អរ​ជំនួស ចម្រៀង Cover រហូត​ល្បី​ខ្លាំង ឥឡូវ សួ វិចិត្រ មាន​ខាង​អាមេរិក​ផង កូរ៉េ​ផង​ទាក់​ទង​ហើយ

  • 2021-07-08 04:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួ វិចិត្រ ដែល​ដើម​ឡើយ​អ្នក​ចម្រៀង​នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​នៅ​ខេត្ត​ពោធិសាត់​នោះ ពេល​នេះ បាន​ក្លាយ​ជា​តារា​ចម្រៀង​ពេញ​និយម​មួយ​រូប ដោយ​ការ​ច្រៀង Cover និង​បទ​ផ្ទាល់​ខ្លួន​ជា​​ច្រើន រហូត​ដល់​មាន​​ម្ចាស់​ឧបត្ថម្ភ​ក្រៅ​ប្រទេស​ទាក់​ទង​មក​ហូរហែហើយ។

នេះ​អាច​និយាយ​បាន​ថា​ជា តារា​ចម្រៀង Cover ទី​១​ដែល​ល្បី​ឈ្មោះ​ខ្លាំង​រហូត​ដល់​ម្ចាស់​ឧបត្ថម្ភ​នៅ​ក្រៅ​ប្រទេស​បាន​មើល​ឃើញ។ តាម​សាមី​ខ្លួន​បាន​ឲ្យ​ដឹង​ថា មាន​ម្ចាស់​ឧបត្ថម្ភ​ចំនួន​២ ក្នុង​នោះ​១​នៅ​អាមេរិក និង​មួយ​ទៀត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ចាប់​អារម្មណ៍​នាំ​យក​រូប​គេ​ទៅ​ច្រៀង​បំពេរ​អារម្មណ៍​បង​ប្អូន​ខ្មែរ​ដែល​នៅ​ប្រទេស​ទាំង​ពីរ​នេះ។

ចាប់​ផ្ដើម​ជីវិត​យ៉ាង​លំបាកលំបិន ដោយ រក​តែ​បាយ​ហូប​សឹង​មិន​បាន វិចិត្រ ប្រាប់​ថា លោក​មិន​ដែល​ស្រមៃ​សោះ​ឡើយ អាច​មាន​ការ​ហៅ​ទៅ​ច្រៀង​នៅ​បរទេស​បែប​នេះ។ ដូច្នេះ​ហើយសម្រាប់​លោក នេះ​គឺ​​ជា​​រឿង​នឹក​ស្មាន​មិន​ដល់​ទាល់​តែ​សោះ។ វិចិត្រ បាន​ចាប់​ផ្ដើម​ច្រៀង Cover ដាក់​លើ​យូធូប​ដំបូង​កាល​ពី​ប្រមាណ​ជាង​១​ឆ្នាំ​មុន​ប៉ុណ្ណោះ។

ធ្វើ​បែប​នេះ លោក​ថា ដើម​ឡើយ គឺ​​គ្រាន់​តែ​រក​ប្រាក់​ពី Youtube រំដោះ​ខ្លួន​ពី​ភាព​ទ័ល​ក្រ​ប៉ុណ្ណោះ ព្រោះ​មិនដឹង​ថា​ត្រូវ​ធ្វើ​អ្វី ដោយ​មិន​រំពឹង​បាន​ល្បី​ឈ្មោះ​អី​នោះ​ទេ។ ប៉ុន្តែ​ក្រោយ​ពី​លោក​បាន​ច្រៀង Cover បទ "ឧបសគ្គ​ស្នេហ៍" របស់​តារាចម្រៀង ហាក់ រីខត ដាក់​លើ TikTok ផ្ទុះ​ខ្លាំង​មក លោក​ក៏​ចាប់​ផ្ដើម​មាន​គេ​ស្គាល់ និង​គាំទ្រ​ខ្លាំង​ៗ​ឡើង​ៗ។

សួ វិចិត្រ មាន​សំឡេង​ល្អ ធ្ងន់ និង​ចេះ​ប្រើ​សំឡេង​បាន​ល្អ។ បន្ថែម​ពី​លើ​គុណ​សម្បត្តិ​ទាំង​នេះ លោក​ថែម​ទាំង​អាច​ច្រៀង​បាន​ស្ទើរ​គ្រប់​ប្រភេទ​បទ​ចម្រៀង​កម្រ​រក​បាន ក្នុង​នោះ​លោក​អាច​ច្រៀង​បាន​ទាំង​ប្រភេទ​បទ​យុវវ័យ បទ​ប្រជាប្រិយ និង​អាច​ច្រៀង​បទ​​ប្រភេទ​តុង​ខ្ពស់​ៗ​បាន​យ៉ាង​ល្អ​ថែម​ទៀត។ ដោយ​សារ​បែប​នេះ បូក​ផ្សំ​នឹង​អត្តចរិត​ឬកពាក​សុភាព និយាយ​ស្ដី​ដឹង​ខុស​ត្រូវ ចេះ​ឱន​លំទោន វិចិត្រ ទទួល​បាន​ការ​គាំទ្រ និង​ចូល​ចិត្ត​យ៉ាង​ច្រើន។

ស្ថានភាព​បែប​នេះ លោក​ថា ការងារ​កាន់​តែ​អំណោយ​ផល ដោយ​ក្នុង​នោះ​លោក​ត្រូវ​បាន​ម្ចាស់​កម្មវិធី ការ ខួប​កំណើត និង​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ហៅ​លោក​ឡើង​ច្រៀង​ហូរហែ ដែល​ធ្វើ​លោក​អាច​រក​ប្រាក់​បាន​កាន់​តែ​​ច្រើន​ជាង​មុន។ រឹត​តែ​ពិសេស គឺ​មាន​បង​ប្អូន​ខ្មែរ​នៅ​បរទេស​ក៏​ស្រឡាញ់​ចូល​ចិត្ត​ រហូត​មាន​ម្ចាស់​ឧបត្ថម្ភ​ចង់​នាំ​យក​លោក​ទៅ​ច្រៀង​ថែម​ទៀត។

តាម វិចិត្រ ម្ចាស់​ឧបត្ថម្ភ​នៅ​អាមេរិក និង​កូរ៉េ បាន​ទាក់​ទង​មក​លោក​ថ្មី​ៗ ក្នុង​បំណង​នាំ​លោក​ទៅ​ច្រៀង​នៅ​ប្រទេស​ទាំង​ពីរ។ យ៉ាង​ណា លោក​មិន​ទាន់​សម្រេច​ចិត្ត​បែប​ណា​នៅ​ឡើយ។ លោក​ថា លោក​រីករាយ​ខ្លាំង​នឹង​ឱកាស​នេះ ប៉ុន្តែ​អ្វី​ដែល​កំពុង​គិត គឺ​ស្ថានភាព​កូវីដ​១៩ ដែល​ធ្វើ​ឲ្យ​ស្ទាក់​ស្ទើរ និង​មិន​ទាន់​ហ៊ាន​សម្រេច​ចិត្ត។

“ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​បង គ្រាន់​តែ​មាន​គេ​​ទាក់ទង​មក តែ​អ្វី​ដែល​កំពុង​គិត​គឺ​រឿង កូវីដ១៩...ពិបាក​ណាស់​បង...លឺ​ថា​ទៅ​គេ​ឃុំ ១៤​ថ្ងៃ មក​គេ​ឃុំ ១៤ថ្ងៃ ហឺ...ខាង​កូរ៉េ លឺ​ថា គេ​ដឹង​តែ​ឃុំ​ហើយ តែ​អាមេរិក​អត់​ទាន់​ដឹង​ថា​ម៉េច...ដល់​អីចឹង​ពិបាក​ណាស់​បង ខ្ញុំ​អត់​ទាន់​ដឹង​ថា​ម៉េច​ទេ!”។

ថ្មី​ៗ​នេះ គេ​ឃើញ សួ វិចិត្រ បាន​ស្វះស្វែង​រក​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន។ ចំណុច​នេះ វិចិត្រ ប្រាប់​ថា លោក​ធ្វើ​ទុក​ឲ្យ​ហើយ ប្រសិន​បើ​អ្វី​ៗ​ល្អ​ប្រសើរ លោក​នឹង​ឆ្លើយ​អូខេ​ភ្លាម​ៗ​ទៅ​ម្ចាស់​ឧត្ថម្ភ​ទាំង​កូរ៉េ និង​អាមេរិក។ តាម​តារា​ចម្រៀង ប្រសិន​បើ​កូវីដ១៩ មិន​រាំង​ស្ទះ ក្នុង​រង្វង់​ខែ តុលា ២០២១ ខាង​មុខ លោក​អាច​ចេញ​ទៅ​ច្រៀង​នៅ​កូរ៉េ​ជា​លើក​ទី​១។ ដោយ​ឡែក អាមេរិក ក៏​អាច​ទៅ​នៅ​តំណាក់​កាល​បន្ទាប់​ប្រសិន​បើ​ស្ថានភាព​កូវីដ​បាន​ធូរស្រាល​ដែរ៕

អត្ថបទ៖ ទារិកា