លឿន​ពេក​ដឹង! ឆុំ វត្ដី កំពុង​ពិចារណា​ទទួល​ថត​រឿង​ទាំង​ដែល​កូន និង​ខ្លួន​ឯង​មិន​ទាន់​រឹងដៃរឹងជើង​ផង

  • 2021-07-23 02:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ឆុំ វត្ដី ដែល​ទើប​តែ​សម្រាល​កូន​ដំបូង​របស់​ខ្លួន​មិន​ទាន់​បាន​រឹងដៃរឹងជើង​ផង​នោះ ស្រាប់​តែ​នាង​គិត​ដល់​រឿង​សិល្បៈ​ភ្លាម។ នាង​ថា​នៅ​មុន និង​អំឡុង​ពេល នៃ​ការ​ពពោះ​កូន​ស្រី​ដំបូង​នេះ មាន​ក្រុមហ៊ុន និង​ផលិតកម្ម​ខ្លះ បាន​មក​ទាក់ទង​នាង​ដើម្បី​ថត តែ​ដោយ​បារម្ភ​ពី​សុខភាព​កូន​ក្នុង​ផ្ទៃ ទើប​នាង​បដិសេធ។

តារា​ស្រី​រូប​ស្រស់​នេះ បាន​ប្រាប់​Sabay ថា នាង​មិន​ដែល​គិត​ថា​នឹង​បោះបង់​អាជីព​សម្ដែង​ចោល​ឡើយ បើ​ទោះ​បី​ជា​ពេល​នេះ​នាង​មាន​ស្វាមី ថែម​ទាំង​មាន​កូន​ទៀត​នោះ។ វត្ដី នឹង​ចាប់​ផ្ដើម​ទទួល​កិច្ច​សន្យា ឬ​កុង​ត្រា​ថត​ឡើង​វិញ​ហើយ ចំពោះ​ក្រុមហ៊ុន និង​ផលិតកម្ម​ដែល​ធ្លាប់​ទាក់ទង​នាង​កន្លង​ទៅ ឬ​ក៏​ក្រុមហ៊ុន​ថ្មី​ផ្សេង​ទៀត​ក៏​បាន។

ឆុំ វត្ដី៖"ចា៎...បង! មាន​គេ​ទាក់ទង​ថត​តែ​ដល់​ពពោះ​អា​អូន​ទៅ អត់​ទាន់​បាន​ថត​វិញ។ ឥឡូវ​ខ្ញុំ​មើល​តាម​ជាក់​ស្ដែង​ដែរ គឺ​មើល​ការងារ​ដែល​គេ​ដាក់​មក​ហ្នឹង​យើង​មាន​ពេល ហើយ​អាច​ធ្វើ​បាន​អត់? ព្រោះ​បើ​ការងារ​ច្រើន​ពេក ហើយ​យើង​នៅ​សរសៃ​ខ្ចី​ពេក​ក៏​អត់​ទៅ​រួច​ដែរ"។

តារា​សម្ដែង ឆុំ វត្ដី បាន​សម្រាល​កូន​ស្រី​ដំបូង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០២១ នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អរៀនដា។ ឆុំ វត្ដី បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ស្រី​របស់​នាង​ថា"រិទ្ធហួរ ជូលីតា" ហើយ​នាង​បញ្ជាក់​ថា​បើ​ទោះ​បី​ជា​នាង​នៅ​បន្ដ ឬ​មិន​បន្ដ​ក្នុង​អាជីព​សិល្បៈ នាង​ក៏​នឹង​តែ​យក​កូន​បន្ថែម​ទៀត​ដែរ ប៉ុន្តែ​មិន​ទាន់​កំណត់​ថា​យក​ឆ្នាំ​ណា​ទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ