្ចូលទាំងមុខងារពិសេសថ្មីៗដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកលេងហ្គេម។ មុខងារពិសេសមួយចំនួនក្នុងចំណោមមុខងាររបស់កម្មវិធី Facebook Gaming រួមមានការស្វែងរកមាតិកាហ្គេមផ្ទាល់ខ្លួន ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកបង្កើតហ្គេមដើម្បីទស្សនាការលេងហ្គេម ការជជែកជាមួយមិត្តភក្តិអំពីហ្គេមដែលខ្លួនចូលចិត្ត និងការលេងហ្គេមជាមួយមិត្តភក្តិ ឬគ្រួសារ។ កម្មវិធី Facebook Gaming តែឯកឯង ក៏អាចរកបានផងដែរនៅលើ Google Play និង iOS។

Ream Angor បានបន្ថែមថា៖ “Facebook មានឥទ្ធិពលយ៉ាងខ្លាំងលើកំណើនឧស្សាហកម្មកីឡាអេឡិចត្រូនិចនៅកម្ពុជា។ ប្រជាជនកម្ពុជាគ្រប់រូប អាចចូលលេង Facebook បានយ៉ាងងាយស្រួល។ ព្រឹត្តិការណ៍ជាច្រើនត្រូវបានរៀបចំឡើងនៅលើទំព័រ Facebook របស់អ្នករៀបចំព្រឹត្តិការណ៍នីមួយៗ ហើយការគាំទ្រតាមរយៈ Facebook ក៏គួរឱ្យអាស្ចារ្យផងដែរ។ ការដែលអាចលេង ភ្ជាប់ និងបង្កើតហ្គេម មានសារៈសំខាន់យ៉ាងពិសេសនាពេលបច្ចុប្បន្ន នៅពេលដែលយើងចាំបាច់ត្រូវនៅផ្ទះ និងរក្សាគម្លាតសុវត្ថិភាពក្នុងគ្រាដែលមានការរីករាលដាលជំងឺកូវីដ-១៩”។

នៅទូទាំងពិភពលោក មនុស្សជាង ៧០០លាននាក់ លេង ទស្សនា និងចែករំលេកហ្គេមនៅលើ Facebook រៀងរាល់ខែ ហើយជាង ៥៥% នៃអ្នកដែលមានគណនី Facebook លេងហ្គេមរៀងរាល់ខែ។

លោក Michael Rose ប្រធានផ្នែកអ្នកបង្កើតហ្គេមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Facebook បានថ្លែងថា“តំបន់អាស៊ីអាគ្នេយ៍បានរីកលូតលាស់ក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ Facebook Gaming ដែលត្រូវបានជំរុញមួយផ្នែកធំដោយសារប្រជាប្រិយភាពរបស់វីដេអូហ្គេម និងអ្នកបង្កើតហ្គេមរបស់យើងក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Facebook គាំទ្រអ្នកបង្កើតហ្គេមជនជាតិកម្ពុជា ដើម្បីកសាងសហគមន៍ដ៏រឹងមាំមួយ និងបង្កើតទំនាក់ទំនងពោរពេញដោយអត្ថន័យជាមួយអ្នកគាំទ្ររបស់ពួកគេ ខណៈក្នុងពេលជាមួយគ្នានេះដែរ វាបានផ្តល់ជូនមធ្យោបាយជាច្រើនសម្រាប់អ្នកបង្កើតហ្គេមទាំងនេះដើម្បីបង្កើតអាជីវកម្មដែលសាកសមបំផុតទៅនឹងមាតិកា និងអ្នកទស្សនារបស់ពួកគេ”។

ប្រព័ន្ធអេកូអ្នកបង្កើតហ្គេមដ៏ជោគជ័យនេះ ក៏ទទួលបានការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សម្រាប់អ្នកបង្កើតហ្គេមក្នុងស្រុករបស់ក្រុមហ៊ុន Facebook ផងដែរ ដើម្បីជួយពួកគេឱ្យកសាងអាជីពមួយ និងរកប្រាក់ចំណូលសម្រាប់ជីវិតរស់នៅ។

កម្មវិធីទាំងនេះរួមមាន កម្មវិធីអ្នកបង្កើតហ្គេម ដែលជាដៃគូ ដើម្បីជួយអ្នកបង្កើតហ្គេមដែលត្រូវបានបង្កើតឡើងឱ្យកសាង និងធ្វើឱ្យសហគមន៍របស់ពួកគេរីកចម្រើននៅលើផ្លែតហ្វមនេះ និង កម្មវិធី Level Up សម្រាប់ជំរុញអ្នកបង្កើតហ្គេម។

Ream Angkor បានថ្លែងបន្តថា៖ “សម្រាប់មនុស្សភាគច្រើន រួមទាំងខ្ញុំផង ការផ្សាយបន្តផ្ទាល់ហ្គេមបានចាប់ផ្តើមជាផ្នែកមួយនៃចំណង់ចំណូលចិត្ត។ កាលខ្ញុំនៅក្មេង ខ្ញុំមិនដែលប៉ងក្លាយជាអ្នកផ្សាយបន្តផ្ទាល់ហ្គេម ឬអ្នកបង្កើតមាតិកាទេពេលខ្ញុំធំឡើង ប៉ុន្តែខ្ញុំចូលចិត្តវា និងបន្តធ្វើវា ពីព្រោះខ្ញុំស្រលាញ់សហគមន៍នេះ និងមិត្តថ្មីទាំងអស់ដែលខ្ញុំបានជួបតាមរយៈសកម្មភាពនេះ។ អ្នកអាចក្លាយជាអ្នកផ្សាយបន្តផ្ទាល់ហ្គេមពេញម៉ោងបាន ឬគ្រាន់តែលេងវាសម្រាប់ជាការកម្សាន្តក៏បាន”៕

អត្ថបទ៖ កុសល