គាប់ជួននឹងការរំលឹកអនុស្សាវរីយ៍២០ឆ្នាំមុនជាមួយប៉ា ទូច ស៊ុននិច ថានាងនឹងចេញទៅហូឡង់ដ៍ឆាប់ៗនេះ
- 2021-07-14 07:37:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គាប់ជួននឹងការរំលឹកអនុស្សាវរីយ៍២០ឆ្នាំមុនជាមួយប៉ា ទូច ស៊ុននិច ថានាងនឹងចេញទៅហូឡង់ដ៍ឆាប់ៗនេះ
ចន្លោះមិនឃើញ
នៅពាក់កណ្ដាលខែកក្កដា កាលពី២០ឆ្នាំមុន តារាចម្រៀងសំឡេងពីរោះរណ្ដំចិត្តមិត្តអ្នកស្ដាប់ស្ទើរគ្រប់ស្រទាប់ គឺអ្នកនាង ទូច ស៊ុននិច កំពុងមានវត្តមាននៅឆាកប្រគំតន្ត្រីក្នុងប្រទេសមួយនៅប៉ែកអឺរ៉ុបដែលមានសេដ្ឋកិច្ចជឿនលឿន និងស៊ីវិល័យ។ នោះគឺប្រទេសហូឡង់ ហើយនៅថ្ងៃនេះ នាងបង្ហើបថានឹងទៅកាន់ទីនោះម្ដងទៀតក្នុងពេលឆាប់ៗនេះ។
តារាចម្រៀងស្រីដែលកំពុងរស់នៅ និងព្យាបាលរបួសនៅលើទឹកដីសហរដ្ឋអាមេរិក ក្រោយពីជនមិនស្គាល់មុខប៉ុនប៉ងផ្ដាច់ជីវិតរបស់នាងនៅកម្ពុជាកាលពីពេលកន្លងទៅអ្នកនាង ទូច ស៊ុននិច្ច បានបង្ហោះសារមួយតាមបណ្ដាញសង្គមFacebook នៅថ្ងៃទី១៤ ខែកក្កដា ជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា៖"ជួបគ្នាឆាប់ៗនៅប្រទេសហូឡង់"។
ទន្ទឹមនឹងការប្រាប់ដំណឹងទៅជួបអ្នកគាំទ្រនេះ ទូច ស៊ុននិច្ច ក៏បានបង្ហាញរូបថតអនុស្សាវរីយ៍មួយប៉ុស្ដិ៍ជាមនឹងលោកប៉ាកាលពី២០ឆ្នាំមុននៅលើទឹកដី នៃប្រទេសនេះដែរ៖"រូបនេះថតជាមួយលោកប៉ាពេលដែលនាងខ្ញុំទៅសម្ដែងនៅប្រទេសហូឡង់ឆ្នាំ២០០១។ នឹករលឹកដល់បងប្អូនទាំងអស់គ្នា"។
គិតត្រឹមឆ្នាំ២០២១ នេះ តារាចម្រៀង ទូច ស៊ុននិច មានវ័យ៤១ឆ្នាំហើយ។ អ្នកនាង បានប្រឡូកក្នុងវិស័យសិល្បៈផ្នែកចម្រៀងតាំងពីអំឡុងឆ្នាំ១៩៨៩ ហើយដៃគូចម្រៀងដែលនាងច្រៀងនៅស្រុកខ្មែរញឹកញាប់កាលពីមិនទាន់ជួបគ្រោះថ្នាក់នោះ មាន២រូប គឺលោក ណូយ វណ្ណេត និងលោក សួស សងវិចា។
ត្បិតថានាងមិនទាន់បានជាសះស្បើយពីមុខរបួសដែលជនមិនស្គាល់មុខបាញ់នោះ ប៉ុន្តែនៅតែអាចច្រៀងតាមឆាកប្រគំតន្ត្រីនៅសហរដ្ឋអាមេរិក និងនៅប្រទេសប៉ែកអ៊ឺរ៉ុបមួយចំនួនទៀតដែលមានបងប្អូនខ្មែររស់នៅ ហើយតែងតែអញ្ជើញនាងឲ្យទៅច្រៀង៕