យូរៗទៅលេងផ្ទះម្ដង ហាមធ្វើរឿង ៤យ៉ាងនេះដាច់ខាត បើមិនចង់ឱ្យឪពុកម្ដាយទឹកភ្នែក
- 2021-10-06 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យូរៗទៅលេងផ្ទះម្ដង ហាមធ្វើរឿង ៤យ៉ាងនេះដាច់ខាត បើមិនចង់ឱ្យឪពុកម្ដាយទឹកភ្នែក
ចន្លោះមិនឃើញ
មួយឆ្នាំ ភ្ជុំម្តង កូនៗដែលទៅលេងស្រុកកំណើត ចៀសមិនផុតពីការជួបជុំសាច់ញាតិ បងប្អូន មិត្តភក្តិ នោះទេ យ៉ាងណាមិញ អ្នកគួរចៀសវាងនូវការប្រព្រឹត្តិទង្វើរ ឬសកម្មភាពមួយចំនួន ដែលបង្កការស្មុគស្មាញ ដល់ឪពុកម្តាយ។ លោកទាំងពីរ រងចាំកូនៗមកលេង ដោយចិត្តអន្ទះសារ ជាមួយស្នាមញញឹម ការរំពឹងចិត្ត និងក្តីត្រេកអរ ដូច្នេះ កុំធ្វើឱ្យលោកពិបាកចិត្ត ឬសៅហ្មង ដោយសារតែទង្វើរបស់អ្នក។
ទាំងនេះជាទង្វើដែលកូនៗមិនគួរធ្វើពេលទៅលេងឪពុកម្តាយនៅស្រុក
១.ជុំគ្នាផឹកស៊ី ស្រែកឡូឡា ផ្អើលភូមិ
បើអ្នកគិតថា នេះជាទង្វើបង្ហាញអំណាច ភាពឡូយឆាយ អ្នកគិតច្រឡំហើយ ព្រោះការផឹកស៊ីស្រែកឡូឡា មិនបានបង្ហាញពីភាពថ្លៃថ្នូរបស់អ្នកនោះទេ ប៉ុន្តែវានឹងធ្វើឱ្យអ្នកបាត់បង់តម្លៃក្នុងភាពជាមនុស្ស។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចប្រឈមនឹងការជាប់ទោស បើសិនជាជ្រុលដៃធ្វើឱ្យអ្នកម្ខាងទៀតរបួស ថែមទាំងត្រូវខាតបង់ថវិកា និងពេលវេលាថែមទៀតផង។ យូរៗទៅស្រុកម្តង គួរណាតែទៅជួយលើកមុខមាត់ឪពុកម្តាយ មិនមែនយកកិត្តិយសពួកគាត់ទៅជាន់ឈ្លីនឹងបាតជើងរបស់អ្នក ដោយទង្វើយកសុរាបាំងមុខបែបនេះនោះទេ។
២.ជិះម៉ូតូជែងគ្នា វ៉ាគ្នា ហុយទ្រលោមពេញភូមិ
អ្នកគួរទៅលេងស្រុកដោយភាពថ្លៃថ្នូ មិនមែនទៅជិះម៉ូតូជែងគ្នា វ៉ាគ្នាផ្អើលភូមិ រហូតបុកគ្នា ត្រូវចូលសម្រាកនៅមន្ទីរពេទ្យ រហូតធ្វើឱ្យឪពុកម្តាយទៅមើលថែខ្លួន ថ្ងៃបុណ្យទានបែបនេះទេ។ បើជ្រុលជាចូលចិត្តធ្វើបែបនេះ មិនបាច់ទៅដល់ស្រុកនាំរឿងអំពល់ដល់ឪពុកម្តាយនោះទេ ព្រោះខែបុណ្យទាន លោកត្រូវការធ្វើបុណ្យ ទៅវត្ត រក្សាទានសីល កុំឱ្យអំពល់ដល់គាត់ច្រើនជាងនេះអី។
៣.ជប់លៀង គរចានឆ្នាំងពេញផ្ទះឱ្យឪពុកម្តាយលាង
យូរៗទៅស្រុកម្តង ការជួបជុំមិត្តភក្តិ ធ្វើអាហារហូបជុំគ្នា ជារឿងធម្មតាទេ តែបើហូបហើយ ទុកចានឱ្យម៉ែឪលាង ទើបជារឿងមិនធម្មតា ព្រោះកូនដែលមានវិចារណញាណ ចេះគិតពិចារណា គេមិនធ្វើទង្វើបែបនេះនោះទេ។ ឪពុកម្តាយ មើលថែអ្នកតាំងពីតូចមកដល់ពេលនេះ គាត់ក៏ធ្វើគ្រប់យ៉ាងទៅហើយ មិនគួរណា ចានបាយដែលអ្នកហូបខ្លួនឯង ក៏ត្រូវទុកឱ្យគាត់លាងដែរនោះទេ។
៤.ទុកបំណុលឱ្យឪពុកម្តាយសងជំនួស
«កូនគេយកលុយកាក់ជូនឪពុកម្តាយខែបុណ្យទាន កូនឯងទុកបំណុលស្រាឱ្យឪពុកម្តាយសងជំនួស» សូមកុំឱ្យឪពុកម្តាយរបស់អ្នកមានអារម្មណ៍បែបនះឡើងមក ព្រោះនេះ មិនត្រឹមតែជាទង្វើបំផ្លាញទាំងទ្រព្យសម្បត្តិទេ តែអ្នកកំពុងបំផ្លាញទឹកចិត្ត និងជាន់ឈ្លីកិត្តិយសរបស់ឪពុកម្តាយរបស់អ្នកហើយ។