​ឡាន​អគ្គិសនី​ចិន​តម្លៃ​ជាង​ ៧ ​មុឺន​ដុល្លារ​នេះ​ ​នឹង​ចូល​ទៅ​វាយលុក​ទីផ្សារ​អឺរ៉ុប​

  • 2021-06-10 07:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​BYD Auto ​គឺ​ជា ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ចិន​ ​​បង្ហើប​ពី​ដំណឹង​ នាំចូល​រថយន្ត​ម៉ូឌែល​ ​Tang EV600 ប្រភេទ SUV ​របស់​ខ្លួន​ចំនួន​ ១០០ គ្រឿង​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ ​ចាប់​ផ្តើម​ដំបូង​ពី​ប្រទេស​ន័រវេស​ដែល​ទើប​នឹង​ទម្លាក់​ដាក់​ចូល​ក្នុង​ទូ​កុងតឺន័រ​លើ​កប៉ាល់​ ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​។​

​ក្រុមហ៊ុន​ក៏បន្ថែមទៀតថា គ្រោង​នឹង​នាំ​ចូលទីផ្សារន័រវេស​ ​សរុប​ឲ្យ​បាន​ច្រើន​ជាង ១៥០០០ គ្រឿង​នៅ​ដំណាច់ឆ្នាំ ២០២១ ​នេះ​។

​រថយន្ត​ម៉ូឌែល EV600 ​នឹង​បំពាក់​ដោយ​អាគុយ​អគ្គិសនី​ធំ​ Blade Battery ​ទំហំ​ ៨៦,៤ គីឡូវ៉ាត់​ម៉ោង​ផ្តល់​ចម្ងាយ​បើក​បរ​សរុប​ដល់​ទៅ ៥០០ គីឡូម៉ែត្រ​រាល់​ពេល​សាក​ភ្លើង​ពេញ​ម្តង​។​

​រថយន្ត EV600 ​គឺជា​ប្រភេទ​រថយន្ត​ mid-range electric SUV ​តម្លៃ​ខ្ពស់​ជាងគេ ៧២០០០ ដុល្លារនៅន័រវេស។ ចំណែក តម្លៃ​កណ្ដាល​ ៤៥០០០ ​ដុល្លារ​និង​តម្លៃ​ទាប​ជាង​គេ​ ៤០០០០ ដុល្លារ​ក្នុង​មួយ​គ្រឿង​លក់នៅប្រទេសចិន មានជម្រើស ៥ កៅអីនិង៧កៅអី។

លើសពីនេះទៀត ​BYD ​ក៏​ជា​ក្រុមហ៊ុន​មួយ​ជំនាញខាងផលិតអាគុយអគ្គិសនីធំ ជាប់លំដាប់ទី៤ នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន LG, CATL និង Panasonic។

កាលពីឆ្នាំមុន ពួកគេបញ្ចេញផលិតផលបច្ចេកវិទ្យាអាគុយរថយន្តអគ្គិសនីជំនាន់ចុងក្រោយបំផុត មាន​សមត្ថភាព​រក្សា​សុវត្ថិភាព​ខ្ពស់​ និង​រត់​បាន​ចំងាយ​ឆ្ងាយ​ថែមទៀត​ផង។

​រំឮក​បន្តិច​ដែរ​ថា​ ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន​ Xpeng Auto ​បាន​ចូល​ទៅ​ន័រវេស​មុន​គេ​ ដោយ​លក់​រថយន្ត​របស់​ខ្លួន​ម៉ូឌែល​ G3 ​ប្រភេទ SUV ​បាន​ច្រើន​ជាង ១០០ គ្រឿង​រួច​ទៅ​ហើយ​កាល​ពី​ចុង​ឆ្នាំ​ទៅ។

ចំណែក​ឯក្រុមហ៊ុន Nio ​ក៏​កំពុង​តែ​រៀប​ចំ​គម្រោងការ​ចូល​ទៅ​វាយលុក​ទីផ្សារ​ន័រវេស ដែលជាប្រទេសនិយម​ប្រើប្រាស់​រថយន្ត​បៃតង​នេះ​ច្រើន​ជាង​គេ​នៅ​អឺរ៉ុប៕

អត្ថបទ៖ រក្សា