រឿង​ពិតកវី គង្គ ប៊ុនឈឿន សល់​ជីវិត​ពី​ប៉ុលពត ដោយ​សារ​ជួប​អ្នក​ប្រហារ​ជា Fan របស់​លោក

  • 2021-09-20 07:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គង្គ ប៊ុនឈឿន បាន​ទទួលមរណភាព​នា​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ នៅ​ក្នុង​ប្រទេស ន័រវេស​ដោយ​រោគាពាធ ប៉ុន្តែ​លោក អាច​នឹង​អស់​ជីវិត​តាំង​ពី​នៅ​ក្នុង​របប​អាវ​ខ្មៅម្ល៉េះ ប្រសិន​បើ​មិន​មាន​រឿង​ចៃដន្យ​មួយ​នៅ​ក្នុង​របប​បន​ប្រល័យ ​ជាង​៣ឆ្នាំ​នោះ។

តាម​ខ្លឹមសារ​ដក​ស្រង់​ពី​ឯកសារ "ជីវិត នៃជីវិតគង្គ ប៊ុនឈឿន វគ្គពីរ" ផ្សាយ​ឡើង​វិញ​ដោយ​ទំព័រ "ចៅ​កម្ពុជា" បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​លោក គង្គ ប៊ុនធឿន ត្រូវ​បន​ប្រល័យ​ត្រៀម​នឹង​ប្រហារ​ទៅ​ហើយ​នោះ រឿង​ចៃដន្យ ក៏​បាន​កើត​ឡើង ហើយ​ដំណើរ​ការ​បញ្ចប់​ជីវិត​កវី​ម្ចាស់​ស្ទឹង​សង្កែ​ក៏​បញ្ឈប់​ភ្លាមៗ ដោយ​សារ​អ្នក​ប្រហារ​នោះ គឺ​ជា​អ្នក​គាំទ្រ​ស្នាដៃ​ម្នាក់​របស់​លោក។

តាម "ចៅ​កម្ពុជា" បាន​ឲ្យ​ដឹង​ថា លោក គង្គ ប៊ុន​ឈឿន ត្រូវ​ខ្មែរ​ក្រហម​ចង​ដាក់​ក្នុង​ថ្លុក​ក្របី​រួច​ស្រេច ត្រៀម​ប្រល័យឱ្យសូន្យសង្ខារ ក្រោម​ការ​ចោទ​ថា លោក​ជា​សេអុីអា ដោយសារ​ពួក​គេ​រក​ឃើញ​ដុំហ្វីលលាក់​មួយ​ក្នុង​ស្រោមខ្នេីយ​របស់​លោក។

ប៉ុន្តែ​ពេល​​នោះ អ្នក​ស្រី តាត គីមលន ជា​ភរិយា​លោក​កវី បាន​ប្រាប់​ទៅ​ពួកខ្មែរ​ក្រហម​នូវ​ការ​ពិត​មួយ​ចំនួន​ថា ស្វាមី​របស់​អ្នក​ស្រី​មិន​មែន​ឈ្មោះ "ជា" ទេ គឺឈ្មោះ គង្គ ប៊ុនឈឿន ជាអ្នកនិពន្ធសៀវភៅរឿងប្រលោមលោក ដឹកនាំថតខ្សែភាពយន្ត និពន្ធបទភ្លេង ទំនុកច្រៀង និងចេះគូររូបខ្លះផង!។ បញ្ហា​ដែល​នាំ​ឲ្យ​លោក​សម្រេច​ប្ដូរ​ឈ្មោះ ដោយ​សារ​តែ​មាន​ការ​ណែនាំ​ថា បើមិនលាក់ប្រវត្តិរូបទេមុខជា​អាយុ​មិន​វែង​ឡើយ ព្រោះអង្គការមិនចូលចិត្តអ្នកអក្សរសាស្ត្រ ចេះដឹង ឬ​បញ្ញវ័ន្តអីនោះទេ។

អ្នកស្រី តាត គឹមលន ទទួល​លោក​ សុះ ម៉ាច អតីត​ប្រធានសមាគម​សិល្បករ​ខ្មែរ(រូបភាពឆ្នាំ ២០១៦័

ដោយ​ឡែក​ចំពោះ​ដុំ​ហ្វីល ដែល​រក​ឃើញ​នៅ​ក្នុង​នៅ​ស្រោម​ខ្នើយ​របស់​ស្វាមី​នោះ ក៏​មិន​មែន​ដូច​ទាហាន​ខ្មែរ​ក្រហម​គិត​ដែរ។ "ដុំ​ហ្វីលកុន រកឃើញក្នុងស្រោមខ្នើយនោះ គឺជារឿងកុនថ្មីចុងក្រោយ ដែលប្តីខ្ញុំរៀបចំថតហើយមិនទាន់បញ្ចាំង ក៏ដាក់មកជាមួយដោយនឹកស្តាយឈ្មោះ មុខមួយផ្នែកបួន !....ព្រោះឮអង្គការថា ចេញតែ៣ថ្ងៃត្រឡប់ចូលវិញ ! ដូច្នេះ វាមិនមែនជាខ្សែT.O អីនោះទេ ព្រោះបើតាមខ្ញុំធ្លាប់ដឹង ខ្សែ T.O គ្មានរូបទេ!"។ អ្នក​ស្រី គូស​បញ្ជាក់​ទៅ​ទាហ៊ាន​ខ្មែរ​ក្រហម។

ក្រោយ​ទទួល​បាន​ការ​ស្រាយ​បំភ្លឺ​នេះ​ពី​អ្នក​ស្រី តាត គឹមលន់ កម្មាភិបាល​ម្នាក់ ហាក់​ភ្ញាក់​ផ្អើល​ចំពោះ​សាវតារ​របស់​លោក​កវី ហើយ​រូប​សួរបញ្ជាក់​ទៀត​ថា "ប្តី​បង​ស្រី គឺ​អ្នកនិពន្ធ គង្គ ប៊ុនល្បឿន មែនទេ?"។ "ចា៎! ខ្ញុំមិនកុហកទេ បើខ្ញុំនិយាយមិនពិត សូមឱ្យពួកមិត្តសម្លាប់ខ្ញុំចុះ!"។

ទទួល​បាន​ការ​បញ្ជាក់​ដោយ​ម៉ឺងម៉ាត់​បែប​នេះ កម្មាភិបាលរូបនោះ ក៏ដើរទៅទាញកន្ទុយចន្លុះពីដៃយុទ្ធ​មិត្តរបស់​ឡេ យកទៅឈួលមើលមុខ សួរបណ្តើរថា៖ "បង គង្គ ប៊ុនឈីន បងជាអ្នកនិពន្ធរឿងឥន្រ្ទកុមារ ឬចាស់វែក និងពណ្ណរាយក្នុងដែននាងមច្ឆា មែនទេ...ហើយខំរកនឹកមើល៍ តើបងមានចំណាំមុខខ្ញុំបានខ្លះទេ?"។

លឺ​បែប​នេះ លោក គង់ ប៊ុន​ឈឿន ដែល​ដៃ​ជាប់​ចំណង​នៅ​ឡើយ ចាប់​ផ្ដើម​រំភើប​ជាមួយ​ក្ដី​សង្ឃឹម ហើយ​បាន​ងើយ​សម្លឹងមុខ​ជន​ហើយ​ឆ្លើយ​ទាំង​លំបាក​ថា គឺ​លោក​នេះ​ហើយ​ជា​ម្ចាស់​និពន្ធ​រឿង​ទាំង​នោះ។ "បាទ រឿងទាំងអស់នោះ ខ្ញុំសរសេរមែន ! គឺជាកម្រងជីវិតតស៊ូផ្សងព្រេងរបស់អ្នកក្លាហានម្នាក់ឈ្មោះពណ្ណរាយ... តែខ្ញុំចំណាំមុខសមមិត្តប្អូនមិនបានទេ !ហើយហេតុដូចម្តេចបានជាសមមិត្តប្អូនស្គាល់ខ្ញុំ?"។

កម្មាភិបាល​រូប​នោះ បាន​រៀបរាប់បន្តហូរហែរ​ឱ្យដឹងថា គេជាខ្សែរយៈបង្កប់ដ៏សំខាន់ម្នាក់របស់ខ្មែរក្រហមប្រចាំក្រុងភ្នំពេញ។ គេមាន​បេសកកម្មពិសេស សម្រាប់តាមដានបញ្ញវ័ន្តផ្សេងៗ ដូចជាគ្រូបង្រៀន អ្នកនិពន្ធកាសែតនិងសិល្បករជាដើម។ ហេតុនេះហើយ ទើបគេស្គាល់​លោក​ច្បាស់។

តាម​ឯកសារ​ដដែល កម្មាភិបាល​រូប​នោះ ​គេបានបន្លំខ្លួនធ្វើជាអ្នកធាក់ស៊ីក្លូ ចូលចិត្តទិញកាសែត និងសៀវភៅទៅអានមិនដែលដាច់ដើម្បីស្វែងយល់ពីទស្សនៈរបស់អ្នកនិពន្ធម្នាក់ៗ ហើយ​រូប​គេ​កត់​សម្គាល់​ថា លោក គង្គ ប៊ុន​ឈឿន គឺ​ជា​អ្នក​និពន្ធ​មានទស្សនៈប្រឆាំងដាច់ខាតចំពោះវណ្ណៈជិះជាន់ព្រម​ទាំង​ ធ្លាប់មានទុក្ខទោសព្រោះរឿងសរសេរសៀវភៅនេះ ច្រើនដងមកហើយទៀតផង។

ដោយ​សារ​បែប​នេះ​ហើយ លោក​កវី​ដែល​មាន​រហស្សនាម "កវី​ម្ចាស់​ស្ទឹង​សង្កែ" ក៏​បាន​រួច​ជីវិត​ពី​ក្រញុំា​យមរាជ ដោយ​កម្មាភិបាល​ជា​អ្នក​គាំទ្រ​ស្នាដៃ​និពន្ធ​របស់​លោក​បាន​យក​ខ្លួន​មក​ធានា ថា​លោក​មិន​មែន​ជា​ជន​បង្កប់​សេអ៊ីអា​នោះ​ទេ ពោល​គឺ​លោក​ជាអ្នកនិពន្ធដែលជួយលើកតម្កេីងវណ្ណៈអធន​របស់​ពួក​គេ ពិសេស​គេ​បានស៊ើបដឹង​ទៀត​ថា លោក​កវី មិនបានចូលធ្វើទាហាន​លន់ណុល​ឡើយ។

ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូល​គោរពវិញ្ញាណក្ខន្ធ​កវី គង្គ ប៊ុនឈឿន(រូបភាព​ឆ្នាំ ២០១៦)

ក្រោយ​រួច​ជីវិត​ទាំង​ប្រផិតប្រផើយ​ពី​បន​ប្រល័យ លោក គង្គ ប៊ុន​ឈឿន បាន​ទទួល​មរណភាព​កាល​​​ថ្ងៃទី១៧ខែមេសា ឆ្នាំ ២០១៦។ មរណភាព​របស់​លោក​កវី បាន​នាំ​ដល់​ការ​សោកស្ដាយ​យ៉ាង​ច្រើន ព្រោះ​តែបាត់​ម្ចាស់​​ទឹកដៃ​និពន្ធ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​សង្គម។ ស្នាដៃ​របស់​លោក ដែល​ប្រកប​ដោយ​គតិ​អប់រំ បណ្ដុះ​មនសិការ មាន​សល់​សន្ធឹកសន្ធាប់​នៅ​ក្នុង​​ប្រលោម​លោក កំណាព្យ ភាពយន្ត និង​បទ​ចម្រៀង​ជា​ច្រើន៕

សិល្បករនាំគ្នាទៅ​គោរពវិញ្ញាណក្ខន្ធ​កវី គង្គ ប៊ុនឈឿន(រូបភាព​ឆ្នាំ ២០១៦)

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម