ចេញរឿង យឿន ពិសី ទៅបើកលុយ ៣ ០០០ដុល្លារបន្ថែមពីហង្សមាស
- 2021-06-11 03:01:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញរឿង យឿន ពិសី ទៅបើកលុយ ៣ ០០០ដុល្លារបន្ថែមពីហង្សមាស
ចន្លោះមិនឃើញ
ម្ចាស់ពាន Cambodia Got Talent យឿន ពិសី ដែលបានចេញវីដេអូយំសស្រាក់ ត្អូញថ្ងូរពីរឿងដែលថា មានឈ្មោះជាម្ចាស់ពាន ប៉ុន្តែមិនដែលមានភ័ព្វបានឡើងឆាកដើម្បីបានកម្រៃខ្លះទប់ទល់ជីវភាពសោះនោះ មានដំណឹងថា ថ្មីៗនេះលោកបានមកជួបថ្នាក់ដឹកនាំរបស់ហង្សមាស និងបានបើកលុយចំនួន ៣ ០០០ដុល្លារអាមេរិក។
តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចេញវីដេអូយំស្រែកលើហ្វេសប៊ុក យឿន ពិសី ក៏បានចូលទៅជួបជាមួយថ្នាក់ដឹកនាំផលិតកម្មហង្សមាស។ គេមិនដឹងថា ការចរចាសម្រេចផ្លែផ្កាអ្វីខ្លះទេ ប៉ុន្តែក្រោយជំនួបនោះ ពិសី បានបញ្ចេញឲ្យដឹងថា រឿងរ៉ាវបានចប់សព្វគ្រប់ហើយក្រោយពីបានជួបចរចាគ្នារួចរាល់ ហើយរូបគេនឹងមិននិយាយអ្វីពាក់ព័ន្ធនឹងហង្សមាសទៀតដែរ។
សាមីខ្លួនមិនបាននិយាយអ្វីវែងឆ្ងាយទេ ប៉ុន្តែតាមរយៈកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ហង្សមាស លោក មាស រិទ្ធី បានបកស្រាយ និងពន្យល់ពីមូលហេតុហេតុអ្វី យឿន ពិសី អត់មានឆាកសម្ដែងសោះ ក្រោយក្លាយជាតារាមួយរូបរបស់ហង្សមាសតាមរយៈជយលាភី Cambodia got Talent រដូវកាលទី១។ លោក បានលើកឡើងថា ហេតុផលចម្បង គឺមកពីម្ចាស់ឧបត្ថម្ភឆាក ឬកម្មវិធីនានាទៅវិញទេ។
លោក ថា រាល់ពេលមានគម្រោងកម្មវិធីប្រគំតន្ត្រីណាមួយដែលមានម្ចាស់ឧបត្ថម្ភ គឺខាងហង្សមាស រមែងដាក់តារារបស់ខ្លួនទាំងអស់ឲ្យម្ចាស់ឧបត្ថម្ភជាអ្នករើសដោយផ្ទាល់ថា គេពេញចិត្ត ឬចង់បានតារារូបណាឡើងកម្មវិធីដែលគេបានឧបត្ថម្ភ។ ដូច្នេះហើយ តារារូបណា បានឡើង ឬមិនបានឡើង គឺអាស្រ័យលើម្ចាស់ឧបត្ថម្ភនានាប៉ុណ្ណោះ។ ក្រៅពីពន្យល់លើចំណុចនេះ អគ្គនាយករងខាងលើ ក្នុងថ្ងៃជួបចរចាជាមួយអគ្គនាយក ពិសី បានបើកប្រាក់ ៣ ០០០ដុល្លារពីហង្សមាសផង។
តើ ប្រាក់ ៣០០០ដុល្លារនេះ ជាប្រាក់អ្វី? លោក មាស រិទ្ធី បានពន្យល់ទៀតថា នេះគឺប្រាក់រង្វាន់ផ្ទាល់របស់ យឿន ពិសី ក្នុងចំនួនសរុប ១០០លានរៀលបានពីជយលាភី Cambodian Idol។ យឿន ពិសី ត្រូវបានទទួលប្រាក់រង្វាន់ ១០០លានរៀល ពីកម្មវិធីខាងក្នុងនាមជាម្ចាស់ជយលាភី ដោយមិនបូកបញ្ចូលប្រាក់រង្វាន់ពីម្ចាស់ឧបត្ថម្ភនានា។ តាមលោក រិទ្ធី កាលណោះ ពិសី មិនបានបើកយកប្រាក់រង្វាន់នេះទៅទុកនឹងខ្លួនទេ ពោលគឺដោយសារ នៅក្មេងវ័យផង ពិបាកក្នុងការទុកដាក់ ក៏បានសម្រេចផ្ញើទុកនឹងហង្សមាស។
“ប្រាក់នេះជាប្រាក់របស់គាត់ ហើយកាលណោះ ក្រោយពីជាប់ជយលាភីហើយ ខាងយើងក៏សួរថា គិតយ៉ាងម៉េចរឿងប្រាក់រង្វាន់នេះ យកទាំងអស់ឬយ៉ាងណា ហើយដោយសារ នៅក្មេងផងអីផង គាត់ក៏សម្រេចចិត្ត ផ្ញើទុកនៅនឹងហង្សមាសយើង ដោយសុខចិត្តយកជាខែវិញ អីចឹងហើយនេះគឺជាការសម្រេចចិត្តរបស់គាត់ទេ"។
តាមការព្រមព្រៀងគ្នា យឿន ពិសី នឹងទទួលបាន ក្នុង១ខែ ១២៥ដុល្លារអាមេរិក តែមួយឆ្នាំបើកម្ដង។ ហេតុផលនេះ ក៏ជាការសម្រេចចិត្តរបស់តារាចម្រៀងដែរ ដោយសារថា រូបគេនៅកំពង់ចាមពិបាកឡើងមកបើករាល់ខែខាតសោហ៊ុយ។ ម្ចាស់ជយលាភីរូបនេះ បានបើកទៀងទាត់រហូតមកតាមចំនួនព្រមព្រៀងគ្នា។ ប៉ុន្តែនៅប៉ុន្មានថ្ងៃមុននេះ លោកបានមកបើកខុសពីការព្រមព្រៀងគ្នា។
លោក មាស រិទ្ធី បានថ្លែងថា "លើកនេះ គាត់មកសុំបើកខុសពីកិច្ចសន្យាបន្តិច ចំនួន ៣ ០០០ដុល្លារ ដោយសារថា ភរិយាគាត់ជិតឆ្លងទន្លេ ហើយខាងយើងក៏បើកឲ្យទៅមិនអីទេ ព្រោះជាលុយរបស់គាត់តើ..!”។ ទឹកប្រាក់ ៣០០០ដុល្លារនេះ គឺស្មើនឹងជិត ២ឆ្នាំ នៃប្រាក់រង្វាន់បើកតាមខែ(១២៥ដុល្លារក្នុង១ខែ) ដែលបានព្រមព្រៀងគ្នាពីដំបូង។ ហេតុនេះ តាមអគ្គនាយករងដដែលថា យឿន ពិសី នៅអាចបើកប្រាក់នៅសល់ចំនួន ២ឆ្នាំបន្ថែមទៀត៕