៤​ចំណុច​ពិសេស​របស់ Sam-A និង Prajanchai ដែល​ត្រូវ​ជួប​គ្នា​យប់​នេះ

  • 2021-07-30 06:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការឡើងការពាររបស់ Sam-A Gaiyanghadao ទល់នឹងកីឡាករវ័យក្មេង Prajanchai PK.Saenchai Muaythaigym  ​​នៅ​ព្រឹត្តិការណ៍ ONE Super Series ​គឺ​ជា​ប្រវត្តិ​សាស្ត្រ​​ថ្មី​មួយ។

ម្ចាស់​ខ្សែ​ក្រវាត់មួយ​ថៃ ONE Strawweight​ នឹង​ជួប​​​មិត្ត​រួម​ជាតិ​​នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND ​នា​ថ្ងៃ​សុក្រ​ទី ៣០ ខែ កក្កដា​ ស្អែក​នេះ ។ 

ស្ដិត​ក្នុង​វ័យ ៣៧ ឆ្នាំ  Sam-A ​ជា​វីរបុរស​ម្នាក់​ក្នុង​ក្បាច់​មួយ​ថៃ។ ​យ៉ាង​ណា​ក្ដី ​បុរស​វ័យ ២៦ ឆ្នាំ​ Prajanchai ​គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង​ឡាយ។ ​គេ​ជឿ​ថា ​ឥឡូវ​ដល់​ពេល​វេលា​ដ៏​សក្ដិសម​​​មួយ​​​សម្រាប់​ខ្លួន។ 

មុន​ពេល​​ការ​ប្រកួត​​ជើង​ឯក​ពិភព​លោក​ World Title ​ផ្សាយ​ផ្ទាល់​ពី​​កីឡដ្ឋាន Singapore Indoor Stadium នៃ​ប្រទេស​សិង្ហបុរី ​សូម​តាម​ដាន​រឿង​រ៉ាវ ៤ ចំណុច​​​​ដែល​​នាំ​ទៅ​រក​ជ័យជម្នះ​រៀងៗ​ដូច​​ក្រោម៖

1 Prajanchai ជំនាញ​ប្រដាល់​សកល

Prajanchai ត្រូវ​បាន​ទទួល​ស្គាល់​ច្រើន​ពី​សំណាក់​មួយ​ថៃ ​ប៉ុន្តែ​ពេល​នេះ គេ​កំពុង​ស្រេក​ឃ្លាន​ដើម្បី​បង្ហាញ​ខ្លួន​ឲ្យ​អស្ចារ្យ​​នៅ​សង្វៀន​លំដាប់​ពិភព​​លោក។ ​គេ​នឹង​ប្រើ​វិធី​ដើម្បី​គាប​សង្កត់​ច្រើន​លើ​ Sam-A ​តាម​រយៈ​ក្បាច់​កណ្ដាប់​ដៃ​ដែល​រូប​គេ​​ធ្លាប់​ឈ្នះ​ជើង​ឯក​កន្លង​មក។  កូនសិស្ស​មក​ពី​ក្លិប PK.Saenchai Muaythaigym ​មាន​​ជំនាញ​កណ្ដាប់​ដៃ​ដូច​ផ្លេក​បន្ទោរ និង​កម្លាំង​មហាសាល។  បើ​ Sam-A ​ប្រហែស​ឲ្យ​កណ្ដាប់​ដៃ​ចូល​  នោះ​ច្បាស់​ជា​ពិបាក​​របស់​ Prajanchai ​មិន​​ខាន។ 

ដើម្បី​ទប់​ការ​វាយ​បក​លឿន​ៗ​របស់​ម្ចាស់​ខ្សែ​ក្រវាត់​  ​តារា​ឡើង​ប្រជែង​​​នឹង​ចូល​កៀក​ដើម្បី​​កណ្ដាប់​ដៃ​​​​ស្ដាំ​​ត្រង់​មហា​ទម្ងន់​មិន​ខាន។  គេ​នឹង​រក្សា​​ការ​ប្រើ​កណ្ដាប់​ដៃ​ដើម្បី​ទប់​ទល់​នឹង​ក្បាច់​ពិសេស​​ៗ​ របស់ Sam-A ។  ​មួយ​ទៀត គេ​អាច​ប្រើ​កណ្ដាប់​ដៃ​ញាប់​ៗ​ដើម្បី​តតាំង​នឹង​ម្ចាស់​ខ្សែ​ក្រវាត់។

2 Sam-A មាន​ក្បាច់​វាយ​បក​ដ៏​អស្ចារ្យ​

បើ​សិន​ Prajanchai ​ចូល​មិន​​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​សង្វៀន​ ONE  នោះ Sam-A ​​ច្បាស់​ជា​ផ្ដាច់​យក​ហើយ។  ដូច​អ្នក​គាំទ្រ​បាន​ឃើញ​រួច​មក​ហើយ ឲ្យ​តែ​ហ៊ាន​ដើរ​ចូល​ផ្ដេស​ផ្ដាស ​Sam-A ​​ប្រើ​ក្បាច់​វាយ​បក​​យក​ឈ្នះ​គូ​ប្រកួត​​​ជា​រឿយៗ។  Sam-A ​បាន​មើល​គូ​ប្រកួត​ច្បាស់​ណាស់ ហើយ​ដៃ​ស្ដាំ ឬ ឆ្វេង​​សុទ្ធ​​តែ​ធ្វើ​ឲ្យ​គូប្រកួត​ឈឺ​ចាប់​ទាំង​អស់។ 

បែប​ណា​ក្ដី បើ​សិន​ Prajanchai ​ចង់​គេច​ពី​ការ​វាយ​​បក ​ហើយ​ចូល​កៀក  ​នោះ​ Sam-A  ​ក៏​អាច​ចូល​វ៉ៃ​ជង្គង់​បាន​ដែរ  ជា​ទី​ដែល​​គេ​អាច​ប្រើ​​កែង​ដើម្បី​ផ្ដួល​គូប្រកួត​បាន។ 

3 Prajanchai មាន​ក្បាច់​​ជើង​សាហាវ

Prajanchai អាច​​ប្រើ​ក្បាច់​ចម្រុះ ជា​ពិសេស​ជើង​របស់​គេ​អាច​សម្លាប់​គូ​ប្រកួត​បាន។  គូ​ប្រជែង​រូប​​នេះ​អាច​ផ្លាស់​ប្ដូរ​ការ​ប្រយុទ្ធ​គ្រប់​ពេល​ដើម្បី​រក្សា​ជំហរ​របស់​ខ្លួន។

យ៉ាង​ណា​ក្ដី ថ្មីៗ​នេះ ​គូ​ដណ្ដើម​ខ្សែ​ក្រវាត់​របស់​ Sam-A ​សុទ្ធ​តែ​ជំនាញ​ជើង​ដែរ​ប៉ុន្តែ ​នៅ​​តែ​ដណ្ដើម​ខ្សែ​ក្រវាត់​មិន​បាន។  បើ​ Sam-A ​ឈរ​​ឆ្ងាយ​បន្តិច Prajanchai អាច​ប្រើ​ជើងដើម្បី​យក​ឈ្នះ​បាន។ 

មិន​ខុស​ពី​គ្រូ​បង្វឹក​របស់​ខ្លួន Saenchai​ បុរស​វ័យ ២៦ ឆ្នាំ​មាន​វិធី​ការពារ​ល្អ, ​ទាត់​ជើង​មួយ​ពីរ​ល្អ, ​​ប្រើ​ពេល​លឿន, ​និង​ បម្លាស់​ទី​ក៏​លឿន​ដែរ។  Prajanchai អាច​ចាប់​ជើង​ដើម្បី​ប្រើ​កណ្ដាប់​ដៃ ឬ ​ចាប់​​ជើង​ដើម្បី​ទាត់​ជើង​បំបាក់​វិញ។ ​វា​ពិត​ជា​កក្រើក​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។ 

4 Sam-A ​មាន​ថាម​ពល និង ប្រើ​ហ្គង់​ទម្ងន់ ៤ អោនបាន​ល្អ

ដោយ​ស្ថិត​នៅ​កម្រិត​ខ្ពស់​នៃ​ក្បាច់​ប្រយុទ្ធ  Sam-A ​មាន​បទ​ពិសោធន៍​ច្រើន​​នៅ​​លើ​សង្វ្រៀន​​ដែល​ប្រើ​​ហ្គង់​ប្រភេទ​ក្បាច់​គុន​ចម្រុះ។ កូន​សិស្ស​មក​ពី​ក្លិប​ Evolve  បាន​ប្រើ​ហ្គង់​ទម្ងន់ ៤ អោន​ជា​ច្រើន​រួច​មក​ហើយដើម្បី​ចាក់​ឫស​ក្នុង​ជ័យជម្នះ​របស់​ខ្លួន។ ដោយ​មាន​កំណត់​ត្រា​រួម​បញ្ចប់​គូ​ប្រកួត​​នៅ​ ONE Super Series (៤)  និង ធ្វើ​ឲ្យ​ដៃ​គូ​ដួល​ច្រើន​ដង​ជាង​គេ (៩) ​ម្ចាស់​ខ្សែ​ក្រវាត់ Sam-A ​នៅ​តែ​មាន​វិធី​សាស្ត្រ​ដើម្បី​ផ្ដួល​គូ​ប្រកួត​បាន​ល្អ។ ការ​មាន​បទ​ពិសោធន៍​ច្រើន​របស់ Sam-A ​ច្បាស់​ជា​មាន​ផល​ចំណេញ​ច្រើន​ជាង​តារា​ទើប​មក​ថ្មី​នៅ​សង្វៀន​ ONE ​ មិន​ខាន។  គេ​មាន​វិធី​ដើម្បី​ទប់​ទល់​នឹង​អ្នក​មាន​កម្ពស់​​​ខ្ពស់​ជាង​ជា​រឿយៗ។ 

ម្នាក់​ៗ​សុទ្ធ​តែ​ជំនាញ​រៀងៗ​ខ្លួន តើ​លទ្ធផល​​នឹង​ទៅ​ជា​យ៉ាង​ណា?

ដោយ៖ ស៊ីធី