ទន្ទឹង​លទ្ធផល​នៅ​តុលាការ​យូរ​ពេក ឥឡូវ សុខ រ៉ាស៊ី ត្រៀម​ស្ពាយ​ស្នាម​មេដៃ​គ្នីគ្នា​មិន​ចេះ​តិច ចូល​ក្រសួង​ទៀត

  • 2021-08-11 03:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា រហូត​មក​ដល់​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០២១ នេះ មាន​រយៈ​ពេល​តែ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពិធី​ករ សុខ រ៉ាស៊ី ដាក់​ពាក្យ​ប្ដឹង​អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស​លោក អ៊ិន សុភិន ទៅ​តុលាការ​ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត​៣៥០០០​ដុល្លារ ជុំវិញ​រឿង អ៊ិន សុភិន ជួល​ភ្លើង និង​ឆាក​ប្រកួត​បវរកញ្ញា តែ​មិន​ព្រម​ទូទាត់​ប្រាក់​ឲ្យ​លោក។

ប៉ុន្តែ​លោក សុខ រ៉ាស៊ី បាន​ប្រាប់​Sabay នៅ​ថ្ងៃ​ទី១១ ខែ​សីហា ថា រយៈ​ពេល​ជាង​១០​ថ្ងៃ​នេះ គឺ​យូរ​ណាស់​សម្រាប់​រូប​លោក​ដែល​ចង់​ដឹង​ពី​ដំណើរការ​នីតិវិធី និង​លទ្ធផល ហើយ​លោក​មិន​ដែល​ទទួល​បាន​ដំណឹង​អ្វី​សោះ​ពី​តុលាការ​លើ​រឿង​របស់​ខ្លួន។ ដូច្នេះ​លោក​មាន​តែ​ពិភាក្សា​ជាមួយ​អតីត​បុគ្គលិក និង​អ្នក​ធ្លាប់​រកស៊ី​ជាមួយ​លោក អ៊ិន សុភិន ដែល​ពួកគេ​មាន​រឿង​ស្រដៀង​លោក​ដែរ ដើម្បី​នាំ​គ្នា​ផ្ដិតមេដៃ​ដាក់​ទៅ​ក្រសួង​ការងារ ដើម្បី​សុំ​អន្តរាគមន៍​រឿង​នេះ​វិញ​ម្ដង។

លោក សុខ រ៉ាស៊ី៖"ខ្ញុំ​កំពុង​បង្កើត​ជា​Group ហើយ​ពួកគាត់​ហ្នឹង​មាន​ក្រុម​ការងារ​ដូច​ជា...ផ្នែក​ជួល​សម្ភារៈ​ថត ខាង​បច្ចេកទេស អ្នក​ដឹកនាំ បុគ្គលិក តួ​សម្ដែង ហើយ​នឹង​ខ្ញុំ។ ឥឡូវ​ខ្ញុំ​ប្រមូល​គ្នីគ្នា​បាន​៣-៤ នាក់​ទៀត​ហើយ​អ្នក​ដែល​រងគ្រោះ​ដោយសារ​គាត់(អ៊ិន សុភិន) ហើយ​ខាង​ក្រសួង​ការងារ​គេ​ថា​ជួយ​អន្តរាគមន៍​រឿង​ហ្នឹង​ដែរ​តើ​បង"។

លោក សុខ រ៉ាស៊ី ជឿ​ថា​សកម្មភាព​របស់​លោក និង​អ្នក​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​លោក អ៊ិន សុភិន អាច​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​រឿង​ក្ដី​របស់​លោក​នៅ​តុលាការ​បាន​លឿន​ដែរ។ ទន្ទឹម​គ្នា​នេះ​លោក​ក៏​រង់ចាំ​មើល​ចំណាត់​ការ​ថ្មី​ៗ​របស់​តុលាការ​លើ​ចុង​ចោទ គឺ​លោក អ៊ិន សុភិន ដែល​កន្លង​ទៅ​លោក​ហ៊ាន​ហៅ​ថា"ជន​ឆបោក"ទៀត​នោះ​ផង​ដែរ។

ឆ្លើយតប​បញ្ហា​នេះ អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស គឺ​លោក អ៊ិន សុភិន ថា​លោក​មិន​ចង់​តតាំង ឬ​ឆ្លើយតប​អ្វី​ទៀត​ទេ ហើយ​ឲ្យ​លោក សុខ រ៉ាស៊ី ធ្វើ​អ្វី​ធ្វើ​ចុះ ចំណែក​លោក​រង់ចាំ​តែ​ចំណាត់​ការ​របស់​តុលាការ​ប៉ុណ្ណោះ។ ប៉ុន្តែ​កន្លង​ទៅ​លោក អ៊ិន សុភិន ព្រលយ​ពាក្យ​ថា​លោក​នឹង​បញ្ចប់​រឿង​នេះ​ឲ្យ​ល្អ​មើល​នៅ​តុលាការ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ