តាមទំនៀមពីបុរាណ ពិធីបោះបាយបិណ្ឌមានក្បួនត្រឹមត្រូវ មិនមែនចេះតែបោះឡើយ បើធ្វើខុសប្រេតមិនទទួលឡើយ

  • 2021-09-28 03:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​វេលា​ទៀប​ភ្លឺ ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​ ក្មេង​ចាស់ ​ប្រុស​ស្រី តែង​ទៅ​បោះបាយ​បិណ្ឌ​ នៅ​ឯវត្ត​ ដោយ​គេ​មាន​ជំនឿ​ថា ធ្វើ​បែប​នេះ​ពពួក​ប្រេត​នឹង​ទទួល​បាន​នំ​ចំណី បាយ​ទឹក​ដោយ​ផ្ទាល់។

នៅ​វេលា​ទៀប​ភ្លឺ​ក្នុង​ពេល​បោះ​បាយ​បិណ្ឌ​នោះ​ដែរ ព្រះសង្ឃ​តែង​សូត្រ​ធម៌​ ជាមួយ​នឹង​ពុទ្ធ​បរិស័ទ​ទាំង​អស់​កាន់​ចាន​បាយ​បិណ្ឌ​រៀងៗ​ខ្លួន ដើរ​តម្រង់​ទៅ​ព្រះ​វិហារ ដើម្បី​ធ្វើ​ពិធី​បោះ​បាយ​បិណ្ឌ។

តាម​លោក​តា​អាចារ្យ​ ចក់ ឡាង ប្រចាំវត្តអារាមមួយនៅ ឃុំ​តាំង​ក្រូច ស្រុក​សំរោងទង ខេត្ត​កំពង់​ស្ពឺ បាន​ប្រាប់​ថា កូន​ខ្មែរ​មួយ​ចំនួន មិន​បាន​យល់​ច្បាស់​ពី​ទំនៀម​ទម្លាប់​បោះ​បាយ​បិណ្ឌ​បាន​ច្បាស់​ឡើយ ជួន​កាល​ក៏​ធ្វើ​ត្រូវ​ទៅ រី​ឯ​ខ្លះ​ទៀត​ចេះ​តែ​បោះៗ​​ឲ្យ​តែ​អស់​បាយ​ពី​ចាន។

តាម​ទំនៀម​ទម្លាប់​ខ្មែរ ចក់ ឡាង ប្រាប់​ថា ពេល​ដើរ​ជុំវិញ​ព្រះ​វិហារ​នោះ គេ​ត្រូវ​ដុត​ធូប​៥​សរសៃ​ដាក់​នៅ​លើ​ចាន​បាយបិណ្ឌ។ ដើរ​បាន​១​ជុំ អាចារ្យ​ប្រកាស​ថា «អនុមោទនា​លោកអើយ!» ហើយ​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​បោះ​បាយ​បិណ្ឌ​ស្រែក​បន្ទរ​ថា «សាធុ!» រួច​គេ​ចាប់​បាយ​១​ដុំ​ដាក់​លើ​ដី(បច្ចុប្បន្ន​នៅ​តាម​វត្ត​មាន​ដាក់​កញ្ឆេរ​ឲ្យ​ដាក់​បាយ​បិណ្ឌ) ឬ​បោះ​ទៅ​ទី​ឆ្ងាយ ហើយ​ត្រូវ​ដោត​ធូប​១​សរសៃ និង​ផ្កា​ផ្សេងៗ​១​ទង​នៅ​លើ​ដី​ដែរ។ គេត្រូវ​ធ្វើ​ដូច​នេះ​គម្រប់​៣​ដង ឬ​៣​ជុំ។

លោក​តា​អាចារ្យ​រូប​នេះ​ប្រាប់​ទៀត​ថា បាយ​បិណ្ឌ និង​ធូប​ដែល​នៅ​សល់ គេ​នាំ​យក​ទៅ​តាម​អាចារ្យ ដែល​អញ្ជើញ​ចេញ​ទៅ​ក្រៅ​វត្ត ទៅ​កាន់​ទី​ដែល​នៅ​ជិត​ខ្ទម​អ្នក​តា ឬ​ក្រោម​ដើម​ឈើ​ធំៗ ហើយ​អុជ​ធូប និង​ចាក់​បាយបិណ្ឌ​ទាំង​អស់​នោះ ទៅ​លើ​ដី​ដើម្បី​ឲ្យ​ខ្មោច ដែល​គ្មាន​បងប្អូន​ធ្វើ​បុណ្យ​បញ្ជូន​ឲ្យ។ តាម​ទំនៀម​ពី​បុរាណ អាចារ្យ​ហាម​មិន​ឲ្យ​លាង​ចាន និង​លាង​ដៃ​នៅ​ទី​នោះ​ឡើយ។

បន្ទាប់​មក​ អាចារ្យ​ធ្វើ​ពិធី​បង្សុកូល​ ច្រូច​ទឹក​លើ​នំ​ចំណី និង​បាយបិណ្ឌ​ឲ្យ​ប្រេត​ទាំង​នោះ ដែល​មក​ចាំ​ទទួល​ដែរ តែ​គ្មាន​ញាតិ​សន្ដាន​ឧទ្ទិស​ឲ្យ៕

អត្ថបទ ៖ កវី