នេះ​ក្រុម​​អធិរាជ​បាល់ទះ​ទាំង​៤ ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ អូឡាំពិក​

  • 2021-08-04 04:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​កីឡា​បាល់ទះ​នៅ​អូឡាំពិក ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៅ​ហើយ ក្រោយ​ពី​រក​ឃើញ​ក្រុម​៤​កាល​ពី​ម្សិលមិញ​នេះ​។

​ប្រេស៊ីល ​រុស្ស៊ី ​បារាំង ​និង​អាហ្សង់ទីន​ ​ជា​ក្រុម​៤​ត្រូវ​ប្រកួត​គ្នា​បន្ដ​ទៀត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ។ ​ដោយ​ក្រុម​ប្រេស៊ីល យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន ​៣ -០ ​តែ​ម្ដង ស្រប​ពេល​ក្រុម​រុស្ស៊ី​វិញ​ក៏​ធ្វើ​បាន​ល្អ​ដូច​គ្នា​ យក​ឈ្នះ​លើ​ក្រុម​កាណាដា​ក្នុង​លទ្ធផល ​៣-០ ​ដែរ។ ​ដោយ​ឡែក​សម្រាប់​ក្រុម​បារាំង ​យក​ឈ្នះ​ប៉ូឡូញ ​៣-២ ​និង​អាហ្សង់ទីន​វិញ ​យក​ឈ្នះ​អ៊ីតាលី ​៣-២ ​ដែរ។ ​ពួកគេ​នឹង​ត្រូវ​ប្រកួត​បន្ដ​ទៀត​នៅ​ថ្ងៃ​ស្អែក​នេះ​។

​រំលឹក​ម្ចាស់​ផ្ទះ​ជប៉ុន ​បាន​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​ពួកគេ​ផង​ដែរ ដោយ​អាច​ឆ្លង​ផុត​វគ្គ​ក្នុង​ពូល​បាន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក។ ​ក្រោយ​ពី​ចាញ់​ប្រេស៊ីល​ទៅ ​គ្រូ​បង្វឹក​ក្រុម​ជប៉ុន ​បាន​សរសើរ​កូន​ក្រុម​ធ្វើ​បាន​ល្អ​ណាស់​ហើយ ​ព្រោះ​តតាំង​ជាមួយ​ក្រុម​លេខ​១​លើ​លោក​ប្រេស៊ីល ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ​

​មួយ​វិញ​ទៀត​កីឡាករ Ishikawa Yuki ​របស់​ជប៉ុន ​ក៏​បាន​បញ្ជាក់​ថា​ពួកគេ​បាន​មើល​ឃើញ​ថា​សមត្ថភាព​របស់​ខ្លួន​នៅ​មិន​ទាន់​ខ្លាំង​ដូច​ដៃ​គូ​ឡើយ។ ​ដោយ​ចង់​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត គឺ​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ​ព្រោះ​បាល់ទះ​នៅ​អឺរ៉ុប ​និង​អាមេរិក​ឡាទីន​បាន​ឈាន​ឡើង​មួយ​កម្រិត​ទៀត​ហើយ៕

អត្ថបទ៖ ប្រុស យុទ្ធ