ថ្ងៃនេះ រំលឹក​រឿងប្រាសាទ​ព្រះវិហារ​ ផង ខាត់ សុឃីម និង​មាស សាលី ប្រតិកម្ម​ខ្លាំង​ៗ​រឿង​សៀម​ចម្លង​ប្រាសាទ​ខ្មែរ

  • 2021-07-07 03:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ ជា​ខួប​១៣​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក(០៧ កក្កដា ឆ្នាំ​២០០៨ ដល់​០៧ កក្កដា ឆ្នាំ​២០២១)។ នៅ​មុន​២​ថ្ងៃ និង​ក្នុង​ថ្ងៃ​រំលឹក​ខួប​១៣​ឆ្នាំ​នេះ មាន​សិល្បករ-សិល្ប​ការិនី​មួយ​ចំនួន បាន​និយាយ​ពី​កេរ្តិ៍មរតក​ជាតិ​ខ្មែរ ជា​ពិសេស​ប្រតិកម្ម​រឿង​ថៃ​សង់​ប្រាសាទ​១​ស្រដៀង​ប្រាសាទ​អង្គរ​វត្ត​ខ្មែរ។

តារា​ស្រី​ពហុ​ជំនាញ ខាត់ សុឃីម និយាយ​ថា នាង​មាន​មោទនភាព​ណាស់​ដែល​ដឹង​ថា​ចោរ​រមែង​តែងតែ​ចង់​បាន និង​ប្រឹង​លួច​ចម្លង​សិល្បៈ​វប្បធម៌​ដូច​ជា​ប្រាង្គ​ប្រាសាទ​ដែល​ជា​កេរ្ដិ៍​ដូនតា​ខ្មែរ​បន្សល់​ទុក។ ប៉ុន្ដែ​នាង​សែន​មហា​ខ្មាស​ពេល​ដែល​ខ្មែរ​មួយ​ចំនួន​តូច​កំពុង​លួច​ចម្លង និង​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​របស់​គេ​យ៉ាង​គឃ្លើន រហូត​ដល់​អ្នក​ខ្លះ​ឈ្លោះ​ប្រជែង​រត់​សុំ​ទិញ​របស់​គេ​យក​​មក​ចាក់​ផ្សាយ និង​បញ្ចេញ​សំនៀង​ស្ទើរ​ដាច់​ក្រឡើត ដើម្បី​កម្រៃ​ផ្ទាល់​ខ្លួន។

ខាត់ សុឃីម៖"ចុង​បញ្ចប់​ខ្ញុំ​ចង់​និយាយ​ថា​របស់​ពិត​គឺ​ជា​ទី​ទាក់ទាញ​អ្នក​ចង់​ឃើញ មិនមែន​របស់​អាលួយ(រលួយ)ចម្លង​គេ​នោះ​ទេ! យើង​មាន​ហើយ​ប្រឹង​ផ្សព្វផ្សាយ​ទៅ ទើប​សម​ជា​អ្នក​មិន​រមិលគុណ​ដូនតា"។

ចំណែក​តារា​ចម្រៀង​ប្រុស មាស សាលី វិញ។ លោក​បាន​អំពាវនាវ​ឲ្យ​កូន​ខ្មែរ​មួយ​ចំនួន​ដែល​មាន​ទម្លាប់​ផឹកស៊ី សប្បាយ​ក្អាកក្អាយ​គួរ​កាត់បន្ថយ​ខ្លះ ហើយ​យក​ពេល​ទៅ​គិត​រឿង​ជាតិ​ខ្លះ ព្រោះ​លោក​យល់​ថា​ប្រទេស​ជិត​ខាង​យើង​ខ្លះ​ពុំ​មាន​ភាព​ស្មោះត្រង់ ពោល​គឺ​រង់ចាំ​តែ​សង្គ្រុប​យក​ប៉ុណ្ណោះ។

មាស សាលី៖"ប្រទេស​យើង​រាល់​ថ្ងៃ​នេះ មិន​ទាន់​ស្ថិតនៅ​ទី​ទួល​សុវត្ថិភាព​នៅ​ឡើយ​ទេ ព្រោះ​អា​ពីរ​សង​ខាង​យើង​មិន​ដែល​លែងដៃ​ពី​យើង​ម្ដង​ណា​ឡើយ វា​ចាំ​តែ​សង្គ្រុប​គ្រប់​ពេល។ សូម​ឲ្យ​អំណាច​បារមី ទឹកដី​ម្ចាស់​អង្គរ​វាយ​បំបាក់​ប្រទេស​ចោរ​ទាំង​ពីរ​នេះ​ឲ្យ​រលាយ​ទៅ"។

តារា​ចម្រៀង និង​សម្ដែង​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​បាន​យក​គណនី​Facebook និង​បណ្ដាញ​សង្គម​ដទៃ​ទៀត​ទៅ​ធ្វើ​ជា​វេទិកា​បញ្ចេញ​មតិ​រៀង​ៗ​ខ្លួន។ ក្នុង​នោះ​មាន​ដូច​ជា៖ តារា​ចម្រៀង និង​សម្ដែង ខាត់ សុឃីម តារា​សម្ដែង​ប្រុស ព្រីន តារា​សម្ដែង ម៉ាក់ សែនសូនីតា តារា​ចម្រៀង កែវ វាសនា តារា​ចម្រៀង សំ សុវណ្ណារ៉ាក់ តារា​ចម្រៀង ករុណា ពេជ្រ តារា​សម្ដែង ឌួង ហ្សូរីដា និង​តារា​ចម្រៀង​ប្រុស​កំពុង​រស់នៅ​ក្រៅ​ប្រទេស មាស សាលី ជា​ដើម​សុទ្ធតែ​និយាយ​រឿង​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ