អ្នកជំនាញចុះសិក្សាចម្លាក់សេសសល់នៅប្រាសាទភ្នំក្រោម ដើម្បីលើកគម្រោងជួសជុល និងអភិរក្ស

  • 2021-09-17 02:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចុះសិក្សាស្រាវជ្រាវ នូវក្បាច់ចម្លាក់ដែលនៅសេសសល់នៅប្រាសាទភ្នំក្រោម។ ដោយសារអាយុកាល និងអាកាសធាតុធ្វើឱ្យសំណង់ប្រាសាទនេះរងការខូចខាតមិនខុសពីប្រាសាទដទៃទៀតដែរ។

ក្រុមការងារអភិរក្ស បានស្រង់ទិន្នន័យរូបចម្លាក់ដែលនៅសេសសល់តិចតួចដើម្បីដាក់ជូនទៅថ្នាក់ដឹកនាំ ដើម្បីលើកគម្រោងជួសជុល និងអភិរក្សនាពេលអនាគត។ ប្រាសាទភ្នំក្រោមស្ថិតនៅលើកូនភ្នំមួយមានកំពស់១៤០ម៉ែត្រ មានចំងាយប្រហែល១២គីឡូម៉ែត្រ ពីក្រុងសៀមរាប។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និង ដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១​ ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។

ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខៀនមួយពីខាងជើងទៅត្បូង ដែលប្រាង្គកណ្តាលឧទ្ទិសដល់ព្រះឥសូរ ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និង ខាងត្បូងឧទ្ទិសថ្វាយព្រះព្រហ្ម។ កំពូលនៃប្រាង្គទាំងនេះបានដួលរលំអស់ហើយ ហើយតួប៉មដែលនៅសល់រងការសឹករិចរឹលយ៉ាងខ្លាំង។ ប្រាសាទនេះមានកំពែងធ្វើអំពីថ្មបាយក្រៀម និង មានគោបុរៈនៅទិសខាងកើត៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា   កែសម្រួល៖ សៀនហួរ