ព្រះ​បរម​រតន​កោដិ អតីត​ព្រះប្រមុខរដ្ឋ សម្ដេច សីហនុ ធ្លាប់​មាន​ព្រះរាជឱង្ការ ចំពោះ ខ្លូត សាម៉េត យ៉ាង​ក្ដុកក្ដួល​

  • 2021-08-17 09:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​បទ"សារិកា​កម្សត់" និង​ជា​ម្ចាស់​ជយលាភី​លេខ១ ផ្នែក​ចម្រៀង​សម័យ​នាទស្សវត្ស៦០ គឺ​តារា​ចម្រៀង​ស្រី ខ្លូត សាម៉េត បាន​បង្កើត​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ជា​ថ្មី។ តារា​ចម្រៀង​រូប​នេះ បាន​បង្ហាញ​វត្តមាន​ជា​ថ្មី តាម​រយៈ​បទសម្ភាសន៍​ដ៏​កម្រ​មួយ​ជាមួយ​អ្នក​ស្រាវជ្រាវ​ខាង​សិល្បករ​ចាស់ៗ គឺ​ក្រុម​ព្រះសុរិយា។

បន្ទាប់​ពី​បាត់​មុខ​ឈឹង​ពី​សិល្បៈ​ជា​ច្រើន​ទសវត្ស ឥឡូវ​នេះ​អ្នកស្រី ខ្លូត សាម៉េត កំពុង​ស្ថិតនៅ​ក្នុង​វ័យ​ជរា ហើយ​ពុំ​មាន​អ្នក​ណា​ម្នាក់​បាន​នឹកនា​ពី​ឈ្មោះ ជីវប្រវត្តិ និង​ស្នាដៃ​របស់​អ្នកស្រី​ឡើយ។ ថ្ងៃ​នេះ​Sabay សូម​លើក​យក​ជីវប្រវត្តិ​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​កាល​ពី​ទស្សវត្ស៦០ និង​ដើម​ទស្សវត្ស៧០ ខ្លូត សាម៉េច មក​បង្ហាញ​ជូន​ប្រិយមិត្ត​ដោយ​ផ្នែក​លើ​ប្រភព​ក្រុម​ព្រះ​សុរិយា​ដូច​តទៅ៖

"ស្ថានភាព​គ្រួសារ" លោកស្រី ខ្លូត សាម៉េត កើត​នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​១៩៥៣ នា​ថែវ​ព្រះបរមរាជវាំង ក្នុង​សង្កាត់​លេខ​៦ រាជធានី​ភ្នំពេញ ដោយ​មាន​ឪពុក​ឈ្មោះ សំ មិន ជា​ទាហាន​ហ្លូង និង​ជា​តន្ត្រីករ​ប្រចាំ​ក្រុម​តន្ត្រី​ភិរម្យ។ រីឯ​ម្ដាយ​ឈ្មោះ ស ណែម ជា​អ្នក​បម្រើ​ព្រះមហាក្សត្រ​ក្នុង​រជ្ជកាល​ព្រះបាទ​ព្រះនរោត្ដម​សីហនុ។ លោកស្រី ខ្លូត សាម៉េត ជា​កូន​ទី២ ក្នុង​ចំណោម​បងប្អូន​ចំនួន​៦​រូប ក្នុង​នោះ​រួម​មាន៖ បង​ប្រុស​ច្បង​ឈ្មោះ ខ្លូត សាម៉ុន ប្អូន​ស្រី​ទី៣​ឈ្មោះ ខ្លូត សាមុំ ប្អូន​ប្រុស​ទី៤ ឈ្មោះ ខ្លូ សាមាន ប្អូន​ស្រី​ទី៥​ឈ្មោះ ខ្លូត ស៊ីថាច និង​ប្អូន​ស្រី​ពៅ ឈ្មោះ​ខ្លូត ស៊ី​ថុល។

"ប្រវត្តិ​សិក្សា​ចំណេះដឹង​ទូទៅ និង​សិល្បៈ" នៅ​អាយុ​៧​ឆ្នាំ ឪពុក​របស់​អ្នកស្រី ខ្លួត សាម៉េត បាន​សង់​ផ្ទះ​១​ខ្នង​នៅ​ម្ដុំ​វត្ត​សន្សំ​កុសល គ្រួសារ​គាត់​ផ្លាស់​ទៅ​រស់នៅ​ទីនោះ ហើយ​អ្នកស្រី​ក៏​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ផ្សារ​ដើម​ថ្កូវ។ នៅ​អំឡុង​ឆ្នាំ​១៩៦៣ ក្នុង​វ័យ​១០​ឆ្នាំ អ្នកស្រី​បាន​ចូល​រៀន​ផ្នែក​តន្ត្រី និង​ចម្រៀង​នៅ​សាលា​តូយ៌តន្ត្រី​លោក ម៉ៅ វីណា ដែល​មាន​ទីតាំង​នៅ​ក្បែរ​សាលា​បឋម​សិក្សា​ទួលគោក​។

នៅ​ទីនោះ អ្នកស្រី បាន​រៀន​សូត្រ​អក្សរ​ភ្លេង និង​ការ​ច្រៀង​ជាមួយ​អ្នកគ្រូ អ៊ុំ សាវយុទ្ធ និង​លោក កុល សែម។ ដោយ​មាន​ទេពកោសល្យ​ខ្ពស់ និង​មាន​និស្ស័យ​ពី​កំណើត នៅ​ឆ្នាំ​១៩៦៧ ពោល​គឺ​នៅ​ក្នុង​វ័យ​១៤​ឆ្នាំ លោកស្រី ខ្លូត សាម៉េត បាន​ចេញ​ច្រៀង​ក្នុង​វង់តន្ត្រី​កំពង់​ត្រាំ ដែល​ពេល​នោះ​វង់តន្ត្រី​នេះ​និយម​ចម្រៀង​បទ​ល្បី​ៗ​ដែល​ចេញ​ផ្សាយ​តាម​វិទ្យុ និង​ការ​ប្រគំ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​រោងចក្រ​កំពង់​ត្រាំ​តែ​ម្ដង។

នៅ​ចុង​ឆ្នាំ​១៩៦៧ ក្រុម​តន្រី​របស់​អ្នក​ស្រី​បាន​ទទួល​បេសកកម្ម​មួយ​ទៅ​ប្រគំ​អបអរសាទរ​ព្រះរាជ​វត្តមាន​សម្ដេច​ព្រះនរោត្ដម​សីហនុ ដែល​យាង​សម្ពោធ​សមិទ្ធផល​រោងចក្រ​អំពៅ នៅ​ខេត្ត​បាត់ដំបង។ ដោយ​វង់តន្ត្រី​កំពង់​ត្រាំ ត្រូវ​ចូល​លេង​ជាមួយ​វង់តន្ត្រី​យោធា​ភិរម្យ។ នៅ​ពេល​នោះ អ្នកស្រី ខ្លូត សាម៉េត បាន​ហាត់​រៀន​ច្រៀង​ចម្រៀង​ថ្មី​មួយ គឺ​បទ”សម្រស់​កំពង់​គល់”។ បទ​នេះ ត្រូវ​បាន​លោក កែវ សារ៉ាត់ យក​មក​ច្រៀង​ដោយ​កែ​ទំនុក​ច្រៀង​ថ្មី ដោយ​ដាក់​ថា"ខាវ អ៊ីដាង​ដួងចិត្ដ"។

ពេល​សម្ដេច​ព្រះ​ប្រមុខរដ្ឋ​បាន​យាង​មក​ដល់ ស្នូរ​ទះដៃ​អបអរសាទរ និង​ការ​ប្រគំ​ឡើង​នូវ​បទ"សម្រស់​កំពង់​គល់" ដែល​បក​ស្រាយ​ដោយ​អ្នកស្រី ខ្លូត សាម៉េត បាន​បន្លឺ​ឡើង​ព្រម​គ្នា បាន​ធ្វើ​ឲ្យ​ព្រះប្រមុខរដ្ឋ​សព្វព្រះរាជហឫទ័យ ដោយ​ឈរ​នៅ​មុខ​វេទិកា​ប្រគំ​តន្ដ្រី ហើយ​ក៏​យាង​ឡើង​លើ​ឆាក​ប្រគំ​ន្ដ្រី​នោះ ព្រម​ទាំង​មាន​ព្រះរាជអង្គការ​ទៅ​កាន់​អ្នកស្រី ខ្លូត សាម៉េត ថា៖"កូន! កូន​ច្រៀង​ពីរោះ​ណាស់...កូន​គួរ​ទៅ​ប្រឡង​ច្រៀង​នៅ​សមាជ​ជាតិ"។ ដោយ​ក្ដី​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ពេល​នោះ​អ្នកស្រី ខ្លូត សាម៉េត បាន​ឆ្លើយតប​វិញ​ថា៖"ព្រះពរ ខ្ញុំ​ម្ចាស់​នឹង​ទៅ​ប្រឡង"។ សម្ដេច​ព្រះ​ប្រមុខរដ្ឋ​ទ្រង់​ក៏​បាន​យក​ព្រះហស្ត​ទៅ​បោសអង្អែល​ក្បាល​របស់​នាង ហើយ​ព្រះ​អង្គ​ក៏​មាន​ព្រះរាជ​អង្គការ​ទៀត​ថា៖"អីចឹង...យើង​ជួប​គ្នា​នៅ​សមាជ​ជាតិ​ណា​កូន"។

ព្រះរាជឱង្ការ​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​អ្នកស្រី ខ្លូត សាម៉េត កាន់​តែ​មាន​ទឹកចិត្ត​ដាក់​ពាក្យ​ចូល​ប្រឡង​ក្នុង​សមាជជាតិ​ក្នុង​ឆ្នាំ​១៩៦៨។ ក្នុង​សមាជ​នោះ មាន​បេក្ខជន-បេក្ខនារី​ជាង​៥០០​នាក់​នៅ​ទូទាំង​ប្រទេស​បាន​ដាក់​ពាក្យ​ប្រឡង ហើយ​អ្នកស្រី​បាន​លើក​យក​បទ"សារិកា​កម្សត់" ដែល​ជា​បទ​ថ្មី​របស់​វង់​តន្ដ្រី​សូរា​កេរ្ដិ៍​ខ្មែរ ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង​ដោយ​លោក ហាស់ សាឡន និង​ទំនុក​ច្រៀង​ដោយ​លោក ម៉ា ស៊ីម៉ុន។ នៅ​ក្នុង​រាត្រី​ប្រឡង​នា​រាជធានី​ភ្នំពេញ​នោះ អ្នកស្រី ខ្លូត សាម៉េត ដែល​កាល​ណោះ​មាន​វ័យ​១៥​ឆ្នាំ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ផ្នែក​នារី ចំណែក​ជយលាភី​លេខ​១​ផ្នែក​បុរស គឺ​បាន​ទៅ​លើ​លោក សាំង សេង​អាន។

រូបថត និងប្រភព៖ ក្រុមព្រះសុរិយា

"ប្រវត្តិ​ការងារ និង​ចូល​សិល្បៈ​ពេញ​លេញ" ក្រោយ​ប្រឡង​ជាប់​ភ្លាម អ្នកស្រី ខ្លូត សាម៉េត បាន​ក្លាយ​ជា​តារា​ចម្រៀង​ប្រចាំ​នៅ​វង់​តន្ដ្រី​សូរា​កេរ្ដិ៍​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ចរិយា។ ពេល​នោះ អ្នកស្រី ខ្លូត សាម៉េត បាន​ទទួល​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ចំនួន​២២០០​ប្រចាំ​ខែ។ បន្ទាប់​មក​ទៀត ពោល​គឺ​នៅ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​ព្រះនរោត្ដម សីហនុ ពី​ព្រះ​ប្រមុខរដ្ឋ អ្នកស្រី ខ្លូត សាម៉េត នៅ​តែ​បន្ដ​អាជីព​ចម្រៀង​តាម​រាំងសាល ហើយ​បាន​ថត​ចម្រៀង​ជា​ច្រើន​បទ​ផ្សាយ​តាម​វិទ្យុ​ជាតិ គឺ​មាន​ដូច​ជា៖​បទ"ទឹកចិត្ត​ភរិយា​ទាហាន" បទ"នារី​ក្លាហាន" និង​បទ​ចម្រៀង​ជា​ច្រើន​ទៀត​តែ​បាត់​បង់​គ្មាន​សល់។

"ជីវិត​ឆ្លង​កាត់​របប​ថ្មី និង​ចំណង​អាពាហ៍ពិពាហ៍​លើក​ទី១" លុះ​មក​ដល់​ឆ្នាំ​១៩៧១ អ្នកស្រី ខ្លូត សាម៉េត បាន​ចូល​បម្រើ​ការងារ​នៅ​វង់​តន្ត្រី​កងពល​តូច​លេខ​១៥។ ពេល​នោះ​ហើយ​ដែល​អ្នកស្រី​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា និង​បាន​រៀបការ​ជាមួយ​លោក គង់ សោភ័ណ្ឌ ជា​តន្ត្រីករ នៃ​វង់​តន្ដ្រី​ឃីង​ប្លូ និង​ជា​ទាហាន​ក្នុង​កងពល​ថ្មើជើង​លេខ​១៥។ លោក គង់ សោភ័ណ្ឌ គឺ​ជា​កូន​ប្រុស​របស់​ក្រឡា​បញ្ជី​ខេត្ដ​តាកែវ។ អ្នកស្រី និង​ស្វាមី មាន​កូន​ប្រុស-ស្រី​ចំនួន​៣​នាក់ ជា​ចំណង​ដៃ ក្នុង​នោះ​កូន​ស្រី​ច្បង​ឈ្មោះ គង់ សោភ័ណ្ឌ​នារី កូន​ទី២​ឈ្មោះ គង់ វណ្ណៈ និង​កូន​ទី៣ ឈ្មោះ គង់ សុភ័ក្ដ្រ។

"ស្ថានភាព​គ្រួសារ​ក្នុង​របប​ខ្មែរ​ក្រហម" អ្នកស្រី ខ្លូត សាម៉េត បាន​បន្ដ​វិស័យ​សិល្បៈ​តាម​អាជីព​ចម្រៀង និង​សម្ដែង​ខ្លះ​ផង រហូត​ដល់​របប​ខ្មែរ​ក្រហម​ចូល​មក​ដល់។ ស្វាមី និង​កូន​ៗ​ទាំង​អស់​របស់​អ្នកស្រី ត្រូវ​បាន​ខ្មែរ​ក្រហម​សម្រាប់​ចោល​ជា​បន្តបន្ទាប់​នៅ​ភូមិ​ត្រឡោក ខេត្ដ​កំពង់​ធំ។ ក្រោយ​របប​ខ្មែរ​ក្រហម​បញ្ចប់​ទៅ​លោក​ស្រី​បាន​ត្រឡប់​មក​រស់នៅ​ភ្នំពេញ​វិញ​ក្នុង​នាម​ជា​ស្ដ្រី​មេម៉ាយ ហើយ​ចូល​បម្រើ​ក្នុង​នាយកដ្ឋាន​សិល្បៈ​ផ្នែក​ចម្រៀង​ដដែល។

"ជីវិត​អាពាហ៍ពិពាហ៍​លើក​ទី២" ប៉ុន្តែ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩៨២ អ្នកស្រី ខ្លូត សាម៉េត បាន​រៀបមង្គលការ​ម្ដង​ទៀត​ជាមួយ​លោក ញ៉ឹក ស៊ីដេត ជា​មន្ដ្រី​រាជការ។ អ្នកស្រី និង​ស្វាមី​ទី២​នេះ បង្កើត​បាន​កូន​ប្រុស-ស្រី​ចំនួន​៦​នាក់។ សព្វថ្ងៃ​នេះ​លោក និង​ស្វាមី រស់នៅ​ក្នុង​បុរី​សន្តិភាព​២ ក្នុង​រាជធានី​ភ្នំពេញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ