អាជីព ជាអ្នកដឹកជញ្ជូន! ក្នុងរដូវវស្សា តើជួបការលំបាកអ្វីខ្លះ ស្របពេលមេឃកំពុងភ្លៀងខ្លាំង?
- 2021-08-02 01:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជីព ជាអ្នកដឹកជញ្ជូន! ក្នុងរដូវវស្សា តើជួបការលំបាកអ្វីខ្លះ ស្របពេលមេឃកំពុងភ្លៀងខ្លាំង?
ចន្លោះមិនឃើញ
ជាអ្នកដឹកជញ្ជូនអាហារឱ្យភ្ញៀវ មិនថាមេឃក្ដៅ ត្រជាក់ ភ្លៀងខ្លាំងប៉ុណ្ណាក៏ដោយ គឺនៅតែពុះពារតស៊ូ ធ្វើយ៉ាងណាដឹកជញ្ជូនរបស់ឱ្យដល់គោលដៅ។ ជាពិសេស ពេលមេឃកំពុងភ្លៀង គ្មានអ្នកណាចង់ធ្វើដំណើរតាមផ្លូវនោះទេ ប៉ុន្តែ ជាអ្នកដឹកជញ្ជូនគឺ ត្រូវជិះកាត់ភ្លៀង ផ្គរ រន្ទះ និងខ្យល់ជាដើម។
តួយ៉ាងដូចជា អ្នកស្រី ព្រហ្ម ដាវ៉ាន់ មានអាយុ ៣២ ឆ្នាំ ជាភ្នាក់ងារដឹកជញ្ជូនរហ័សម្នាក់របស់ក្រុមហ៊ុន foodpanda ដោយលោកស្រីបានចាប់អាជីពជាអ្នកដឹកជញ្ជូនអស់រយៈពេលជាងមួយឆ្នាំកន្លះមកហើយ។ ក្នុងការងារប្រចាំថ្ងៃរបស់អ្នកស្រី ជាទូទៅក្នុងមួយថ្ងៃអ្នកស្រី អាចដឹកបានពីចន្លោះ៨ ទៅ ៩ម៉ោងឯណោះ។
អ្នកស្រី ព្រហ្ម ដាវ៉ាន់ បានកត់សម្គាល់ឃើញថា ក្នុងរដូវវស្សានេះ មានការកុម្ម៉ង់ច្រើនពីអតិថិជន អ្នកស្រីពិតជារីករាយក្នុងការបម្រើសេវាដល់ដៃអតិថិជន ព្រោះការដឹកជញ្ជូនឱ្យភ្ញៀវបានកាន់តែច្រើន អ្នកស្រីក៏អាចរកបានចំណូលច្រើនផងដែរ។
អ្នកស្រីបានឱ្យដឹងថា៖ «នៅក្នុងរដូវវស្សានេះ ចំនួននៃការកុម្ម៉ង់អាហារពីអតិថិជនតាមរយៈអេប foodpanda កាន់តែច្រើនជាងមុន ព្រោះថាភាគច្រើនគេមិនចង់ចេញក្រៅ ពិបាកទិញរបស់ញ៉ាំ ដូច្នេះកុម្ម៉ង់តាមអេបងាយស្រួលជាង»។
អ្នកស្រីបានបន្ថែមទៀតថា៖ «ការកុម្ម៉ង់នៅក្នុងរដូវវស្សាមានកំណើនកើនឡើងច្រើនជាងមុន ធ្វើឱ្យខ្ញុំអាចរកចំណូលបានច្រើនទៅតាមនឹងដែរ មួយវិញទៀតថ្ងៃណាហេងមានភ្ញៀវខ្លះឱ្យលុយធីប ផងដែរ»។
ប៉ុន្ដែយ៉ាងណាមិញ អ្នកស្រីក៏បានជួបផលវិបាកមួយចំនួនព្រោះថា ជាអ្នកដឹកត្រូវការមើលទូរសព្ទតាមដងផ្លូវ ដើម្បីរកមើលទីតាំងរបស់ភ្ញៀវ ពេលខ្លះត្រូវឈប់ម៉ូតូភ្លាមៗ។
នៅពេលមានភ្ញៀវកុម្ម៉ង់ ហើយស្របពេលមេឃកំពុងភ្លៀងផងដែរនោះគឺ ខ្លាចរន្ទះ ផ្លូវរអិល និងសុវត្ថិភាពតាមផ្លូវ ពេលខ្លះទៀត យកអីវ៉ាន់ទៅយឺត ភ្ញៀវក៏មានអារម្មណ៍មិនសូវល្អ មិនសប្បាយចិត្តទៅតាមនឹងដែរ។
ជាការពិតណាស់ ការងារអ្វីក៏មិនស្រួលនោះដែរ តែជាមនុស្សស្រី ត្រូវមកធ្វើការងារនៅលើដងផ្លូវច្រើន គ្រួសារតែងតែបារម្ភពីសុវត្ថិភាព ពេលធ្វើដំណើរ និងបារម្ភពីសុខភាព ព្រោះថាត្រូវជិះកាត់ថ្ងៃ កាត់ភ្លៀងរាល់ថ្ងៃ។
យ៉ាងណាមិញអាជីពជាអ្នកដឹកជញ្ជូនអាហារនេះ អាចជួយឱ្យអ្នកស្រីមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងកូនឱ្យមានជីវភាពល្អប្រសើរជាងមុន។
ចាប់តាំងពីចាប់អាជីពមួយនេះ អ្នកស្រី ព្រហ្ម ដាវ៉ាន់ ពិតជាស្រឡាញ់ការងាររបស់អ្នកស្រីខ្លាំងណាស់ ហើយគាត់បានប្រាប់ទៀតថាទៅថ្ងៃអនាគត បើទោះបីជាអាចបើកអាជីវកម្មខ្លួនឯងក៏ដោយ ក៏មិនឈប់ពីការងារជាអ្នកដឹកជញ្ជូននេះដែរ ព្រោះថានេះជាការងារដែលអាចរកចំណូលជួយផ្គត់ផ្គង់គ្រួសារបាន ព្រមទាំងអាចផ្លាល់ប្ដូរពេលដឹកបានគ្រប់ពេល និយាយរួមគឺទំនេរពេលណា គឺអាចដឹកបានពេលនោះ មិនប្រកាន់ពេលវេលានោះទេ។
ជាក់ស្ដែងបច្ចុប្បន្ននេះ foodpanda មានដៃគូដឹកជញ្ជូនជាស្រ្ដីកាន់តែច្រើន ទាំងទីក្រុង និងតាមបណ្ដាខេត្ត។ ត្រឡប់មកវិញ ការធ្វើការងារ ប្រកបរបររកស៊ី សុទ្ធតែមិនងាយស្រួលនោះទេ ហេតុនេះការតស៊ូព្យាយាមជារឿងមួយដ៏ចម្បងសម្រាប់មនុស្សម្នាក់ៗ៕