បើកការប្រឡងរាំដ៏អស្ចារ្យ " Love To Dance Season 2"
- 2014-11-25 00:32:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកការប្រឡងរាំដ៏អស្ចារ្យ " Love To Dance Season 2"
ចន្លោះមិនឃើញ
ក្រុមហ៊ុន BKA Entertainment បានប្រកាសនៅថ្ងៃនេះថា ការប្រឡងរាំដ៏អស្ចារ្យសម្រាប់យុវវ័យហៅថា “Love To Dance Season 2” បានចាប់ផ្ដើមហើយ បន្ទាប់ពីជោគជ័យកាលពីរដូវកាលទី១ឆ្នាំ ២០១៣។
លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា
លោក ប៊ុនកើដ អគ្គនាយករបស់ BKA Entertainment ការចាប់ផ្ដើមរដូវកាលទី២នេះ គឺដើម្បីបើកឱកាសជាថ្មីឲ្យយុវជនយុវនារីខ្មែរ បានបញ្ចេញសមត្ថភាព និងទេពកោសល្យលើរបស់ពួកគេ ខណៈពិភពលោកកំពុងមានការរីកចម្រើនលើផ្នែកនេះ។ "មិនត្រឹមប៉ុណ្ណឹង Love To Dance គឺជាសកម្មភាពមួយដែលទ្រទ្រង់សង្គមក្នុងចលនាដ៏ល្អមួយ ដោយជួយបញ្ចៀសពួកគេពីអំពើអបាយមុខមួយចំនួន ងាកមកប្រើពេលវេលាទំនេរពីការសិក្សាក្នុងទិសដៅល្អ និងបង្កើតថ្មី"។
ខុសពីឆ្នាំទី១ Love To Dance ឆ្នាំទី២នេះ ទទួលបានការគាំទ្រពេញទំហឹងពីសហព័ន្ធកីឡារាំកម្ពុជា ដែលទើបបង្កើតថ្មីថ្មោងដែរ។ លោក ជំទាវ ញ៉ែម មរកត ជាប្រធានសហព័ន្ធក្មេងខ្ចីនេះ ថ្លែងថា លោកជំទាវផ្ដល់ការគាំទ្រភ្លាម បន្ទាប់ពីទទួលបានលិខិតស្នើសុំគាំទ្រពី BKA Entertainment តែប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។
"កីឡារាំពិតជាមានសារសំខាន់ណាស់ វាជួយយើងសប្បាយរីករាយ ឃ្លាតឆ្ងាយពីអំពើអបាយមុខមួយចំនួន និងមានសុខភាពល្អមាំមួនថែមទៀត។ និយាយតាមត្រង់ ខ្ញុំអត់ដឹងសោះថាមានការប្រឡងរាំ ហើយខាងក្រុមហ៊ុន ក៏មិនដឹងថាមានសហព័ន្ធ អីចឹងពេលនេះ យើងគាំទ្រសកម្មភាពនេះ ព្រោះសហព័ន្ធក៏ចង់លើកកម្ពស់កីឡារាំនេះនៅស្រុកយើងឲ្យរីកចម្រើនដូចនៅបរទេសដែរ"។
លោក ជំទាវ បន្តថា សហព័ន្ធកីឡារាំរបស់លោកជំទាវ មានផែនការយុទ្ធសាស្ត្រមួយចំនួន ដើម្បីជំរុញឲ្យមានកីឡាប្រភេទនេះតំណាងប្រទេសចេញទៅប្រកួតជាមួយអន្តរជាតិ ដូច្នេះសូមឲ្យយុវជន យុវនារីខ្មែរយើងចូលរួមគាំទ្រទាំងអស់គ្នា។ លោក ជំទាវសង្កត់ធ្ងន់ថា រាំក៏អាចជាអាជីពដ៏ភ្លឺស្វាងមួយសម្រាប់ខ្លួនយើងដែរ "តើដែលដឹងទេ ការប្រកួតរាំនៅអន្តរជាតិខ្លះ ពានរង្វាន់មានប្រាក់រង្វាន់ដល់ទៅ១លានដុល្លារឯណោះៗ!"។
ការប្រឡងរាំដ៏អស្ចារ្យហៅថា Love To Dance Season 2 នឹងធ្វើការប្រឡងលើក្បាច់រាំចម្រុះមានដូចជា តុងហ្គោ ឆាតឆាតឆា ហ្សាំបា និងម៉ុមបា ជាដើម។ មកទល់ថ្ងៃនេះ កម្មវិធីរើសបានបេក្ខជនចំនួនចំនួន ១៨ក្រុមក្នុងនោះមានជាទម្រង់ទោល គូ និងក្រុមជាដើម។ បេក្ខជននឹងត្រូវឆ្លងកាត់ចំនួន២វគ្គ ដោយមួយវគ្គមាន ៩បេក្ខភាព។ ការប្រកួតនឹងចាក់ផ្សាយលើកទី១តាមកញ្ចក់ទូរទស្សន៍ MyTV នាថ្ងៃព្រហស្បតិ៍ទី ២៧ វិច្ឆិកា ២០១៤។ ឯកម្មវិធីផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៥ ធ្នូ ២០១៤។
ក្រុមរាំ Ninja Top ម្ចាស់ជយលាភី Love To Dance រដូវកាលទី១
Love To Dance Season 2 ទទួលបានការគាំទ្រដោយក្រុមហ៊ុនមួយចំនួនដូចជា ស្រាបៀអង្គរ ទឹកអប់ Cologne និង Roll On 12Plus ភេសជ្ជៈ Pepsi ទឹកបរិសុទ្ធ Angkor Puro ផលិតផលសាប៊ូ គីរិ គីរិ ស្ករកៅស៊ូ Extra Parrot ព្រមទាំងចូលរួមសហការពីផ្សារទំនើបផារ៉ាហ្គន និង i-Friend Sdudio។
កាលពីឆ្នាំទី១ ក្រុមរាំ Ninja Top គឺជាម្ចាស់ជយលាភី។ ក្នុងសន្និសីទប្រមាណ១ម៉ោងមុន ក្រុមនេះក៏បានបង្ហាញខ្លួនជាកិត្តិយសដែរ។ ពួកគេបានបង្ហាញក្បាច់រាំ Hip Hop ដ៏រស់រវើកតាមចង្វាក់ភ្លេងមួយបទ។ តោះទស្សនាទាំងអស់គ្នា...!!!
http://youtu.be/cA8zZaSfHO4
អត្ថបទ៖ ទារិកា