ប្រាសាទបុរាណទី២ នៅរាជធានីភ្នំពេញជិតមាត់ទន្លេចតុមុខដែលនៅមានរូបរាង [បណ្តុំរូបភាព]
- 2021-08-13 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទបុរាណទី២ នៅរាជធានីភ្នំពេញជិតមាត់ទន្លេចតុមុខដែលនៅមានរូបរាង [បណ្តុំរូបភាព]
ចន្លោះមិនឃើញ
ក្នុងចំណោមប្រាសាទបុរាណទាំង៨ដែលមានក្នុងរាជធានីភ្នំពេញ ប្រាសាទ «ប្រាសាទព្រះពោធិ៍លោម» នៅក្នុងវត្តឧណ្ណាលោម គឺជាប្រាសាទទី២ ដែលនៅមានរូបរាងដល់សព្វថ្ងៃ បន្ទាប់ពីប្រាសាទទី១ដែលមានទីតាំងស្ថិតនៅ «វត្តប្រាសាទ» ស្ថិតនៅក្នុងទឹកដី ខណ្ឌដង្កោ រាជធាភ្នំពេញដែល sabay បានផ្សាយកន្លងទៅ។
ឧណ្ណាលោម គឺពាក្យដែលផ្សំគ្នារវាងពាក្យ ឧណ្ណា+លោម។ ឧណ្ណា មានន័យថា«ប្រជុំចិញ្ចើម» ចំណែកឯ លោមមានន័យថា «រោម» សរុបមកពាក្យនេះមានន័យថា «រោមប្រជុំចិញ្ចើម»។
ព្រះវិន័យធម៌ សំ ចាន់ ព្រះជន្ម ៥១ ព្រះវស្សា ដែលបានគង់នៅវត្តនោះតាំងពីឆ្នាំ១៩៩៣ មានសង្ឃដីកាថា «នៅខាងក្នុង ប្រាសាទព្រះពោធិ៍លោម ឬមហាចេតិយ នេះមានតំកល់រោមប្រជុំចិញ្ចើមរបស់ព្រះសង្ឃមួយអង្គ ប៉ុន្តែមិនមានឯកសារណាបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះសង្ឃអង្គនោះបានច្បាស់លាស់ទេ។ រោមប្រជុំចិញ្ចើម ទាំងនោះលាក់នៅខាងក្នុងនោះ តែមិនងាយរកឃើញនោះទេ»។ បើយោងទៅតាមសៀវភៅស្នាព្រះហស្ថរបស់សម្តេចសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ស្តេចព្រះពញាយ៉ាត បានប្តូរទីតាំងព្រះរាជវាំងពីទួលបាសានក្នុងខេត្តកំពង់ចាម មកក្រុងភ្នំពេញក្នុងឆ្នាំ១៤៣៤ ហើយព្រះអង្គបានសាងវិហារព្រះពុទ្ធសាសនាចំនួន៧ ដែលក្នុងនោះក៏មានវត្តឧណ្ណាលោមផងដែរ។ អារាមទាំង៧នោះបានបញ្ចុះសីមាក្នុងឆ្នាំ១៤៤២ទាំងអស់។
ឯកសារដដែលបញ្ជាក់ថា «ប្រាសាទព្រះពោធិ៍លោម» ឬមហាចេតិយកំពូលប្រាំនេះត្រូវបានកសាងមុនវត្ត ហើយវត្តដាក់ឈ្មោះ ឧណ្ណាលោម គឺយកតាមឈ្មោះនៃប្រាសាទនេះដែរ។
«ប្រាសាទព្រះពោធិ៍លោម» ឬមហាចេតិយនេះ សាងអំពីថ្មភក់ និងឥដ្ឋនៅខាងក្នុង បែរមុខទៅទិសខាងកើត ផ្នែកខាងក្នុងប្រាសាទនេះ មានព្រះពុទ្ធរូប ៤ អង្គ ដាក់តំកល់តាមជ្រុងនីមួយៗ នឹងមានព្រះពុទ្ធរូបអង្គធំមួយអង្គទៀតតំកល់នៅចំកណ្តាល ដែលទម្រង់ស្រដៀងគ្នានឹងព្រះពុទ្ធរូបនៅប្រាសាទអង្គរវត្ត។ ចេតិយនេះខុសគ្នាពីចេតិយទាំងអស់ក្នុងប្រទេសកម្ពុជា ពីព្រោះវាមានកំពូលប្រាំ។
បច្ចុប្បន្នប្រាសាទនេះត្រូវបានជួសជុលថ្មីដោយសម្ភារៈសំណង់បែបទំនើប និងជាកន្លែងទីសក្ការ:បូជាមួយសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយមកបន់ស្រន់សុំសេចក្តីសុខរាល់ពេលមានពិធីបុណ្យទាននានា។
ខាងក្រោមនេះជាទិដ្ធភាព ប្រាសាទព្រះពោធិ៍លោម ហៅ ចេតិយឧណ្ណាលោម ក្នុងវត្តឧណ្ណាលោម៖