រង្វង់មូលថ្មគោល ដែលតម្កល់ថ្មគោលបុរាណ និងជាដើមកំណើតឈ្មោះស្រុកថ្មគោលត្រឡប់មកវិញជាមួយរូបរាងថ្មី ​

  • 2021-09-28 02:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ត្រូវបានធ្វើពិធីប្រគល់ និងទទួលនៅថ្ងៃនេះក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រៅពីទិដ្ឋភាពផ្លូវថ្មីខ្វែងខ្វាត់ និងគំនូសចរាចរណ៍ ភ្លើងបំភ្លឺផ្លូវអមសងសាង គេក៏ចាប់អារម្មណ៍ផងដែរនូវទិដ្ឋភាពរង្វង់មូលថ្មគោល ដែលស្ថិតនៅក្នុងស្រុកថ្មគោល ទើបនឹងសម្ពោធ។ រង្វង់មូលនេះមានរាងមូល២ថ្នាក់ ដោយផ្នែកកំពូលបំផុតមានតម្កល់រូបសំណាកថ្មគោល ជា​ថ្មភក់បុរាណជានិមិត្តរូបនៃឈ្មោះស្រុកថ្មគោលនេះតែម្ដង។

ស្រុកថ្មគោលជាស្រុកមួយស្ថិតនៅក្នុងខេត្តបាត់ដំបង ហើយស្រុកនេះមាន ១០ឃុំ។ មែនទែនទៅពីមុន ថ្មគោលនេះត្រូវបានតម្កល់នៅរង្វង់មូលដែលមានរចនាបថផ្សេង តែត្រូវបានបំផ្លាញចោល។ រង្វង់មូលពីមានគឺមានរូបនាគក្បាល៥ ចំនួន៤ បែរមុខទៅរកទិសទាំង៤ ហើយព័ន្ធកន្ទុយគ្នាទ្រថ្មគោលបុរាណ​ ដែលគ្របពីលើដោយប្រាង្គរាងដូចចេតិយពណ៌មាស។

គួរបញ្ជាក់ថាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) និងគ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទ៖ សៀនហួរ