ហុង ផេង បាត់មុខឈឹងលើសមរភូមិវាលស្មៅរដូវកាលនេះ

  • 2021-07-23 02:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជា​រដូវកាល​ឆ្នាំ​២០២១​នេះ​ ខ្សែការពារ ហុង ផេង បានបាត់មុខសូន្យឈឹងលើសមរភូមិវាលស្មៅ ខណៈបឹងកេតលេងបាន៨ប្រកួតដោយគ្មានរូបគេ។

ពាក់ព័ន្ធនឹងចំណុចនេះ អតីតខ្សែការពារជម្រើសជាតិ ហុង ផេង បានប្រាប់មកកាន់ Sabay នាព្រឹកនេះថាដោយសាររបួសជង្គង់ចាស់ឆ្នាំ២០១៦របស់គេធ្វើទុក្ខឡើងវិញ ស្របពេលរបួសថ្មីកាលពីខែតុលា ឆ្នាំ២០២០ បាន​ជាសះស្បើយ​ទៅហើយនោះ។

ហុង​​ ផេង ពន្យល់​ថា៖ «ខ្ញុំវះជើងថ្មី(ឆ្វេង)ហើយ បានជាហើយ បានធូរហើយ តែជើងស្ដាំ(ចាស់)នៅហើមតិចតួចធ្វើឱ្យ​យើងវិលត្រឡប់វិញ ដោយសារជើងចាស់វានៅហើមនៅឈឺតិចតួច យើងអត់ទាន់(ជា)១០០% អត់ទាន់អាចលេងវិញបានទេ»។

ទើបតែថ្មីៗនេះដែរទេដែលអាការៈជំងឺចាស់របស់ហុងផេងរើរឡើងវិញ ពោល​គឺអំឡុងពេល​គេចូលហាត់ជាមួយក្រុម។

គួរបញ្ជាក់ថា នាថ្ងៃទី២៧ កក្ដដា វេលាម៉ោង ៣កន្លះរសៀលខាងមុខ បឹងកេតនឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមនគរបាលជាតិ ហើយក្នុងជំនួបនេះក៏ទំនងជាមិនមានវត្តមានរបស់ខ្សែការពារឆ្នើមរូបនេះដែរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ