ទោះ​បី​ជា​ប្រទេស​តូច សិង្ហ​បុរី មាន​កោះដ៏ស្រស់ស្អាត​ដែល​អ្នកមិន​អាច​មើល​រំលង​បាន

  • 2021-09-25 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា សិង្ហបុរី គឺ​ជា​គោល​ដៅ​ទេសចរណ៍ដ៏មាន​ប្រជា​ប្រិយភាព ដោយ​សារ​តែ​មាន​កន្លែងកម្សាន្ត​ជាច្រើន ហើយ​ក៏មាន​ភាពល្បី​ល្បាញ​ក្នុងនាម​ជា​កន្លែងដើម្បី​​ទិញ​ឥវ៉ាន់ និង​​​ដើរ​កម្សាន្ត​នា​ពេលរាត្រី​ ផង​ដែរ​។

ក្នុងនាម​ជា​គោល​ដៅ​ទេសចរណ៍​មួយ​ក្នុងចំណោម​គោល​ដៅ​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ភាព​ស្រស់ស្អាត និង​ទី​កន្លែង​កម្សាន្ត​ជាច្រើន​របស់​សិង្ហបុរី ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍​គ្រប់​ប្រភេទ​ទាំង​អស់​។ មិនត្រឹម​តែ​ប៉ុណ្ណោះ កោះ​ជាច្រើន​នៅ​ក្នុង​ទីក្រុង Lion City មួយនេះ ក៏មាន​ទេសភាព​ស្រស់​ស្អាត និង​លក្ខណៈ​ពិសេស​ផងដែរ​។

មិន​ថា លោក​អ្នក​ចង់​ទៅ​វិស្ស​ម​កាល​ជាលក្ខណៈ​គ្រួ​សារ ឬ​ទៅ​ក្រេប​ទឹក​ឃ្មុំ កោះទាំង​៦របស់​​សិង្ហ​បុរី​ខាងក្រោម​នេះ គឺ​ជាកន្លែង​ដ៏ល្អ​ឥត​ខ្ចោះ​ក្នុងការ​ទៅ​សម្រាក​វិស្ស​មកាល​ប្រកបដោយ​ការ​ចង​ចាំ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៅ​ទៀតនោះ លោក​អ្នក​មិន​​ចាំ​បាច់​​ប្រើប្រាស់​លិខិត​ឆ្លង​ដែន ដើម្បីទៅ​កាន់​កោះ​ទាំងនោះឡើយ​។

1. កោះ Sentosa ដែល​ជា​កោះ​មាន​ប្រជា​ប្រិយ​ភាព​បំផុត

ក្នុង​នាម​ជា​​កោះមួយ​ក្នុង​ចំណោម​កោះ​ដ៏​មាន​ប្រជា​ប្រិយភាពបំផុត​នៅ​សិង្ហ​បុរី Sentosa គឺ​ជា​គោល​ដ៏​រស់​រវើក និង​គួរ​ឲ្យ​ទាក់​ទាញ​។ ស្ថិតនៅ​មិន​ឆ្ងាយពី​ទីក្រុង លោក​អាច​ធ្វើ​ដំណើរ​ទៅ​កាន់កោះ Sentosa តាមរយៈរទេះភ្លើង Sentosa Express ឬ​ក៏​ធ្វើ​ដំណើរ​ដោយថ្មើរ​ជើង​តាម​ស្ពាធដែល​ភ្ជាប់​កោះ​ Sentosa និង​សិង្ហ​បុរី​ ក៏បាន​។

កោះ​ Sentosa ពិត​ជា​ទាក់ទាញ និង​ប្រមូល​ផ្តុំ​កន្លែកម្សាន្ត​ជាច្រើន​ដូច​ជា សួន​ទឹក Universal Studio, Trick Eye Museum, SEA Aquarium ភោជនីយដ្ឋាន​ដ៏សម្បូរ​បែប ហាង​ទិញ​ឥវ៉ាន់ និង​ស្ប៉ា​។ ក្រៅ​ពីនេះ កោះ Sentosa នៅមានកន្លែង​កម្សាន្ត​ និង​សកម្មភាព​ដ៏គួរ​ឲ្យ​ទាក់​ទាញ​ជាច្រើន​ទៀត​ដូច​ជា កន្លែង​លេងត្រីដុលហ្វិន ការ​ធ្វើ​ដំណើរ​ផ្ស​ង​ព្រេង​ដោយ​ការ​ជិះ​ខ្សែ​រ៉ត ការ​លេងកីឡា​លើ​ឆ្នេរខ្សាច់ លោត Bungee និងជិះ Cable Car Sky Network ជា​ដើម​។

2. កោះ Pulau Ubin ដែល​ជា​កោះ​មាន​ភាពល្បី​ល្បាញ​លើ​​សម្រស់​ធម្ម​ជាតិ

មាន​ទី​តាំង​ស្ថិតនៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​សិង្ហ​បុរី កោះ​នេះ គឺ​ជាកន្លែង​ដ៏ល្អ​ឥត​ខ្ចោះ​ក្នុងការ​ស្រូប​យក​ខ្យល់​បរិសុទ្ធ និង​ទស្ស​នា​សម្រស់​ធម្ម​ជាតិ​។ ខណៈដែលត្រូវ​បាន​គេ​ស្គាល់ថា ជា​​កោះ​ថ្ម​ក្រានីត កន្លែង​នេះ នឹង​ធ្វើ​ឲ្យ​លោក​អ្នកឃើញ​ពី​ទស្ស​នីយភាព​ដែលមានលក្ខខណៈ​ពិសេស និង​អស្ចារ្យ​ជាង​គេ​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​អ្នក​ក៏​អាច​ទៅកម្សាន្ត​នៅ​ភូមិ​អ្នក​ស្រុក​នៅ​ទីនោះ ក៏ដូច​ជា​ សាក​ល្បង​ម្ហូបគ្រឿង​សមុទ្រ​ដ៏ឆ្ងាញ់​ពិសានៅ​ភោជនីយដ្ឋាន Smith Marine ជា​ដើម។

ក្រៅ​ពី​មាន​តំបន់​ដីលិច​ទឹក ឆ្នេរដ៏ស្រស់ស្អាត និងប៉ម​ដើម្បីមើល​ទេសភាព ប្រាសាទដ៏ល្បីល្បាញ Fo Shan Ting Da Bo Gong Temple ក៏​ស្ថិត​លើ​កោះ Pulau Ubin ផង​ដែរ​។ ដើម្បី​ទៅ​លេង​កោះ​នេះ លោក​អ្នក​ត្រូវ​ជិះ​ទូក​រយៈ​ពេល​ប្រមាណ​ជា​១៥នាទី​ប៉ុណ្ណោះ​ពី​ទីក្រុង​សិង្ហ​បុរី​។

3. កោះ St. John ដែល​ជា​កោះ​ភាគ​ខាត្បូង​មាន​សម្រស់ដ៏​ស្អាត​បំផុត​នៅ​សិង្ហបុរី

កោះ St. John គឺ​ជាកន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​ដើម្បីសម្រាក​លំហែរ និង​ទទួល​យក​ភាព​សប្បាយ​រីក​រាយ​នានា​។ ខណៈ​ដែល​ត្រូវ​បាន​គេ​ស្គាល់​កាលពី​មុន​ថា ជា​កោះ Pulau Sakijang Bendera កោះ​នេះ ធ្លាប់​ជា​មជ្ឈមណ្ឌល​ស្តារ​កាយនី​តិ​សម្បរទា សម្រាប់​អ្នក​ជំ​ងឺ​ និង​ជា​កោះ​មាន​ឆ្នេរដ៏​ស្រស់ស្អាត​ជាច្រើន​។

4. កោះ Lazarus ដែល​ជា​កោះ​ដ៏ល្អ​សម្រាប់​ការ​ទៅ​កម្សាន្ត​ពេលថ្ងៃ

ជាមួយនឹង​ការមានគ្រាប់​ខ្សាច់​សភ្លឺថ្លា ទឹក​សមុទ្រពណ៌​ខៀវ​ថ្លា​ឈ្វេង និង​ដំណាំ​ដូង​ប្រេង​ដាំ​ជា​ជួរ​ដាច់​កន្ទុយភ្នែក កោះ Lazarus គឺ​ជា​កោះ​មួយ​ក្នុង​ចំណោម​កោះ​ដ៏មាន​ប្រជា​ប្រិយ​ភាព​បំផុត​នៅ​សិង្ហ​បុរី បន្ទាប់​ពី​កោះ Sentosa​។ មាន​ផ្ទៃ​ដី៤៧ហិកតា លោក​អ្នក​អាច​ធ្វើ​ដំណើរ​ទៅកាន់​កោះ Lazarus យ៉ាង​ងាយស្រួល​ ខណៈដែល​នៅ​​លើកោះ​នេះ មាន​សត្វ​ឆ្មា​ជាច្រើន និង​ជា​កន្លែង​ដ៏​ស្រស់ស្អាត​សម្រាប់​លោក​អ្នក​ក្នុង​​ថត​យក​រូប​ភាព​នានា ដើម្បី​ទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​។

5. កោះ Kusu គឺ​ជា​កោះ​មានភាពល្បីល្បាញលើ​ជំនឿ

កោះ​ដ៏ស្រស់ស្អាត​នេះ មាន​ថ្ម​ប៉ប្រះ​ទឹកពណ៌​បៃ​តង និង​ផ្កា​ថ្ម​ដ៏​ស្រស់ស្អាត រួម​ជាមួយនឹង​សត្វ​សមុទ្រ​ដែល​មាន​រូប​រាង​ដូច​នឹង​រូប​រាង​សត្វ​អណ្តើក និង​មាន​ឈ្មោះ​ថា «kusu» ដែលមាន​ន័យថា សត្វ​អណ្តើក​ជា​ភា​សា​ចិន​។ ទី​កន្លែង​គោរពបូជា​៣​កន្លែ​ដែ​​ល​រួម​មាន Syed Abdul Rahman, Nanek Ghalib និង Puteri Fatimah ក៏ស្ថិតនៅ​លើ​កំពូល​នៃ​កោះ​នេះ​ផង​ដែរ​។ ហេតុនេះ កោះ Kusu ត្រូវ​បាន​ចាត់​ទុក​ថា ជា​កោះ​សម្រាប់​ការ​គោរពបូជា សម្រាប់​អ្នក​កាន់​សាសនា​អុីស្លាម និង​សាសនា​តាវ​។

6. កោះ Sister’s Island

នេះ​គឺ​ជា​កោះមួយ​ក្នុង​ចំណោម​កោះ​ទាំង​៦៣​របស់​សិង្ហ​បុរី ហើយជា​មួយនឹង​​ការ​មាន​ទេស​ភាព​ដ៏ស្រស់​ស្អាត ទឹក​ថ្លា​ដូចកញ្ចក់​ និងផ្កា​ថ្ម​​ចម្រុះ​ពណ៌ កោះ Sister ក៏ជា​ជម្រក​សត្វសមុទ្រ​ជាច្រើន​ផង​ដែរ ដូច​ជា លាស​សមុទ្រ និងមឹក ជា​ដើម​។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់នោះ​គឺ​ថា គេហៅ​ថា កោះ Sister ដោយ​សារ​តែ​មាន​កោះ​២ ឈ្មោះ​ថា Subar Laut និង Subar Darat ដែល​ស្ថិត​នៅ​ក្បែរ​គ្នា ហើយ​នៅចន្លោះ​កោះ​ទាំង​២ មាន​ប្រឡាយ​ដ៏​ជ្រៅមួយ​។

កោះ Kusu, Lazarus, St john និង Sisters ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កោះ​ស្ថិតនៅ​ភាគ​ខា​ង​ត្បូង ហើយ​លោក​អ្នក​ធ្វើ​ដំណើរ​ទៅកាន់​កោះ​ទាំង​នោះ​បាន​ដោយ​ងាយ​តាម​រយៈ​ការ​ជិះ​សាឡាង ពីកន្លែង​ជិះ​សា​ឡាង Marina South Ferry Terminal​ ហើយ​បច្ចុប្បន្ន ក៏មាន​ក៏​មាន​ភ្ញៀរ​ទេសចរ​ទៅ​ដើរ​កម្សាន្ត​នៅ​ទីនោះ​ផង​ដែរ​។

មានរឿង​រ៉ាវ​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​អំពីកោះ Christmas ដោយ​សារ​តែ​កោះ​នេះ ធ្លាប់​ជា​កោះ​របស់​សិង្ហ​បុរី ប៉ុន្តែ នៅ​ឆ្នាំ​១៥៩៧ កោះ​នេះ​ត្រូវ​បាន​ចក្រ​ភព​អង់គ្លេសលក់​​​ទៅ​ឲ្យ​រដ្ឋា​ភិបាល​អូ​ស្ត្រាលី​​វិញ​។ នេះ​បើយោង​ទៅ​តាម​សមា​គម​ទេសចរណ៍​កោះ Christmasនេះ​៕

ប្រភព​ព័ត៌មាន៖ traveltriangle.com

អត្ថបទ៖ In Sopheng