មុនបែកគំនិតចេញរកស៊ី និងកំណត់ពេលដកឃ្លាពីសិល្បៈ ផលិតករ ខាំ ភូរិ ឆ្លងកាត់ផលិតកម្មចំនួន៦
- 2021-08-10 03:20:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនបែកគំនិតចេញរកស៊ី និងកំណត់ពេលដកឃ្លាពីសិល្បៈ ផលិតករ ខាំ ភូរិ ឆ្លងកាត់ផលិតកម្មចំនួន៦
ចន្លោះមិនឃើញ
អស់រយៈពេលជិត២១ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០០០ មក អ្នកនិពន្ធ និងដឹកនាំរឿងលោក ខាំ ភូរិ បានបន្សល់ទុកនូវស្នាដៃជាច្រើនខាងភាពយន្ត និងចម្រៀង។ លោកធ្លាប់ឆ្លងកាត់បទពិសោធន៍ការងារជាមួយផលិតកម្មល្បីៗចំនួន៦ ហើយគេអាចនិយាយបានថា លោកគឺជាផ្នែកមួយជួយជ្រោងឲ្យផលិតកម្មទាំងនេះបានល្បីល្បាញទៀតផង។
លោក ខាំ ភូរិ បានប្រាប់Sabay ថា ដំបូងឡើយលោកបានបញ្ចេញស្នាដៃតាមរយៈផលិតកម្មតូចមួយដែលផលិតបទចម្រៀងលក់តាមផ្សារ គឺផលិតកម្ម"ផ្កាឈូក"។ ក្រោយមកលោកបានចូលប្រឡូកជាមួយផលិតកម្មអាជីព និងល្បីខ្លាំងខាងចម្រៀងចំនួន៤ផ្សេងទៀត គឺផលិតកម្ម"រស្មីស្ទឹងសង្កែ" ផលិតកម្ម"KH PROMOTION" ផលិតកម្ម"SSB" និងផលិតកម្ម"រស្មីហង្សមាស"។
លោក ខាំ ភូរិ៖"ដោយឡែកចុងក្រោយគេបង្អស់នេះ គឺក្រុមហ៊ុន មេរ៉ា ប្រូដាក់សិន ដែលយើងផ្ដោតសំខាន់ទៅលើការងារផលិតស្ពតពាណិជ្ជកម្ម ជាពិសេសផលិតកម្មវិធីអង្គរសង្ក្រាន្ដ...ហើយចំពោះស្នាដៃរបស់ខ្ញុំវិញមានច្រើន អីចឹងមិនដឹងរ៉ាយរ៉ាប់ពីណាមកមុន"។
បើទោះបីជាលោកនៅតែស្រឡាញ់ ចូលចិត្តវិស័យសិល្បៈ ប៉ុន្ដែថ្មីៗនេះលោកបានព្រលយពាក្យថា លោកនឹងដកឃ្លាពីអាជីពនិពន្ធ និងដឹកនាំសម្ដែងក្នុងរយៈពេលពី៤ទៅ៥ឆ្នាំខាងមុខទៀតនេះ ហើយលោកនឹងងាកមកជួយលក់ដូរភរិយាឲ្យបានកាន់តែច្រើន ខណៈដែល"បុត្រកាហ្វេ"ដែលជាហាងលក់បាយ និងកាហ្វេតូចល្មមួយ ទើបបើកថ្មីដោយរូបលោក និងភរិយា កំពុងទទួលបានការគាំទ្រច្រើន។
អ្នកនិពន្ធ និងដឹកនាំការសម្ដែង ខាំ ភូរិ ដែលជាកូនប្រុសបង្កើតរបស់អតីតអភិបាលខេត្តក្រចេះលោក ខាំ ភឿន ទើបតែដាច់ចិត្តចេញរកស៊ីដោយនាំភរិយាបើកហាងបាយ និងកាហ្វេមួយកន្លែងនៅជាយក្រុងភ្នំពេញកាលពីខែមុន។ ដោយការស្រឡាញ់ចូលចិត្តខាងចម្រៀង ទើបនៅក្នុងហាងទើបបើកថ្មីនេះ មានដាក់តាំងនូវឧបករណ៍ប្រើប្រាស់ និងឧបករណ៍ភ្លេងចាស់ៗ ព្រមទាំងចម្រៀងជំនាន់ដើមជាច្រើន ដើម្បីបម្រើអារម្មណ៍ភ្ញៀវដែលភាគច្រើនជាអ្នកសិល្បៈស្គាល់លោក៕