ស្រស់ស្អាតណាស់ !ម៉ូដែល​ក្មេង​ៗ នាំ​ប្រិយមិត្ត​ទៅ​កាន់​សម័យ​ទសវត្សរ៍ ៦០ ម្ដង​ហើយ​ព្រឹក​នេះ!

  • 2021-07-23 02:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាប្រាកដជាបានស្គាល់ហើយ ពីតារាម៉ូឌែលរបស់ក្រុម Perfect 10 ដែលកំពុងល្បីនាពេលបច្ចុប្បន្ននេះ ហើយក៏មានអ្នកគាំទ្រមិនតិចដែរក្នុងក្រមនេះ ព្រោះម្នាក់ៗសុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ហាញស្នាដៃឲ្យមហាជនបានឃើញកន្លងមក ហើយពេលថ្មីៗនេះ តារាម៉ូឌែលក្នុងក្រុមទាំងអស់នេះបាននាំគ្នាថតរូបដោយស្លៀកពាក់ក្នុងសម័យកាលឆ្នាំ១៩៦០ ដោយមើលទៅហាក់ប្លែកភ្នែក ហើយស្រស់ស្អាតថែមទៀតផង មិនចាញ់កាលពីសម័យមុននោះឡើយ ។

លោក Phatry Derek Pan ស្ថាបនិកទីភ្នាក់ងារម៉ូដែល Perfect 10 បានប្រាប់ឲ្យដឹងតាមរយៈ Sabay ថា មូលហេតុដែលក្រុមរបស់លោក ស្លៀកពាក់បែបនេះព្រោះដើម្បីរំលឹកឲ្យយុវវ័យបានដឹងពីសំលៀកបំពាក់កាលពីសម័យកាលឆ្នាំ១៩៦០ ថាវាស្រស់ស្អាតនិងថ្លៃថ្នូប៉ុណ្ណា ដើម្បីជាកាចង់ចាំកាលពីសម័យនោះ ។

លោក Phatry Derek Pan បានបន្តទៀតថា ចំពោះគំនិតដែលផ្តួចផ្តើមក្នុងការស្លៀកពាក់បែបនេះ គឺជាលើកទី១ហើយ ហើយបើនិយាយពីសកម្មភាពថតបង្ហាញផ្សេងៗទៀតនោះ លោកថា នេះមិនមែនជាលើកទី១នោះទេ ដោយសកម្មភាពបែបនេះគឺមានច្រើនមកហើយរហូតដល់ទៅជាង១៥០ សកម្មភាពដែលបានបង្ហាញ ដើម្បីឲ្យមហាជនបានឃើញនិងបានយល់ដឹង។

លោកបានបន្ថែមថា បច្ចុប្បន្ននេះក្នុងក្រុមរបស់លោកកំពុងមានភាពរីកចំរើន និងល្បីល្បាយ តាំងពីកកើតរហូតមកដល់ពេលនេះ ដោយមានសមាជិក១៣នាក់ ក្នុងនោះមានតារាម៉ូឌែលស្រីចំនួន៨នាក់ និងតារាម៉ូឌែលប្រុសចំនួន៥នាក់ ហើយបច្ចុប្បន្ននេះលោកកំពុងតែជ្រើសរើសបន្ថែមទៀតដែរ ។

ស្ថាបនិករូបនេះ បានបញ្ជាក់បន្ថែមទៀតថា ទៅថ្ងៃអនាគត លោកនិងបើកសាលាបង្រៀនសម្រាប់អ្នកជំនាន់ក្រោយដែលចង់រៀនផ្នែកនេះដើម្បីជាស្ពានចំលងពួកគេទៅថ្ងៃខាងមុខ ។

អត្ថបទ៖ Tep Sovannmoly