គិតត្រឹមខែទី ៨នៃឆ្នាំ ២០២១ ចិនត្រូវរលេះតារាល្បី ៣រូបពីសិល្បៈ ព្រោះតែរឿងអាស្រូវធំៗ

  • 2021-08-17 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ចូល​ឆ្នាំ ២០២១ នេះ​ ពិភពសិល្បៈចិន​មាន​រឿង​ជា​ច្រើន​បាន​កើតឡើង បង្កើតជាប្រធានបទធំ​មានវត្តមាន​ឥតដាច់លើ​បណ្ដាញ​សារព័ត៌មានទាំងក្នុង និងក្រៅស្រុក។

ក្នុង​ចំណោម​រឿង​រ៉ាវ​ដែល​បាន​កើតឡើង​កន្លងមក​ក្នុងឆ្នាំ​នេះមាន​ព័ត៌មានតារា ៣រូបដែលធ្វើឲ្យកក្រើកពេញពិភពសិល្បៈ។

១. Zheng Shuang

ក្រឡេក​ទៅព័ត៌មាន​ដំបូង​ទាក់ទងនឹង Zheng Shuang ដែល​ជាប់ពាក់ព័ន្ធនឹង​រឿងអាស្រូវ​ជួលគេ​ពពោះជំនួស នៅសហរដ្ឋអាមេរិក។ រឿងនេះ​ផ្ដើម​ចេញដំបូងឡើយពីការចែកផ្លូវរវាង​នាង​និង​ Zhang Heng រហូត​កើតមាន​ក្ដីក្ដាំ ឈានដល់តុលាការ និងទម្លាយការពិតមួយចំនួនដល់រឿងឲ្យគេពពោះឲ្យ អាស្រ័យហេតុថា​សុខភាពរបស់នាង​មិនអំណោយផលក្នុងការពពោះដោយខ្លួនឯង ប៉ុន្តែ​ចុងក្រោយ​បែរជាចង់​បោះបង់កូន ២​នាក់​នោះ​ចោលទៅវិញ។ យ៉ាងណា​ក្ដី ទាក់ទងនឹងការ​ឲ្យគេពពោះជំនួស​នេះ មិនត្រូវ​បាន​គេ​អនុញ្ញាតឡើយក្នុងប្រទេស​ចិន ប៉ុន្តែ​ដោយសារ​ពលរដ្ឋចិនខ្លះ​ចង់បាន​កូនពេក ទើប​ជួលអ្នក​ដែល​នៅ​ក្រៅប្រទេស​ធ្វើរឿងនេះ​ជំនួស។ ទោះជា​យ៉ាងណា​សរុបជា​រួម ទង្វើបែប​នេះ​ ពិតជា​រងការវាយប្រហារ និងបង្កជា​ការ​ខឹងសម្បារខ្លាំងក្នុង​ប្រទេសចិន។

ដោយសារអាស្រូវបែប​នេះ ទើប​ Brand ជា​ច្រើនសម្រេច​ផ្ដាច់កុងត្រាពីនាង និង​មាន​ព្យុះភ្លៀងព័ត៌មាន​ជា​ច្រើន រហូត​ធ្វើឲ្យនាង​មិនអាច​ទ្រាំ​ឈរ​នៅ​លើវិថីសិល្បៈបាន​តទៀត។

២. Kris Wu

Kris ត្រូវ​បាន​ប៉ូលីសក្រុងប៉េកាំង​ ឃាត់ខ្លួន​នៅ​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២១ ពីបទសង្ស័យ​ថាបាន​ចាប់រំលោភនារីៗវ័យក្មេង។ ដំបូង​ឡើយ តារាប្រុសរូបនេះ​ត្រូវ​បាន​ នារី​វ័យ ១៩ម្នាក់ឈ្មោះ Du Meizhu ប្ដឹង​ថា​បាន​រំលោភបំពាន ក្រោយលោកប្រើល្បិចល្បួង ដោយយក​លេសផ្ដល់ឱកាសឲ្យបង្ហាញ​មុខ​ក្នុង MV ក្នុង​បទ​ចម្រៀងរបស់​ខ្លួន ប៉ុន្តែ​ចុងក្រោយត្រឹម​ជា​ការ​បោកប្រាស់ខ្លួនប្រាណ​ប៉ុណ្ណោះ។

ក្រោយមាន​ព័ត៌មាន​ផ្ទុះ​ពេញ​បណ្ដាញ​សង្គម Kris ក៏ងើប​បដិសេធភ្លាមៗ​ថា​ ខ្លួន​មិនបាន​ធ្វើរឿងនេះទេ ប៉ុន្តែទោះជាយ៉ាងណា​ Brand ល្បីៗដែល​សហការជាមួយនឹងលោកទាំងប៉ុន្មាន សម្រេច​ផ្ដាច់កុងត្រា​ចោល​ទាំងអស់ ហើយបណ្ដាញ​សង្គមផ្លូវការបស់លោក ត្រូវ​បាន​លុបចោល​ទាំងស្រុង បន្ទាប់​ពីមាន​ការ​ឃាត់ខ្លួនជា​បណ្ដោះ​អាសន្ន​ ដើម្បី​ប៉ូលីសស៊ើបក្ដីសិន។

ឈាន​ដល់ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ទើប​ការិយាល័យស៊ើបអង្កេតស្រុក Chaoyang បាន​សម្រេចចេញសេចក្ដីប្រកាស​​ឲ្យចាប់ខ្លួន Kris តែម្ដង ផ្អែក​លើ​ការ​ស៊ើបអង្កេតយ៉ាងហ្មត់ចត់បំផុត រយៈពេល​ជាង ២សប្ដាហ៍ ពីបទ​រំលោភបំពាន​សេពសន្ថវៈលើនារី​វ័យក្មេងជា​ច្រើននាក់ ក្នុងនោះរួមមាន​ទាំងអ្នក​ដែល​មាន​ទាន់​គ្រប់អាយុ ១៨ឆ្នាំផង។

៣. Zhang Zhehan

នៅថ្ងៃទី ១៥ ខែ​សីហា ឆ្នាំ​​២០២១ សមាគមសិល្បៈចិន (China's Association of Performing Arts) បាន​ធ្វើពហិការចំពោះ​តារាសម្ដែង Zhang Zhehan ដោយសារ​តែរឿងរ៉ាវ​កើតឡើង ចេញ​ពី​រូបថត​ដែល​លោក​ថត​តាំង​ពៅឆ្នាំ ២០១៨ និង២០១៩​។

រូបភាព​នោះគឺ Zhehan បាន​ថត​នៅ​មុខទីសក្ការបូជា Yasukuni Shrine​ ដែលជា​ទីពាក់ព័ន្ធ​នឹងសង្គ្រាមជប៉ុន ហើយក្រោយមាន​អ្នក​រក​ឃើញរូប​នេះ​ និងលើក​យក​មកបង្ហាញ​លើ​អ៊ីនធើណិតជា​ថ្មី ស្រាប់​តែ​ធ្វើឲ្យមាន​ការ​ខឹងសម្បារមិនធម្មតាពី​ប្រជាជនចិន។

Yasukuni Shrine ជា​ទី​សក្ការ​បូជា ដែល​ត្រូវ​បាន​ប្រទេស​ជិត​ខាង​របស់​ជប៉ុន​ចាត់​ទុក​ថា​ជា​និមិត្តរូប​នៃ​របប​យោធា​និយម​ កាល​ពី​អតីតកាល​របស់​ជប៉ុន ហើយ​នៅ​តែ​ជា​ចំណុច​​តាន​តឹង​ជាមួយ​ចិនទល់ពេលនេះ​។

អ្នក​ប្រើអ៊ីនធើណិត នៅបាន​ជជីក​រកឃើញរូ​បដែល Zhehan ទៅចូលរួម​មង្គលការ​មួយ​ ដែល​ប្រារព្ធ​នៅ​វិហារ Nogi Shrine កាល​ពីឆ្នាំ ២០១៩ ដែរ ហើយពេលនោះ​ Zhehan ក៏បានជួប​នឹង​ Dewi Sukarno ភរិយាជនជាតិជប៉ុន របស់​អតីត​ប្រធានាធិបតីឥណ្ឌូនេស៊ី Sukarno អ្នកដែល​ប្រឆាំង​នឹង​ចិនកាលនោះ។

តាម​ការ​បញ្ជាក់របស់សមាគមសិល្បៈចិន បាន​លើកឡើងថា​ ទង្វើរបស់ Zhehan ពិតជា​ប៉ះពាល់​ដល់​ចិត្តប្រជាជន​ចិនយ៉ាងធ្ងន់ធ្ងរ ហើយអាចជះឥទ្ធិពល​មិនល្អ​ដល់យុវវ័យជំនាន់​ក្រោយទៀត។

សម្រាប់ Zhehan វិញ​ក៏បាន​ សុំទោសនូវអ្វី​ដែល​បាន​កើតឡើង ព្រម​ទាំង​និយាយថា​ខ្លួន​ពិតជា​ខ្មាសអៀន​ ចំពោះ​ទង្វើ​ដែល​ធ្វើ​ចេញ​ទាំង​មិនបាន​គិតដិតដល់។

ឯបណ្ដា Brand ដែល​ Zhang Zhehan សហការជាមួយទាំងប៉ុន្មាន​ ក៏សម្រេច​លុប​កុងត្រា​ចោល​ទាំងមិនចាំយូរ ស្របពេល​បណ្ដាញសង្គម​របស់​លោក ព្រម​ទាំងរបស់​ Studio ផង ក៏ត្រូវ​បាត់មុខបាត់មាត់ពី Platform អ៊ីនធើណិតទាំងស្រុង​អស់ហើយ៕​​ ​

អត្ថបទថ្មី