រឿង​ពិត​ពីរ​របស់តារាសម្ដែងជើងចាស់ អម្ពរ ទេវី ត្រូវ​បាន​នាយ​ក្រឹម ហែក​កណ្ដាល​ចំណោម!

  • 2021-09-07 04:34:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រួម​ជំនាន់​ជាមួយ​លោក អ៊ូ ប៊ុនរ៉ាត់ ហៅ​នាយ​ក្រឹម គឺ​អ្នក​នាង អម្ពរ ទេវី ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​លើ​វិស័យ​ភាពយន្ត​នា​ទសវត្ស​៨០ និង​៩០ ត្រូវ​បាន​អតីត​មិត្ត​រួម​អាជីព​ម្នាក់​ហែកកេរ្តិ៍​ទាំង​កណ្ដាល​ចំណោម។ គេ​បាន​រំលឹក​រឿង​រ៉ាវ​ក្រៅ​ឆាក​ចំនួន​ពីរ​នៅ​ចុង​ទសវត្ស​៩០។

តាម​រយៈ​វីដេអូ​មួយ​របស់​ផលិតកម្ម​ហង្ស​មាស​ដែល​គេ​បាន​ចែកចាយ​តាម​បណ្ដាញ​សង្គម​ថ្មី​ៗ​នេះ នាយ​ក្រឹម ថា​លោក​ធ្លាប់​មាន​អនុស្សាវរីយ៍​សម្ដែង​កុន​ជាមួយ​គ្នា ហើយ​បាន​ដឹង​នូវ​រឿង​មួយ​ចំនួន​ដែល​តារា​ស្រី​រូប​នេះ​ធ្វើ​មុន​ពេល​សម្ដែង នោះ​គឺ​រឿង​តុបតែង​ខ្លួន ឬ​ផាត់​មុខ និង​រឿង​កុង​ពេល​គ្នា​ថត​ជាមួយ​នាយ​ក្រឹម។

នាយ​ក្រឹម៖"ធ្លាប់​មាន​ប្រវត្តិ​ជាមួយ​គ្នា...ត្រង់​អី​គេ! បើ​អម្ពរ មក​មុន​ត្រូវ​ចាំ​ក្រឹម ថៅកែ​ថា​មក​មុន​អម្ពរ​មក​ៗ ដល់​ពេល​មក​ចាំ​អម្ពរ​វិញ អត់​ដែល​មក​ត្រូវ​គ្នា​ទេ ហើយ​រឿង​ផាត់​មុខ​សូម​សរសើរ​អម្ពរ...៣ម៉ោង! ហើយ​មួយ​ទៀត គាត់​ប្រើ​របស់​វិញ...មុន​ជំនាន់​គាត់​ទៅ​អាមេរិក ទិញ​រាប់​ពាន់​ដុល្លារ​គ្រាន់​តែ​កាឡៃ ថា​អម្ពរ​អើយ​ទិញ​ច្រើន​ម្ល៉េះ! ថា​ទិញ​ពាក់...បើ​យក​មក​នេះ(ខ្មែរ)គេ​ឲ្យ​២០០០​អី​នឹង ២០០០​លុយ​ខ្មែរ តែ​នៅ​ណោះ​សុទ្ធ​តែ​មួយ​៣០ ទៅ​៤០​ដុល្លារ"។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​នាយ​ក្រឹម​នេះ ត្រូវ​បាន​អ្នកនាង អម្ពរ ទេវី លើក​មេដៃ ហើយ​ពោល​ថា"ការ​និយាយ​នេះ គឺ​ពិត​ខ្លះ និង​បន្ថែម​ខ្លះ"។ វត្តមាន​របស់​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ គេ​ឃើញ​នៅ​ក្នុង​កម្មវិធី"Cambodia Got Talent" របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ។​ តាមពិតជំនួបរវាងអ្នកនាង អម្ពរ ទេវី និងនាយក្រឹម តាម​រយៈកម្មវិធីនេះ គឺតាំងពីចុងខែតុលា ឆ្នាំ២០១៨ ប៉ុន្ដែវីដេអូនេះ ត្រូវបានអ្នកលេងTik Tok យកមកចែករំលែកឡើងវិញកាលពីប៉ុន្មានថ្ងៃមកនេះ ហើយទទួលបានការចាប់អារម្មរណ៍យ៉ាងច្រើនពីមហាជន។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញអតីតតារាសម្ដែងស្រី អម្ពរ ទេវី បាន​ឡើងយន្ត​ហោះ​ពី​អាមេរិក មក​ស្រុក​ខ្មែរ​ញឹកញាប់​ដែរ ដើម្បី​ជួប​សួរ​សុខទុក្ខ​បងប្អូននៅស្រុកកំណើត និង​សម្ដែង​ភាពយន្ត ព្រម​ទាំង​ចូល​រួម​ក្នុង​កម្មវិធី​សិល្បៈ​ខ្លះ​ទៀត​ផង។ ជាក់ស្ដែងអ្នកនាង ឆ្លៀតបានថតខ្សែភាពយន្ដខ្នាតធំរឿង"ទឹកចិត្ដម្ដាយសម័យថ្មី" របស់អ្នកនិពន្ធ ពាន់ ភួងបុប្ផា កាល​ពីឆ្នាំ២០១៧ ទៀតផង។

សូម​រំលឹក​ថា មុន​បាត់​មុខ​ពី​វិស័យ​សិល្បៈ​ជាង​២​ទស្សវត្ស តារា​សម្ដែង​ស្រី អម្ពរ ទេវី ធ្លាប់​បាន​រៀបការ​ជាមួយ​តារា​សម្ដែង​រួម​ជំនាន់ គឺ​លោក ពេជ្រ ភិរុណ ហើយ​បាន​បង្កើត​ចំណង​ស្នេហ៍​ជា​កូន​ចំនួន​ពីរ​នាក់​នៅ​ស្រុក​ខ្មែរ។ បច្ចុប្បន្ន​អ្នក​នាង​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ហើយ​មាន​ស្វាមី​ក្រោយ​ដោយ​បង្កើត​បាន​កូន​ចំនួន​២​នាក់​ទៀត​ផង គឺ​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់។ ជារឿយៗ​គេ​ឃើញ​អ្នក​នាង និង​ស្វាមី​ក្រោយ​បង្កើត​ផ្អែម​ល្ហែម​ជាមួយ​គ្នា ហើយ​បញ្ចេញ​ជាសាធារណៈ​តាម​បណ្ដាញ​សង្គម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ