ថ្មី​ហើយ​ប្លែក​ពី​គេ! ផាន់ រុង ថា​បទ​ថ្មី​ត្រូវ​ចេញ​បន្តិច​ទៀត​នេះ​អាច​ស្ដាប់​បាន​ទាំង​ខ្មែរ និង​បរទេស

  • 2021-06-29 02:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ចម្រៀង​វ័យក្មេង​លោក ផាន់ រុង ដែល​មាន​សមត្ថភាព​និពន្ធ ហើយ​សម្ដែង ឬ​ច្រៀង​ដោយ​ខ្លួន​ឯង​នោះ បាន​ប្រកាស​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា លោក​នឹង​មាន​កាដូ​ជូន​អ្នក​គាំទ្រ​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០២១។ នោះ គឺ​បទ​ចម្រៀង​បែប​ហីប​ហប់​១​បទ​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី២៩ ខែ​មិថុនា នេះ។

ផាន់ រុង បាន​ប្រាប់​Sabay នៅ​មុន​នេះ​បន្តិច​ថា រូប​លោក​ដែល​ជា​អ្នក​និពន្ធ និង​ច្រៀង​បទ​នេះ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ក៏​មាន​អារម្មណ៍​ប្លែក ហើយ​ចង់​ឲ្យ​បទ​នេះ​ចេញ​ភ្លាមៗ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​បាន​ដឹង​នូវ​ស្ដាយ​ប្លែក​ៗ​ពី​លោក និង​ក្រុម​ការងារ​លើ​បទ​ចម្រៀង​ដ៏​កម្រ​មួយ​នេះ។

ផាន់ រុង៖"ខ្ញុំ​មាន​អារម្មណ៍​ប្លែក​ជាមួយ​បទ​នេះ ហើយ​ចង់​ចេញ​បទ​ហ្នឹង ដើម្បី​ឲ្យ​ហ្វេនៗ​បាន​ដឹង​ថា...អូហ៍ ផាន់ រុង បាន​ធ្វើ​បទ​ថ្មី​ហើយ​ប្លែក​ដែល​ជា​ប្រភេទ​ផ្លាស់​ប្ដូរ​ពី​ខ្ញុំ​ដែល​ធ្លាប់​ច្រៀង​បទ​កន្ទ្រឹប និង​បទ​បែប​ស្វីតៗ មក​ជា​របៀប​ហីប​ហប​ដែល​ប្រិយមិត្ត​អាច​ស្ដាប់​បាន​ទាំង"។

ផាន់ រុង ចម្រៀង​MVដែល​លោក​អះអាង​ថា ថ្មី​ហើយ​ប្លែក​អារម្មណ៍​សម្រាប់​អ្នក​ទស្សន៍ ឬ​ស្ដាប់​នេះ នឹង​ចេញ​នៅ​លើ​Page Youtube និង​គណនី​Facebook របស់​លោក​នៅ​បន្តិច​ទៀត​នេះ។ គេ​សង្កេត​ឃើញ​ថា​តារា​ចម្រៀង និង​សម្ដែង​មក​ពី​ខេត្ដ​បន្ទាយ​មាន​ជ័យ​រូប​នេះ អាក់ខាន​ចេញ​បទ​ចម្រៀង​ជា​យូរ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​ស្ថានភាព នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩ វាយ​លុក​ខ្លាំង តែ​គេ​ឃើញ​លោក​ចេញ​នូវ​រឿង​ខ្លីៗ​ជា​ច្រើន​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​តែ​មួយ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ