អស់​ពី​នាង​ខ្ញុង ឥឡូវ​មកដល់នាយ​ក្ដី​ម្នាក់​ទៀត ប្រកាស​បោះបង់​អាជីព​សិល្បៈ ហើយ​លើក​ហេតុផល​ស្រដៀងគ្នា

  • 2021-07-13 08:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជា​ពិសេស​អ្នក​គាំទ្រ មាន​ការ​ភ្ញាក់ផ្អើល​ក្រោយ​ពី​តារា​សម្ដែង និង​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN អ្នកនាង សេង សុកាន់ដា ហៅ​ខ្ញុង បន្ទាប់​ពី​នាង​ប្រកាស​ដើរ​ចេញ​ពី​សិល្បៈ ពោល​គឺ​បញ្ចប់​អាជីព​កំប្លែង​របស់​នាង ហើយ​ងាក​ទៅ​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​វិញ​ម្ដង។

នាង​ខ្ញុង​ដែល​ជា​ដៃគូ​សម្ដែង​យ៉ាង​សាក​សម​ជាមួយ​នឹង​លោក ចែម ចាន់រ៉ា ហៅ​នាយ​ពាក់មី ទាំង​នៅ​លើ​ឆាក នៃ​ស្ថានីយ​ទូរទស្សន៍​ផ្ទាល់ ទាំង​ការ​ថត​ក្នុង​កម្មវិធី"បាន​មើល​បាន​សើច" ក្រោម​ការ​សម្របសម្រួល និង​ដឹកនាំ​សម្ដែង​ដោយ​លោក​តា វ៉ិចទ័រ។ ខ្ញុង អះអាង​តាម​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា នាង​មាន​មុខរបរ និង​ជំនាញ​លក់​ផលិត​ផលតាម​អនឡាញ។

ក្រោយ​ពី​ប្រកាស​ដើរ​ចេញ​ពី​សិល្បៈ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​លោក ឈុន សុវណ្ណ​ភក្ដី ហៅ​នាយ​ក្ដី ធ្លោយមាត់​ថា លោក​នឹង​ចេញ​ពី​អាជីព​សិល្បៈ​ដូច​រៀមច្បង គឺ​នាង​ខ្ញុង​ដែរ ព្រោះ​លោក​មាន​មុខរបរ​អាច​រស់​បាន​ដោយ​មិន​ចាំបាច់​ប្រឡូក​ក្នុង​អាជីព​សម្ដែង និង​កំប្លែង​តទៅ​ទៀត។

"Sabay៖ បង​ភ្ញាក់​ផ្អើល​ដែរ​ក្រោយ​ខ្ញុង​ប្រកាស​ចេញ​ពី​សិល្បៈ ហើយ​ឥឡូវ​មក​អូន​ឯង​ទៀត...ដើរ​ចេញ​នឹង​មាន​ហេតុ​ផល​តែ​មាន​មុខរបរ​ផ្ទាល់​ខ្លួន​មួយ​ទេ? ឬ​មាន​ការ​អន់​ចិត្ត​ក្នុង​ក្រុម​ហើយ​ដើរ​ចេញ? នាយ​ក្ដី៖សុំ​ទោស​បង...អា​ហ្នឹង​រឿង​ផ្ទាល់​ខ្លួន​ក្នុង​ក្រុម មិន​អាច​និយាយ​បាន​ទេ តែ​បើ​ការងារ​រង់ចាំ​តែ​ថត​រឿង​កំប្លែង​ហ្មង...ខ្ញុំ​សម្រេច​ថា​ឈប់​ហើយ"។

លោក ឈុន សុវណ្ណ​ភក្ដី បាន​ប្រឡូក​ចូល​ក្នុង​សិល្បៈ​តាម​រយៈ​អាជីព​សម្ដែង​តាំង​ពី​ឆ្នាំ​២០១៦។ មុខមាត់ និង​កេរ្តិ៍ឈ្មោះ​របស់​លោក​ចាប់​ផ្ដើម​ល្បី​ខ្លាំង​ក្រោយ​ពី​បាន​ចូល​ក្រុម​សម្ដែង​នាយ​ពាក់​មី​ទាំង​នៅ​លើ​ឆាក និង​ថត​ក្នុង​កម្មវិធី"បាន​មើល​បាន​សើច"។ មុខរបរ​ដែល​លោក​សម្រេច​ចាប់​យក បន្ទាប់​ពី​បោះបង់​អាជីព​សម្ដែង​នោះ គឺ​រមនីយដ្ឋាន"ស្រះ​ត្រី​នាយ​ក្ដី" ស្ថិតនៅ​តាម​បណ្ដាយ​ផ្លូវ​ជាតិ​លេខ​៥១ ម្ដុំ​ផ្សារ​បាត់​ដឹង។ លោក​ថា រមណីយដ្ឋាន​នេះ បើក​ដំណើរ​បាន​៣​ខែ​ហើយ។

លោក ឈុន សុវណ្ណ​ភក្ដី ហៅ​នាយ​ក្ដី និង​អ្នក​នាង សេង សុកាន់ដា ហៅ​ខ្ញុង គឺ​ជា​តួ​អង្គ​សំខាន់​ៗ​ក្នុង​ក្រុម​សម្ដែង​របស់​នាយ​ពាក់​មី​ដែរ។ អ្នក​គាំទ្រ​ខ្លះ​មាន​ចម្ងល់​ថា​ហេតុ​អ្វី​បាន​ជា​តារា​សម្ដែង​ទាំង​២​នាក់ ប្រកាស​ចេញ​ពី​សិល្បៈ​ព្រម​ៗ​គ្នា​ដូច្នេះ? Sabay មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​លោក សុវណ្ណ រិទ្ធី ហៅ​លោក​តា​វ៉ិចទ័រ ដើម្បី​លម្អិត​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​តាម​សម្ដី​តារា​ទាំង​២​ដួង​នេះ សុទ្ធតែ​អះអាង​ថា ពួកគេ​ឈប់​ដោយ​សារ​មាន​មុខ​របរ​ផ្ទាល់​ខ្លួន​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ