ប្រាសាទសួព្រ័ត្រ ដែលល្បីតគ្នាថា ប្រាសាទឃុំនាងទាំង១២ មានប្រវត្តិពិតបែបនេះសោះ

  • 2021-10-12 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រាសាទសួព្រ័ត្រ ឬប្រាសាទទាំង១២ ត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទដែលសាងសង់ឡើងដោយថ្មបាយក្រៀម និងថ្មភក់ ទាំងនេះ មានទីតាំងស្ថិតនៅខាងមុខទីលានជល់ដំរី ក្រុងអង្គរធំ ខេត្តសៀមរាប។

ប្រាសាទសួព្រ័ត្រ ដែលមានវត្តមានលើទឹកដីអង្គរ ត្រូវបានមតិមួយចំនួនយល់ថា មានប្រវត្តិទាក់ទិនទៅនឹងរឿង ឬទ្ធិសែននាងកង្រី ដែលត្រូវបានសាងសង់ឡើងដើម្បីឃុំឃាំងនាងទាំង១២ និងមានមតិមួយចំនួនផ្សេងទៀតបានលើកឡើងថា ប្រាសាទទាំង១២នេះ គឺតំណាងឱ្យខេត្តទាំង១២ របស់ខ្មែរក្នុងសម័យនោះ។ ដែលតាមការពិតប្រាសាទនេះត្រូវបានកសាងឡើង ទៅតាមឆ្នាំទាំង១២របស់ខ្មែរ ដើម្បីស្វែងរកអ្នកទោសដែលមានកំហុសពិតប្រាកដយកមកកាត់ក្តីតាមច្បាប់របស់ព្រះរាជនគរ។

តាមរយៈការដកស្រង់ចេញ​ពី​សៀវ​ភៅ​កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា​ ដែល​និពន្ធ​ដោយ​​លោក​លី ធាមតេង ត្រង់ចំនុច អំពីការកាត់ក្តី ក៏បានសរសេរបញ្ជាក់ដែរថា រឿងក្ដីក្ដាំរបស់ប្រជារាស្រ្ដ ដែលយើងគិតថាជារឿងសាមញ្ញ ប៉ុន្តែរាល់បញ្ហាទាំងអស់ ត្រូវតែត្រូវបានគាល់រហូតដល់ព្រះរាជា ដើម្បីធ្វើការជំនុំជំរះក្តី។ តួយ៉ាងដូចជា ជំលោះ ក្ដីក្ដាំនឹងគ្នា ដោយមិនអាចកាត់សេចក្តីបានថា អ្នកណាខុស អ្នកណាត្រូវ ពួកគេនឹងត្រូវបញ្ជូនទៅកាន់ប្រាសាទតូចៗទាំង១២។

ប្រាសាទសួព្រ័ត្រ ត្រូវបានចាត់ទុកជាគុកសួគ៌ ដែល​សក្ដិសិទ្ធបំផុត ព្រោះថារាល់អ្នកដែលបានប្រព្រឹត្តខុសពិតប្រាកដ ត្រូវចូលទៅអង្គុយក្នុងប្រាសាទនោះ ក្នុងរយៈពេល៣យប់ ៣ថ្ងៃ ប្រសិនបើក្រោយរយៈពេលនេះ អ្នកដែលនៅខាងក្នុងប្រាសាទនោះស្តែងចេញនូវអាការៈដូចជា ឡើងដំបៅនៅលើស្បែក ឬមានអ្វីចម្លែកណាមួយ បានន័យថា ពួកគេនឹងត្រូវទទួលទោសដោយការទណ្ឌកម្មដោយការកាត់ក្តោងច្រមុះ កាត់ទងត្រចៀក កាត់ម្រាមដៃ ម្រាមជើងអោយសល់តែ៤ និងត្រូវបណ្តេញចេញពីព្រះនគរ ព្រោះពួកគេគឺសត្វតិរឆ្ឆាន។ ក្រៅពីការបំរើធ្វើជាគុកប្រាសាទសួព្រ័ត្រ ក៏មានតួនាទីធ្វើជាកន្លែងរាំលើខ្សែពួរដែរគេចង់ពីប៉មមួយទៅប៉មមួយ សម្រាប់ថ្វាយព្រះរាជា និងព្រាហ្មណ៍ សេនាបតីទតមើលកម្សាន្ត ពីវេទិកាទីលានជល់ដំរី។ តួនាទីមួយទៀតរបស់ប្រាសាទសួព្រ័ត្រគឺសម្រាប់ក្រុមអាមាត្យឡើងទៅធ្វើគារវៈវន្ទារវុធតាមថ្នាក់នៃប្រាង្គប្រាសាទដើម្បីជាកិត្តិយសថ្វាយព្រះរាជាក្នុងពិធីបុណ្យធំៗនៅក្នុងព្រះរាជទីលានជល់ដំរីជាដើម ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ កែវ សុខអាត