ទើប​ថត​រឿង​ទី២ បាន​១០% សេង រដ្ឋា រត់​ស្ទើរ​ធ្លាក់​ហឺយ ហើយ​នាង​ថា​កំពុង​ស្វែងយល់​ពី​រៀមច្បង ខាត់ វ៉ៃហាំង

  • 2021-07-21 08:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កសាង​កេរ្តិ៍ឈ្មោះ​យ៉ាង​សម្បើម​លើ​ឆាក​ប្រកួត​បវរកញ្ញា​ឆ្នាំ​២០២០ និង​ការងារ​ដើរ​ម៉ូត​ជា​ហូរហែ កញ្ញា សេង រដ្ឋា រវល់​នឹង​ការងារ​សិល្បៈ​រក​តែ​ពេល​ហូបបាយ​ស្ទើរ​មិន​បាន។ ត្បិត​ថា​ក្រៅ​ពី​ការងារ​ដើរ​ម៉ូត សេង រដ្ឋា ទើប​តែ​ចាប់​បាន​ឱកាស​សម្ដែង​ខ្សែភាពយន្ត​ភាគ​ទី២​របស់​ខ្លួន តែ​នាង​ហាក់​ហត់នឿយ​ណាស់ ព្រោះ​តែ​នាង​ត្រូវ​រៀន​សូត្រ​ច្រើន​ពី​ការងារ។

កញ្ញា សេង រដ្ឋា ប្រាប់​Sabay ថា នៅ​អំឡុង​ពេល​ដ៏​មមាញឹក​នេះ នាង​ក៏​ទទួល​បាន​ការ​ទាក់ទង​ពី​ក្រុមហ៊ុន​ផលិត​ស្ពត​ពាណិជ្ជកម្ម និង​ផលិតកម្ម​ខ្លះ​ដែរ ប៉ុន្ដែ​នាង​បដិសេធ​មិន​ហ៊ាន​ទទួល​ដោយ​ខ្លាច​រត់​មិន​រួច។ ជាក់​ស្ដែង​សម្រាប់​រឿង"ស្នេហ៍​ឥត​ព្រាង" ទើប​តែ​ថត​បាន​ប្រហែល​១០% នាង​ត្រូវ​រៀន​សូត្រ​ច្រើន​ពី​តិចនិក នៃ​ការ​សម្ដែង​ពី​ដៃគូ​សម្ដែង​ប្រុស គឺ​ខាត់ វ៉ៃហាំង និង​សិល្បករ-សិល្ប​ការិនី​រៀមច្បង​ជា​ច្រើន​នាក់​ទៀត ដើម្បី​មាន​ភាព​រលូន​ក្នុង​ការ​សម្ដែង។

សេង រដ្ឋា៖"អត់​សូវ​មាន​ទំនេរ​នៅ​ផ្ទះ​ទេ ខ្ញុំ​ចេញ​ថត​បាត់! ហើយ​រឿង​ទី២​ហ្នឹង...ខ្ញុំ​ត្រូវ​ស្វែងយល់​ពី​សិល្បករ​រៀមច្បង​ច្រើន​ណាស់ ព្រោះ​ខ្ញុំ​ត្រូវ​ជួប​សម្ដែង​ជាមួយ​តួ​ដូច​ជា​បង​វ៉ៃហាំង ហើយ​នៅ​ក្នុង​រឿង​ហ្នឹង​ខ្ញុំ​ជា​តួអង្គ​សំខាន់​មួយ​គូ​ក្នុង​ចំណោម​តួអង្គ​ពីរ​គូរ​នៅ​ក្នុង​សាច់​រឿង​ទាំង​មូល"។

បើ​តាម​តារា​ស្រី​រាង​តូច​ច្រឡឹង សេង រដ្ឋា រឿង"បាប​ស្នេហ៍​អតីត"ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​PNN​ថត​សម្រេច​បាន​ជាង​៧០​%​ហើយ។ ក្នុង​រឿង​ទី១​នេះ​កញ្ញា ក្ដាប់​បាន​តំណែង​ជា​តួអង្គ​ឯក​ស្រី ហើយ​រឿង​ទី២ នាង​ក្ដាប់​បាន​ជា​តួអង្គ​សំខាន់​ម្នាក់។ គិត​ចាប់​ពី​ការ​បោះបង់​តំណែង​ជា​ម្ចាស់​ជយលាភី​លេខ​១ ក្នុង​កម្មវិធី​ប្រកួត​Miss grand Cambodia ឆ្នាំ​២០២០ កញ្ញា សេង រដ្ឋា ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​មហាជន ហើយ​មាន​ផលិតករ​ជា​ច្រើន​បាន​ទាក់ទង​នឹង​ទៅ​ថត​ជា​ហូរហែ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ