គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​ ទើបសព្វថ្ងៃលាបពណ៌ក្រហមសុទ្ធនៅលើជញ្ជាំង​ទៅវិញ

  • 2021-09-21 07:38:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចគ្នាដែរនឹងវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវ ឯក្រុងបាងកក នគរថៃ ព្រះឧបោសថរតនារាមព្រះកែវមរកត នៃព្រះបរមរាជវាំងចតុម្មុខមង្គល ក៏មានរចនាដោយរូបគំនូរបុរាណខ្មែរយ៉ាងល្អវិចិត្រផងដែរ នៅនឹងជញ្ជាំងទាំង៤ទិសរបស់ព្រះវិហារ។ មកដល់សម័យថ្ងៃនេះ រូបគំនូរបុរាណទាំងអស់ត្រូវបានបាត់បង់ទាំងស្រុង ដោយមិនមានស្លាកស្នាមណាឡើយ និងជំនួសមកវិញដោយការលាបព័ណ៌ក្រហមសុទ្ធនៅលើជញ្ជាំងទាំងនោះទៅវិញ។

តាមការសិក្សាស្រាវជ្រាវឲ្យដឹងថា ព្រះវិហារព្រះកែវត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះករុណា ព្រះសុវណ្ណកោដ្ឋ ក្នុងអំឡុងឆ្នាំ១៨៩២ រហូតដល់ឆ្នាំ១៩០២ និងក្រោយមកនៅក្នុងរជ្ជកាលព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ក៏ត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញ គឺនៅក្នុងអំឡុងឆ្នាំ១៩៦២។ ក្រោយមកនៅពេលដែលនគរខ្មែរពើបប្រទះសង្គ្រាមអស់ជាច្រើនទសវត្សរ៍នោះ ក៏ដូចជាទីសំខាន់ៗជាច្រើនទៀតរបស់ព្រះនគរត្រូវបានបោះបង់ និងខូចខាតទៅតាមធម្មជាតិ ជាមួយគ្នានេះដែរ ព្រះវិហារព្រះកែវមរកត ក៏ត្រូវបានរៀបចំឡើងវិញ ក្រោយនគរខ្មែរស្ថាបនារបបរាជាធិបតេយ្យឡើងវិញ នាអំឡុងឆ្នាំ១៩៩៣។ នេះបើតាមប្រភពពី​ ស្រែខ្មុក។

បើយើងពិនិត្យមើលរូបភាពចាស់ៗជាច្រើនមុននគរខ្មែរមានសង្គ្រាម នោះយើងនឹងឃើញនូវរូបភាពគំនូរបុរាណយ៉ាងល្អវិចិត្រត្រូវបានក្រុមវិចិត្រករជំនាញៗខ្មែរនាសម័យនោះគូសវាសយ៉ាងស្អាតសម្រាប់ព្រះវិហារ ទុកជាកេរនៃព្រះនគរ មិនចាញ់គ្នាប៉ុន្មានពីរូបគំនូរបុរាណនៅក្នុងព្រះវិហារព្រះកែវរបស់ក្រុងសៀមនោះឡើយ។ តែអ្វីដែលគួរឲ្យសោកស្ដាយនោះ មកដល់សម័យនេះ ស្រាប់តែរូបគំនូរបុរាណទាំងអស់នោះ បាត់បង់ទាំងស្រុង ដោយមិនបន្សល់ទុកប្រវត្តិសាស្ត្រសូម្បីតែបន្តិច និងគួរឲ្យសោយស្ដាយយ៉ាងពន់ពេក។ យើងមិនដឹងថាមានហេតុផលអ្វីឲ្យប្រាកដ និងចាប់តាំងពីឆ្នាំណាមកទេ ដែលគំនូរបុរាណនាព្រះវិហារព្រះកែវមរកត នៃយើងត្រូវបានបាត់បង់នោះ។

តទៅអនាគតនៅពេលដែលព្រះនគរយើងបានសាន្តត្រាណសង្ឃឹមថា គំនូរបុរាណថ្មីមួយដោយយកតាមលំនាំគំនូរបុរាណចាស់នៃព្រះវិហារព្រះកែវ នឹងត្រូវបានកូនខ្មែរជំនាន់ក្រោយគូសវាសឡើងវិញ ដើម្បីរក្សាទម្រង់ដើមនៃព្រះវិហារ ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះនគរ៕

កែសម្រួល៖ សៀនហួរ