រដ្ឋមន្ត្រីក្រសួងសាធារណការ ប្រាប់មូលហេតុធំៗនាំឱ្យផ្លូវពីកំពតទៅវាលរេញ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ

  • 2021-08-30 04:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋ ដែលបានសួររឿង ផ្លូវពីខេត្តកំពតចេញ ទៅវាលរេញ(ព្រៃនប់)ផ្លូវនោះឃើញធ្វើច្រើនដង ហើយនៅតែខូចជិះមិនកើត ផ្លូវនោះខូចតែ២០គីឡូម៉ែតទេ ហេតុអីទុក ឱ្យខូចខ្ទេចរយៈពេលរាប់សិនឆ្នាំ? ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យល់ថា មូលហេតុដែលផ្លូវពីកំពតទៅវាលរេញ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខនេះ ឯកឧត្តមបានសិក្សាស្វែងយល់ ដោយបានចុះសិក្សាត្រួតពិនិត្យផ្ទាល់បានបញ្ជាក់ថា បណ្ដាលមកពីមូលហេតុដោយសារ៖

ទី១. ថវិកាមិនគ្រប់គ្រាន់ ដោយសារថវិកាកម្ចីពីធនាគារពិភពលោកមិនគ្រប់គ្រាន់ក្នុងការសាងសង់

ទី២. លក្ខណៈបច្ចេកទេសក្នុងការស្ដាមិនត្រិមត្រូវ តម្រូវតាមភូមិសាស្ត្ររបស់ផ្លូវនោះទេ (ដោយសារផ្នែកខ្លះនៃផ្លូវនេះ មានភក់ ផ្លូវអាចស្រុតទៅវិញ នៅខាងក្រោមដី មិនអាចចាក់ថ្ មឬកៅស៊ូនៅខាងក្រោមដីនោះទេ) និងមានស្រទាប់ដីខាងក្រោមជ្រាយខ្លាំង(Soft Soil) ដែលមិនអាចទ្រទ្រង់នឹងកម្លាំងទឹកជំនន់បានធ្វើឱ្យកំណាត់ផ្លូវនេះត្រូវបានបំផ្លាញទាំងស្រុង។

ឯកឧត្តបានថ្លែងបញ្ជាក់បន្ថែមថា កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ក្នុងនោះត្រូវបែងចែកជាពីរកំណាត់។ កំណាត់ទីមួយត្រូវបានជួសជុល និងក្រាលបេតុងកៅស៊ូ។ ដើម្បីសោះស្រាយបញ្ហានេះ ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុនជំនាញធ្វើការសិក្សាឡើងវិញលើកំណាត់ផ្លូវ ២០គីឡូម៉ែត្រនេះ និងកំពុងស្វែងរកកញ្ចប់ថវិកាឱ្យបានគ្រប់គ្រាន់ ដើម្បីសាងសង់ឲ្យរឹងមាំបានយូរស្របតាមទីតាំងភូមិសាស្ត្រ ដើម្បីកុំឲ្យធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។

សូមបញ្ជាក់ថា ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែងដូច្នេះ ក្នុងឱកាសជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសក្រោមប្រធានបទ "សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣" ក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា ២០២១ នេះ ៕

អត្ថបទដោយ ៖ Su In

អត្ថបទពេញនិយម