ប្រាប់ឱ្យហើយ! អ្នកផ្អើលទៅលេងទឹកលិចផ្លូវ បើនៅតែហាមមិនស្ដាប់ នឹងដាក់គ្រូពេទ្យចាំត្បារច្រមុះគ្រប់គ្នាតែម្ដង

  • 2021-09-28 05:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋផ្អើលបាននាំកូនចៅ សាច់ញាតិ ទៅលេងទឹកដែលជន់លិចកំណាត់ផ្លូវមួយខ្សែតភ្ជាប់ពីស្រុកមង្គលបូរី ព្រំប្រទល់ក្រុងសិរីសោភ័ណ មួយថ្ងៃៗមិនតិចជាងរយនាក់ អាជ្ញាធរស្រុកមង្គលបូរី សម្រេចបិទមិនឱ្យប្រជាពលរដ្ឋទៅ ជួបជុំនៅកន្លែងលេងទឹកលិចផ្លូវនោះទៀតឡើយ។ នេះបើតាមការផ្សាយ លើគណនីហ្វេសប៊ុក របស់លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា អាជ្ញាធរបានណែនាំ នឹងប្រើធម៌ក្តៅចំពោះបងប្អូនប្រជាពលរដ្ឋណាមិនស្តាប់ហើយផ្គើន នៅបន្តនាំគ្នាមកលេងទឹកជួបជុំគ្នាទៀត គឹដាក់ក្រុមការងារយកសំណាករកមេរោគកូវីដ១៩ ទីនោះតែម្តង ។

សូមជំរាបថា ប្រជាពលរដ្ឋបាននាំគ្នា មកលេងទឹកដែលទឹកជំនន់លិចផ្លូវតភ្ជាប់ពីស្រុកមង្គលបូរី ព្រំប្រទល់ក្រុងសិរីសោភ័ណ ដែលឃើញនាំគ្នាំមកលេងរយៈពេល២ទៅ៣ថ្ងៃមកហើយ ។ ដោយឃើញប្រជាពលរដ្ឋជាច្រើនប្រមូលផ្ដុំគ្នាដូចនេះ អាជ្ញាធរស្រុកមង្គលបូរីបានដឹកនាំកម្លាំងដើម្បីទប់ស្កាត់ការមកលេងទឹកជួបជុំរបស់ប្រជាពលរដ្ឋ ដោយការព្រួយបារម្ភខ្លាចពលរដ្ឋឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍។ ហើយការប្រមូលផ្ដុំមនុស្សច្រើនដូច្នេះគឺល្មើសនឹង វិធានសុខាភិបាលដែលបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ៕

អត្ថបទដោយ៖ ស៊ូ អីន