២ សន្លឹកពីស្ថានីយរថភ្លើងប៉ោយប៉ែត ដែលជាសំណង់រចនាបថបារាំង មុន និង ក្រោយពេល ត្រូវជួសជុល

  • សុក្រ, 10 កញ្ញា 2021 02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​​បានបង្ហោះ​រូបភាព មុន និង ក្រោយ ជួសជុល​ស្ថានីយ​រថភ្លើង​នៅប៉ោយ​ប៉ែត ធ្វើឲ្យ​សាធារណជន​ភ្ញាក់ផ្អើល​ជាខ្លាំង​ ដោយ​សារ​គម្រោង​ជួសជុល​បាន​រក្សា​នូវរូបរាង​ដើមនៃសំណង់អគារកាល​ពីសម័យ​អាណានិគមបារាំង ​និង​បានបន្ថែម​ពណ៌ ស្រស់​​ឆើតឆាយ​ពី​លើ​អគារ​​ ធ្វើឲ្យទាក់ទាញ​ចិត្តអ្នកដំណើរ​ពេក​កន្លង​។

ការ​​ជួសជុលស្ថានីយមួយ​​នេះ​ បានបញ្ចប់ទាំងស្រុងកាលពីមុន បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០១៨កន្លងទៅ។ នេះគឺជាគម្រោងមួយក្នុងគម្រោងបើកឡើងវិញ នូវផ្លូវ​ដែកពី​ភ្នំពេញ​ ទៅ ​ប៉ោយប៉ែត​ ​សរុប​ប្រមាណ​ ​៣៨៥​គីឡូម៉ែត្រ ដើម្បីភ្ជាប់ផ្លូវដែករវាង ប្រទេសកម្ពុជា និងបណ្ដាប្រទេសជិតខាងតួយ៉ាងមានវៀតណាម និងថៃ។

ផ្លូវដែកកម្ពុជា បានចាប់ផ្តើមសាងសង់ដំបូងក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ។ ផ្លូវដែកកម្ពុជាមានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំ​ដែន​កម្ពុជា-ថៃ) ​ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង។

ផ្លូវ​ដែកភាគខាងត្បូង ត្រូវបានកសាង ឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យ​សង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំ​របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោម​ជំនួ​យ​របស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ៕

អត្ថបទ៖ សៀនហួរ