លេចដំណឹងឡាន Lexus GX550 ថ្មី ទំនងប្រើម៉ាស៊ីនដូច Land Cruiser ២០២២

  • 2021-09-14 03:11:08
  • ចំនួនមតិ 1 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

រថយន្ត Lexus GX គឺជាអ្នកតស៊ូមួយរបស់ក្រុមហ៊ុនជប៉ុននេះ ហើយ GX ជំនាន់ទី២ បានបង្ហាញខ្លួនតាំងពីឆ្នាំ២០០៩ មកម្ល៉េស និងទទួលបានការអាប់ដេតមួយចំនួនសម្រាប់ស៊េរីឆ្នាំ២០២២ ដូចជា អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,៣អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple CarPlay, Android Auto និង Amazon Alexa បានជាដើម។

អ្វីដែលកាន់តែចាស់នោះ គឺម៉ាស៊ីនចំណុះ ៤,៦លីត្រ ទំហំ ៨ស៊ីឡាំង ដែលដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ មានកម្លាំង ៣០១សេះរបស់វា។

ទោះបីជាយ៉ាងណាក៏ដោយ ត្រកូល GX នេះអាចនឹងមានអ្នកមកជំនួសតំណែងថ្មី ខណៈពេលដែលគេហទំព័រ MotorTrend បានរកឃើញថា ក្រុមហ៊ុន Lexus បានចុះបាតង់ឈ្មោះ GX550 នៅក្នុងប្រទេសកូស្តារីកា និងសហរដ្ឋអាមេរិក ទៀតផង។

យ៉ាងណាមិញ នៅក្នុងឯកសារខាងលើនោះ មិនមានការបញ្ជាក់ថា GX550 នឹងបង្ហាញខ្លួនលើទីផ្សារឡើយ។ គួរឲ្យដឹងថា រថយន្ត Lexus GX បច្ចុប្បន្នមានម៉ូដែល GX460 ដែលប្រើម៉ាស៊ីនទំហំ ៨ស៊ីឡាំង ខណៈឈ្មោះ GX550 នេះទំនងជាប្រើម៉ាស៊ីនថ្មី ចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង ដែលមានលើរថយន្ត Toyota Land Cruiser 300 ឆ្នាំ២០២២៕

អត្ថបទ៖ សេង ឡុង