ប៉ះ​គ្នា​ហើយ Rodtang vs Johnson ក្រោម​ច្បាប់​ប្រកួត​ពិសេស​មិន​ធ្លាប់​មាន

  • 2021-09-16 07:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលអ្នកប្រដាល់មួយថៃរហស្សនាម«មនុស្សដែក» Rodtang Jitmuangnon ត្រូវបានផ្គូផ្គងឲ្យជួបជើងខ្លាំងគុនចម្រុះគ្រប់សម័យកាលអាមេរិក Demetrious Johnson សម្រាប់ការប្រកួតលក្ខណៈមួយថៃលាយកូនកាត់គុនចម្រុះដែលត្រូវប្រើពេល៤ទឹក។

ដំណឹងជំនួបដ៏ភ្ញាក់ផ្អើលនេះបានលេចឡើងកាលពីយប់ថ្ងៃពុធ ទី១៥ ខែកញ្ញានេះ នៅពេលលោក Chatri Sityodtong នាយកប្រតិបត្តិ និងជាអគ្គនាយកស្ថាប័ន ONE Championship បានប្រកាសពីព្រឹត្តិការណ៍ប្រកួតធំមិនធ្លាប់មានគឺ ONE X ដើម្បីអបអរសាទរខួប១០ឆ្នាំនៃការបង្កើត ONE Championship។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ ONE X នេះនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៥ ខែធ្នូ ប៉ុន្តែមិនទាន់ប្រកាសពីទីកន្លែងឡើយ។ សម្រាប់វត្តមានកីឡាករដែលត្រូវប្រកួតក្នុងរាត្រីដ៏អស្ចារ្យនេះ ជើងខ្លាំងប្រេស៊ីល Bibiano Fernandes ត្រូវការពារខ្សែក្រវាត់ពិភពលោក ONE Bantamweight របស់ខ្លួនទល់នឹងជើងខ្លាំង John Lineker។

ជាមួយគ្នា ជើងខ្លាំង Thanh Le ត្រូវមានភារកិច្ចការពារខ្សែក្រវាត់ពិភពលោក ONE Featherweight របស់ខ្លួនជាលើកដំបូងហើយ បន្ទាប់ពីផ្តួលជើងខ្លាំង Martin Nguyen ដណ្តើមយកខ្សែក្រវាត់សម្រេច។ ការប្រកួតខ្សែក្រវាត់លើកដំបូងនេះ Thanh Le ត្រូវប៉ះអ្នកលេងគុនចម្រុះ Garry Tonon។

និយាយពី Rodtang វិញបានចូលប្រឡូកក្នុងឆាកប្រដាល់ពិភពលោក ONE កាលពីខែកញ្ញា ឆ្នាំ២០១៨។ រូបគេបានឈ្នះការប្រកួត១០លើកជាប់គ្នា និងមិនស្គាល់បរាជ័យម្តងណាសោះ។ បន្ទាប់មកបានឈ្នះខ្សែក្រវាត់មួយថៃពិភពលោក ONE Flyweight ហើយបានពង្រីកជំនាញប្រកួតឃីកបុកសីងថែមទៀត។

មហិច្ឆតារបស់ជើងខ្លាំងថៃរូបនេះចង់ឈ្នះខ្សែក្រវាត់ពិភពលោក ONE World Champion បីប្រភេទកីឡាផ្សេងគ្នាគឺ មួយថៃ ឃីកបុកសីង និងគុនចម្រុះ។

ចំណែកខ្លាចាស់ងាមេរិក Johnson ជាជើងខ្លាំងគុនចម្រុះគ្រប់សម័យកាល (GOAT)ដែលជោកជាំនៅសង្វៀន UFC និងធ្លាប់ឈ្នះជើងឯកគុនចម្រុះពិភពលោក១២ដង មុនពេលបោះជំហានចូលស្ថាប័ន ONE នៅខែតុលា ឆ្នាំ២០១៨។

ច្បាប់​ប្រកួត​រវាង Rodtang vs DJ

ទឹក១៖ ប្រកួត​មួយថៃ

ទឹក២៖ ប្រកួត MMA

ទឺក​៣៖ ប្រកួត​មួយថៃ

ទឺក៤៖ ប្រកួត MMA

នៅស្ថាប័ន ONE ជើងខ្លាំងគ្រប់សម័យកាល Johnson បានឈ្នះខ្សែក្រវាត់ពិភពលោក ONE Flyweight World Grand Prix នៅឆ្នាំ២០១៩ ប៉ុន្តែកាលពីខែមេសាកន្លងទៅនេះប្រកួតដណ្តើមខ្សែក្រវាត់ចាញ់អធិរាជសង្វៀន Adriano Moraes។ បន្ទាប់មក ខ្លាកំណាចអាមេរិករូបនេះបានបង្ហាញចំណាប់អារម្មណ៍ចង់វ៉ៃលក្ខណៈមួយថៃ។ ទីបំផុតបំណងប្រាថ្នារបស់ Johnson បានសម្រេចហើយដោយត្រូវប៉ះមនុស្សរឹងដូចដែកRodtang ទាំងក្បាច់វ៉ៃមួយថៃលាយក្បាច់គុនចម្រុះ៕

ដោយ៖ ស៊ីធី

អត្ថបទពេញនិយម