ដល់​តែ​តាម​បាន​ដឹង​ថា ខៀវ សានសាណា ចូល​មក​ដល់​អាជីព​នេះ មិន​មែន​លំ​ៗ​ទេ!

  • 2021-09-22 03:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី​ទូរទស្សន៍ CTN ខៀវ សានសាណា ដែល​គេ​ស្គាល់​ថា​អ្នកពូកែ​វោហាស័ព្ទ និង​ចំណេះ​ដឹង​ទូលំទូលាយ​ម្នាក់​នោះ តាម​ពិត​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាលខ្ពង់​ខ្ពស់​មិន​ធម្មតា មុន​ពេល​អាច​ចូល​មក​កាន់​អាជីព​បច្ចុប្បន្ន​នេះ។

តាម​ព័ត៌មានដែល​ទទួល​បាន សាណា គឺ​ជា​អតីត​សិស្ស​ដេប៉ាតឺម៉ង់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ហៅកាត់​ថា "DMC" ដែល​អាច​និយាយ​បាន​ថា គឺ​ជា​ពិធីការិនី​ទូរទស្សន៍​តែ​ម្នាក់​នៅ​កម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា​នៅ​គ្រឹះស្ថាន​អប់រំ​ធំ​មួយ​នេះ។ នាងធ្លាប់​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​អស់​រយៈ​ពេល​៤​ឆ្នាំ មុន​ពេល​នាង​អាច​ផ្លាស់​ប្ដូរ​មក​កាន់​អាជីព​ជា​អ្នក​អត្ថាធិប្បាយ​​ដូច​សព្វថ្ងៃ។

បើ​តាម​សាមី​ខ្លួន បាន​ឲ្យ​ដឹង​ថា នាង​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ទទួល​បាន​សញ្ញាប័ត្រ​ទុតិយភូមិ ឬ​បាក់​ឌុប​នៅ​ក្នុង​ឆ្នាំ ២០០២ ហើយ​ភ្លាម​ៗ​នាង​ក៏​បាន​ចូល​សិក្សា​នៅ DMC ភ្លាម​ដែរ។ សាណា បាន​ជ្រើសរើស​ជំនាញ​នេះ ដោយ​មិន​បាន​ពិចារណា​ជំនាញ​ទូទៅ​ដែល​សាកសម​ជាមួយ​នឹង​ស្ត្រី​ដូច​ជា គណនេយ្យ ពាណិជ្ជកម្ម​ឡើយ។

តាម​ហេតុផល គឺ​ដោយ​សារ​នាង​មាន​ឪពុក​ជា​អ្នក​សារព័ត៌មាន​ជើង​ចាស់ គឺ​លោក ខៀវ កូឡា ជា​អ្នក​រុញច្រាន ដូច្នេះ​នាង ក៏​បាន​មក​កាន់​វិថី​នេះ ដោយ​មិនរារែក ហើយ រយៈ​ពេល​៤​ឆ្នាំ DMC សាណា​មាន​ឱកាស​រៀន​សូត្រ​ជា​ច្រើន មិន​ថា​ជំនាញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចំណេះដឹង​ភាសា​បរទេស និង​ចំណេះដឹង​ទូទៅ។

"រៀន​នៅ​ទី​នោះ ខ្ញុំ​ឧស្សាហ៍​បាន​ទៅ​អឺរ៉ុប​ដូច​ជា​អាឡឺម៉ង់ បារាំង ហូឡង់ ព្រោះ DMC មាន​ទំនាក់ទំនង​ជាមួយ​អង្គការ​ជា​ដៃគូ​ច្រើន ដែល​អាច​ឲ្យ​សិស្ស​រៀន​នៅ​ទី​នោះ ឧស្សាហ៍​បាន​ទៅ​ក្រៅ​ប្រទេស"។ នេះ​រាប់​ថា​ជា​កម្មសិក្សា​ពិសេស​មួយ ដែល​ធ្វើ​នាង​រៀន​បាន​ច្រើន​ពី​សកលភាវូបនីយកម្ម និង​ចំណេះ​ដឹង​ទូទៅ​ជា​ច្រើន រាប់​ជា​ទុន​ដ៏​សំខាន់​មួយ​សម្រាប់​ការងារដូច​ជា​នាង​នា​ពេល​បច្ចុប្បន្ន។

ខៀវ សានសាណា បាន​បញ្ចប់​ការ​សិក្សា​នៅ DMC ក្នុង​ឆ្នាំ ២០០៦។ ប៉ុន្តែ​រឿង​ដែល​អស្ចារ្យ​នោះ គឺ​នាង​ផ្ដើម​មាន​ការងារ​ល្អ​ធ្វើ​តាំង​ពី​សិក្សា​ឆ្នាំ​ទី​១មក​ម្ល៉េះ។ "គ្រូ​ខ្ញុំ និង​បង​នាយក​នៅ CTN ជា​មិត្តភ័ក្តិ​គ្នា ហើយ​គ្រូ​ណែនាំ​ទៅ បង​នាយក​ថា បើ​ចង់​បាន​បុគ្គលិក​ធ្វើ​ការ​ឲ្យ​មក​មើល​នៅ DMC មក ហើយ​ខាង CTN ក៏​មក ហើយ​ចុង​ក្រោយ​បាន​រើស​យក​ខ្ញុំ អីចឹង​ហើយ​ខ្ញុំ​មាន​ការងារ​ធ្វើ​តាំង​ឆ្នាំ​ទី១​ម្ល៉េះបង!”។

សាណា បញ្ជាក់​ថា សិស្ស​សិក្សា​នៅ DMC ក្រោយ​រៀន​ចប់ អាច​ចូល​ធ្វើ​ជា​អ្នក​សារព័ត៌មាន ឬ​ក៏​ធ្វើ​ជា​ការងារ​ផ្នែក​ទូរទស្សន៍ ហើយ​នាង​ទទួល​យក​ផ្នែក​ទូរទស្សន៍​នេះ។ បច្ចុប្បន្ន ខៀវ សានសាណា គឺ​ជា​ពិធិការិនី និង​ជា​អ្នក​ផលិតកម្មវិធី​នៅ CTN។ នាង​គឺ​ជា​បុគ្គលិក​ពេញសិទ្ធិ​មាន​កុងត្រា ដូច្នេះ​ហើយ ទើប​គេ​ឃើញ​នាង​មិន​មាន​មុខ​នៅ​បណ្ដា​ស្ថានីយផ្សេង​នោះ​ទេ៕

អត្ថបទ៖ ទារិកា