ពិតជាអស្ចារ្យ! តារាចម្រៀងស្រីទសវត្ស៦០ សុង សេងហ៊ន ច្រៀងពីរោះហើយ បទភាគច្រើននិពន្ធដោយខ្លួនឯងទៀត
- 2021-06-25 04:01:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាអស្ចារ្យ! តារាចម្រៀងស្រីទសវត្ស៦០ សុង សេងហ៊ន ច្រៀងពីរោះហើយ បទភាគច្រើននិពន្ធដោយខ្លួនឯងទៀត
ចន្លោះមិនឃើញ
បានស្ដាប់បទ"បោកកូនជ្រូកទៅលេងស្រុក" និងបទ"ទឹកភ្នែកសម្ងាត់ ឬខ្នើយប៉ាក់" ក្នុងចំណោមបទចម្រៀងជាង១០០០បទ ប្រិយមិត្តដែលគិតត្រឹមឆ្នាំ២០២១នេះ មានវ័យ៦០ឆ្នាំឡើងប្រហែលជានឹកឃើញដល់មុខម្ចាស់សំនៀងដោយអ្នកខ្លះធ្លាប់បានជួបដោយផ្ទាល់ និងខ្លះបានឃើញត្រឹមតែរូបថតប៉ុណ្ណោះ។ នោះ គឺអ្នកចម្រៀងស្រីសំឡេងពីរោះស្រាលស្រទន់ សុង សេងហ៊ន។
អ្នកស្រី សុង សេងហ៊ន គឺជាតារាចម្រៀងខ្មែរម្នាក់ដែលមានភ័ព្វសំណាងរួចផុតពីរបបកាប់សម្លាប់ដ៏យង់ឃ្នង ប៉ុល ពត ចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ ហើយក្រោយមកអ្នកស្រី និងគ្រួសារ បានភៀសខ្លួនចេញទៅរស់នៅទឹកដីសហរដ្ឋអាមេរិក ដោយពឹងលើការបើកបណ្ណាល័យមួយឈ្មោះថា"សាយន្ដណ្ណារា" ដើម្បីថតកាសែត និងថាសចម្រៀងលក់ចាប់ពីឆ្នាំ១៩៨២។ ប្រភពខ្លះថា ទីតាំងអាជីវកម្ម និងទីលំនៅរបស់អ្នកស្រី សុង សេងហ៊ន សព្វថ្ងៃនៅរដ្ឋញូជើស៊ី និងខ្លះថានៅរដ្ឋផេនស៊ីលវ៉ានីញ៉ា។
ដើម្បីទុកជាអនុស្សាវរីយ៍មួយដល់អ្នកសិល្បៈ ឬក្មេងៗជំនាន់ក្រោយៗលើតារាចម្រៀងស្រី សុង សេងហ៊ន នៅថ្ងៃនេះ Sabay សូមលើកយកជីវប្រវត្តិសង្ខេប ជីវិតសិល្បៈ និងស្នាដៃរបស់អ្នកស្រី មកជម្រាបជូនប្រិយមិត្តដោយផ្នែកលើប្រភព៖វិគីភីឌា និងប្រភពមួយចំនួនទៀត។
"ប្រវត្តិគ្រួសារ និងការសិក្សា" អ្នកស្រី សុង សេងហ៊ន បានកើតនៅរាជធានីភ្នំពេញ ហើយអ្នកស្រីជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតទាំងអស់៤នាក់ ពោលគឺស្រី២នាក់ និងប្រុស២នាក់។ ចំពោះប្រវត្តិ នៃការសិក្សាវិញ អ្នកស្រី សុង សេងហ៊ន ធ្លាប់រៀននៅសាលាបឋមសិក្សា ពៅ អ៊ុំ ដែលបច្ចុប្បន្នក្លាយទៅជាសាលាបឋមសិក្សាទួលគោក។ ក្រោយមកអ្នកស្រីក៏បានបន្តការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
"ស្ថានភាពផ្លាស់ប្ដូរទីលំនៅ" លុះមកដល់របបខ្មែរក្រហម អ្នកស្រីត្រូវបានគេជម្លៀសទៅកាន់ស្រុកភ្នំស្រុក ខេត្តបាត់ដំបង ដែលបច្ចុប្បន្នកាត់ចូលក្នុងទឹកដីរដ្ឋបាលខេត្តបន្ទាយមានជ័យវិញ។ នៅឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមបានដួលរលំ ក្រុមគ្រួសារអ្នកស្រីសុង សេងហ៊ន បានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក ហើយបានបង្កើតបណ្ណាល័យមួយឈ្មោះ"សាយណ្ហណារ៉ា" ដើម្បីប្រកបអាជីវកម្មថតកាសែត និងថាសចម្រៀង។
"ជីវិតសិល្បៈ និងភាពល្បីល្បាញ" អ្នកស្រី សុង សេងហ៊ន បានចាប់អាជីពជាតារាចម្រៀងឱ្យបណ្ណាល័យ"សាយណ្ហណារ៉ា" នៅឆ្នាំ១៩៨២។ បទចម្រៀងរបស់អ្នកស្រីទាំងអស់ សុទ្ធតែថតឱ្យបណ្ណាល័យមួយនេះ ពោលគឺអ្នកស្រីពុំដែលបានថតឱ្យផលិតកម្មណាផ្សេងឡើយ សូម្បីតែច្រៀងតាមវេទិកាប្រគំតន្រ្តីនានា ឬចូលរួមច្រៀងជាកិត្តិយសក្នុងកម្មវិធីណាមួយក៏មិនដែលផង។
បទចម្រៀងរបស់អ្នកស្រីមានលក្ខណៈពិសេសត្រង់ថាបទភាគច្រើនគឺអ្នកស្រីជាអ្នកនិពន្ធដោយខ្លួនឯងផ្ទាល់។ ក្នុងអំឡុងទសវត្សទី៩០ បទចម្រៀងរបស់អ្នកស្រីសុង សេងហ៊ន បានទទួលការពេញនិយមគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ខ្មែរគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។
ជាញឹកញាប់ នៅក្នុងកម្មវិធីសំណូមពរបទចម្រៀងនាសម័យនោះ គេតែងឮប្រិយមិត្តអ្នកស្ដាប់សំណូមពរឱ្យចាក់បទចម្រៀងរបស់អ្នកចម្រៀងរូបនេះទាំងនៅស្ថានីយវិទ្យុក្នុងប្រទេសកម្ពុជាទាំងនៅវិទ្យុសំឡេងសហរដ្ឋអាមេរិក ព្រោះគេយល់ថាទឹកដមសំឡេងអ្នកស្រីពីរោះលន្លង់លន្លោចស្រាលស្រទន់សក្ដិសមទាំងបទមនោសញ្ចេតនាទាំងបទញាក់កន្ត្រាក់អារម្មណ៍។
តារាចម្រៀងល្បីៗជំនាន់អ្នកស្រី សុង សេងហ៊ន មានដូចជា៖ លោកកែវ សារ៉ាត់ លោក ឈួយ សុភាព លោក ទឹង ភិរម្យ អ្នកស្រី ឡុងស៊ីដា និងអ្នកស្រី ដួង ម៉ាឡៃ ជាដើម។ បទចម្រៀងល្បីៗរបស់អ្នកស្រី សុង សេងហ៊ន រួមមាន៖ សម្រាប់បទមនោសញ្ចេតនា
២/បទទឹកភ្នែកសម្ងាត់ ឬខ្នើយប៉ាក់ ២/បទវីយូឡុងស្នេហា ៣/បទខ្ញុំបានរូបថតគេបានបង ៤/បទដល់វេលាត្រូវសារភាព5/បទសុំបេះដូងមួយចំណែក ៦/បទយកចិញ្ចៀនពេជ្រទៅវិញចុះ ៧/បទស្នេហ៍វ័យកុមារ ៨/បទឆ្នាំមុន ៩/បទនរណាធ្វើឱ្យអូនយំ ១០/បទច័ន្ទរះក្នុងចិត្តក្រមុំ ១១/បទអប្សរាសក់ខ្មៅ ១២/បទដប់ឆ្នាំចាំស្នេហ៍ ១៣/បទទន្លេផ្ញើទុក្ខ ១៤/បទនិស្ស័យតារា ១៥/បទសុបិន្តតែបង ១៦/បទស្នេហ៍ឬមិត្ត ១៧/បទថ្ងៃនេះបងក្បត់ ១៨/បទឈឺចិត្ត ១៩/បទផ្កាក្នុងរបង ២០/បទស្នេហ៍យាយតា ២១/បទបណ្ដាំឦសាន និង២២/បទGood Bye My Love ជាដើម។
ចំណែកបទញាក់វិញមានដូចជា៖ ១/បទអញ្ជើញចូលចុះបើស្រឡាញ់ ២/បទក្រមុំខ្ញុំអ្នកណាសង ២/បទវិលវិញហើយស្នេហ៍ស្នង ៣/បទវ៉ែនតាខ្មៅអាវស្បែក ៤/បទបោកកូនជ្រូកទៅលេងស្រុក ៥/បទចង់តែស្លាប់ ៦/បទឌិបឌិបអ៊ូយ ៧/បទចាប់ក្ដាម ៨/បទចេះតែស្រៈអួយ ៩/បទចាក់ចូចបានបុណ្យ ១០/បទកណ្ដឹងស្នេហ៍ ១១/បទកុំបោះបង់ផ្កា ១២/បទឃើញហើយក៏ហួសចិត្ត ១៣/បទឡាំភ្លើនបាំងកាឡូ ១៥/បទផ្កាកុលាបស ១៦/បទពើតឱរ៉ា និង១៧/បទជឿមិនបាន ជាដើម។
បច្ចុប្បន្នអ្នកស្រី សុង សេងហ៊ន និងគ្រួសារ បានប្រើជីវិតរស់នៅយ៉ាងសាមញ្ញនៅលើទឹកដីសហរដ្ឋអាមេរិក។ បន្ថែមលើការបើកបណ្ណាល័យលក់ថាសបទចម្រៀង មានប្រភពខ្លះឲ្យដឹង អ្នកស្រីកំពុងធ្វើការងារបន្ថែមនៅក្នុងក្រុមហ៊ុនមួយដែលមានតួនាទីជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ នៅរដ្ឋNew Jursey សហរដ្ឋអាមេរិក៕