ផ្លែមៀនរាប់តោន ដែលសម្ដេចប្រមូលទិញពីកសិករ នឹងយកទៅចែកជូនឥតគិតថ្លៃដល់បុគ្គលទាំងនេះ

  • 2021-08-19 02:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ផ្លែមៀនរាប់សិបតោន ដែលប្រមូលទិញពីកសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នឹងយកទៅចែកជូនក្រុមកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺបងប្អូនដែលកំពុងធ្វើចត្តាឡីស័ទទួលទានដោយមិនគិតថ្លៃ» ។ នេះបើយោងតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់របស់សម្ដេចនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី លោកបានមានប្រសាសន៍បញ្ជាក់ថា នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។ ជាដំណោះសម្រាប់រយៈពេលខាងមុខគឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។

សម្ដេចបានសង្កត់ធ្ងន់បន្ថែមថា ឯកឧត្តម ហ៊ីង ប៊ុនហៀង ឯកឧត្តមងួន រតនៈអភិបាលខេត្តបាត់ដំបង លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំពាក្យ (ទិញពីកសិករ) សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់ ។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។

សូមជម្រាបថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

អត្ថបទដោយ ៖ Su In