បាល់ទះ៤ស្មើ៖ ក្រុមយុន រាជ ឌូក ម៉េងហួង ដាវញីឈ្មោល វិសាខា ប៉ះគ្នាកក្រើកស្រុកខ្មែរ

  • 2021-09-20 04:09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ប្រកួតបាល់ទះ៤ស្មើដ៏កក្រើក​មិន​ធ្លាប់​មាន​ Special Volleyball Challenge នឹងចាប់ផ្ដើមសកម្មភាពនាថ្ងៃទី២៤ ខែកញ្ញា រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ខណៈក្រុមចូលរួមសុទ្ធតែខ្លាំងៗលំដាប់ស្រុកខ្មែរដូចជាក្រុមឥន្ទ្រីពិឃាដឌូក, យុនស្រែស្រែ, អធិរាជប្រអប់រាជ, ធី ម៉េងហួង, ដាវញីឈ្មោល និងក្រុម​ខ្លាំង​វិសាខាជាដើម។

ទោះបី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​មិន​ទាន់​បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​ជា​ផ្លូវ​ការ ប៉ុន្តែ​​បើ​ផ្អែក​តាម​ការ​ឱ្យ​ដឹង​ពីប្រភព​​ផ្ទៃ​ក្នុង​​នៃ​ក្រុម​​នីមួយៗ ក្រុម​អធិរាជ​ប្រអប់មានស្មាត់​​រាជ ,ទូច​អង្គរក្ស, តោកំណាច​ស្មី​ធំ, ផានីត, នួន វិចិត្រ និង​ស្មាត់ រស់ ហាន់​វ៉ា។

ចំណែក​ក្រុម​របស់​កង​ពល​ធំ​​លេខ​៩​មាន ជុក សោភា ហៅ​ឥន្ទ្រី​ពិឃាដ​ឌូក, សុខ រ៉ាដូ ហៅឥន្ទ្រីស្លាប​ដែក​ក្ដូ, សាមីត, ទង់, ភាប៉ះសេ​ ចំណែក​ក្រុម​ស្នងការមាន ទុយ កុសល ហៅ​យុនស្រែស្រែ, ឌី លីដា ហៅ​ចាវ​កំពង់ចាម, ជិន រ៉ាត, កែវ សុធារិទ្ធ, អឹុម ណារិទ្ធ ហៅ​តាក់​អន្លង់​វែង និង​ឃាង​ប៉ះសេ។​

បើ​តាម​​ហ្វេសប៊ុក​ផេក​របស់​សុវណ្ណនាថ ក្រុម​របស់​ដាវ​ញីឈ្មោល​មាន ម៉ាប់​ឆ្វេង, សុវណ្ណនាថ, ផានិត​, ជឿន​កំពង់​ស្ពឺ, ស្ដា, និង​​ខ្មៅ​លិក​ម៉ាទីអូ។

ក្រុម​របស់​ក្រសួង​មហាផ្ទៃ មាន​ ធី ម៉េងហួង, ប៊ន ណារិទ្ធ, ខឿន ភារិន, មាស វាសនា, ប៊ន ណារិទ្ធ, ឃុន វាសនា ហៅស្មាត់​យក្ស ខណៈ​ក្រុម​វត្ត​ប្រាសាទ​មាន​​អតីត​អ្នកដេញ​បាល់លឿនជម្រើសជាតិ​កម្ពុជា ម៉ា ប៊ិនយ៉ា, អតីត​កីឡាករ​ក្រសួង​មហាផ្ទៃ លុខ គឹមសៀន, អតីត​ឆ្វេង​វិសាខា ប៉ូច ចាន់ថុល, ម៉ី សុធារ៉ា អ្នកប៉ះសេ​របស់​ក្រុម​អង្គរក្ស​ការពារ​ផ្ទាល់, នៅ តុលា និង​ ទុំ សេរីរាជ្យ។

ការប្រកួតលក្ខណៈស្តង់ដារនេះ ត្រូវបានមហាជនមើលឃើញថានឹងធ្វើអោយកក្រើកតារាងបាល់ទះវិសាខានៅកីឡដ្ឋានព្រីនស៍។

លោក ចាន់ សីហា អ្នកស្នេហាវិស័យកីឡាបាល់ទះមួយរូប បានបង្ហាញការសាទរដែលគណៈកម្មការ Special Volleyball Challenge បង្កើតអោយមានកម្មវិធីនេះឡើយ។

លោកបានពន្យល់ថា ៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលគេរៀបចំការប្រកួតបួនស្មើ ហើយស្តង់ដារទៀត។ ខ្ញុំជឿថាការប្រកួតនេះនឹងល្អមើល ហើយកីឡាករយើងនឹងបានបទពិសោធ​ថ្មីៗ​ពី​ការ​ប្រកួត​មួយ​នេះ​»។

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធានគណៈកម្មការរៀបចំការប្រកួត

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២១​ កន្លងទៅ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធានគណៈកម្មការរៀបចំការប្រកួតពានរង្វាន់ព្រឹត្តិការណ៍នេះក៏បានអោយដឹងដែរថា លោករៀបចំការប្រកួតនេះឡើង ដោយមានការអនុញ្ញាតពីសហព័ន្ធបាល់ទះ និងក្នុងគោលបំណងអោយ​កីឡាករ​ដកស្រង់បច្ចេកទេសថ្មី និង​បង្ហាញសមត្ថភាព។

លោក សេរីពិសិដ្ឋ បានបញ្ជាក់ថា ៖«...រៀបចំការប្រកួតនេះឡើងក្នុងគោលបំណងដកស្រង់បច្ចេកទេសថ្មីៗ និងផ្ដល់ឱកាសឱ្យកីឡាករបានហ្វឹកហាត់កន្លងមកបានបង្ហាញសមត្ថភាពរៀងៗខ្លួន។ មួយវិញទៀតចង់បំផុសការគាំទ្រពីមហាជន ព្រោះការប្រកួតក្រៅប្រព័ន្ធកន្លងមក មិនទាន់មានការរៀបចំស្តង់ដារត្រឹមត្រូវ។ ដូច្នេះហើយទើបយើងកំណត់ជាគោលការណ៍ និងស្តង់ដារមួយឱ្យសមស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវវិញ។ ជាមួយគ្នានេះការរៀបចំការប្រកួតនេះគឺដើម្បីរិតចំណងមិត្តភាព សាមគ្គីភាព រវាងកីឡាករ គ្រូបង្វឹកនិងថ្នាក់ដឹកនាំក្រុមនានា»។

លោកបានបន្ថែមទៀតថាការប្រកួត៤ស្មើនេះ ក៏ធ្វើ​ឡើង​ស្រប​តាម​វិធានរបស់ក្រសួងសុខាភិបាលដែរ។

លោក​បន្ត​ថា ៖«យើងរៀបចំការប្រកួតលក្ខណៈ៤ទល់៤ នេះឡើង ហើយអាចកាត់បន្ថយចំនួនកីឡានៅក្នុងទីលានប្រកួត។ ម្ខាងលេខបាន៤នាក់ បូកគ្រូបង្វឹក១រូប កីឡាករបម្រុង២រូបទៀត និងគណៈកម្មការបច្ចេកទេសខ្លះគឺស្របតាមការកំណត់របស់វិធានសុខាភិបាល»។

សុវណ្ណនាថ និង ម៉ាប់ឆ្វេង

ការ​ប្រកួត​នេះ​គណៈកម្មការ​តម្រូវ​ជ្រើស​យក​១២​ក្រុម (អាស្រ័យ​តាម​ក្រុម​ដាក់​ពាក្យ)​​ ដោយ​បែងចែក​ជា​​វគ្គ​ជម្រុះ​តាម​ពូល វគ្គ​៨ក្រុម​ចុងក្រោយ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ក្រុម​ឈ្នះ​ជើង​ឯក​នឹង​ទទួល​បាន​ពានចំនួនមួយ និងថវិកាចំនួន ១០លានរៀល ក្រុម​ជើង​ឯករង​​ទទួល​បាន​ថវិកា​៨លានរៀល និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ ទទួល​បាន​៦​លានរៀល។ ដោយឡែក​ពានរង្វាន់​ឯកត្តជន​​ (ម្នាក់ៗ) ជា​កីឡាករវាយប្រយុទ្ធល្អជាងគេ, កីឡាករធ្វើរនាំងល្អជាងគេ, កីឡាករវាយសេវាល្អជាងគេ និង​កីឡាករលើកបាល់ល្អជាងគេ ទទួល​រង្វាន់​ជា​ថវិកា​​ម្នាក់ ចំនួន​៤​សែន​រៀល៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម