ក្រោយរងការរិះគន់​ពីអ្នកលេង Facebook រឿងសង់ស្ពានថ្មើរជើងវែង ក្រសួងលើកមូលហេតុ ៤ មកបកស្រាយ

  • 2021-06-24 06:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​ថ្មើរ​ជើង​ឆ្លង​កាត់​ផ្លូវ​ មាន​មាន​លក្ខណៈ​ទេរ​ ហើយវែង​ ដើម្បី​សម្រួល​ដល់​ការ​ដើរ​ អូស​រទេះ​ និង​ជន​ពិការ​ នៅ​ផ្សារ​អង្គ​​តា​សោម​ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​ពី​សំណាក់​អ្នក​លេង​ Facebook នៅ​កម្ពុជា។

ក្រោយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​បញ្ចេញ​រូប​ថត​ប៉ុន្មាន​សន្លឹក​លើ​ផេក​ផ្លូវ​ការ​ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​សាងសង់​ស្ពាន​ថ្មើរ​ជើង​នោះ​ ស្រាប់​តែ​មាន​ការ​ចែក​រំលែក​ជា​ច្រើន​នៅ​លើ​ Facebook ទាំង​អ្នក​គាំទ្រ​ និង​អ្នក​រិះគន់​។ ចំណុច​ដែល​ពួកគេ​រិះគន់​មាន​ដូចជា​ដោយសារ​ស្ពាន​នេះ​ធ្វើ​វែង​ពេក​ គឺ​វែង​ជាង​ការ​ដើរ​ឆ្លង​កាត់​ផ្លូវ​ដល់​ទី​៣​ដង។

យ៉ាង​ណា​​ពេល​នេះ​ក្រសួង​សាធារណការ​ បាន​ឆ្លើយ​តប​ដោយ​លើក​យក​ចំណុច​សំខាន់​ៗ​៤​ ធ្វើ​ការ​បកស្រាយ​ មាន​ខ្លឹម​សារ​ទាំង​ស្រុង​ថា​៖

សូម​អរគុណ រាល់​មតិយោបល់​ចូលរួម​របស់​បងប្អូនប្រជាពលរដ្ឋ ។ បច្ចុប្បន្ននេះ ក្រសួងបានខិតខំប្រឹងប្រែង និង​យក​ចិត្តទុកដាក់ក្នុងការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ -ស្ពាន ក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងផ្លូវជាតិលេខ៣ ដែលត្រូវបានពង្រីកពី២គន្លង ទៅ៤គន្លង ដែលមានទទឹងតួផ្លូវរហូតដល់ ២៤,៥ ម៉ែត្រ និងមានសួនកណ្តាលសម្រាប់​ខណ្ឌចែកចរាចរណ៍ទៅមក។

ជាមួយគ្នានេះផងដែរ ក្រសួងបានសាងសង់ស្ពានរំលង ក្នុងតំបន់ផ្សារ និងទីប្រជុំជនកុះករ ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ឆ្លង​កាត់ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុក្នុងការឆ្លងផ្លូវ។ ការ​សាង​សង់ស្ពាននេះ ត្រូវបានសិក្សាពីប្រវែង និងដីចំណីផ្លូវ ដើម្បីជៀសវាងចំណោតខ្លាំង ក្នុងការឡើងនិងចុះស្ពាន ដែល​ធ្វើ​ឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ដូចជា៖

១. ជួយសម្រួលដល់ក្មេងៗ និងមនុស្សចាស់ជរាឆ្លងកាត់ មិនសូវហត់ ឬមិនពិបាក ២. អាចអូស ឬរុញទំនិញតិចតួចឆ្លងកាត់បាន ៣. អាចស្រួលអូស ឬរុញបងប្អូនជនពិការឆ្លងកាត់បាន ៤. ការលាតត្រដាងជើងស្ពានឱ្យវែង គឺប្រើប្រាស់តែដីចំណីផ្លូវប៉ុណ្ណោះ មិនប៉ះពាល់ដីប្រជាពលរដ្ឋ ឬផ្សារ អាស្រ័យ​ដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន៕