មិននឹកស្មានសោះ ប្រទេសទាំងនេះមានប្រវត្តិប្រារព្ធពិធីស្រដៀង បុណ្យភ្ជុំបិណ្ឌនៅកម្ពុជាដែរ
- 2021-10-11 07:38:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មានសោះ ប្រទេសទាំងនេះមានប្រវត្តិប្រារព្ធពិធីស្រដៀង បុណ្យភ្ជុំបិណ្ឌនៅកម្ពុជាដែរ
ចន្លោះមិនឃើញ
រៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ប្រទេសកម្ពុជាតែងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខណៈប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសមិកស៊ិក ប្រទេសកូរ៉េ ប្រទេសនេប៉ាល់ និងប្រទេសចិន ក៏មានពិធីបុណ្យ ដែលមានភាពស្រដៀងគ្នាទៅនឹងពិធីបុណ្យខ្មែរ។ ដែលពិធីបុណ្យទាំងនេះ សុទ្ធសឹងតែមានជាប់ពាក់ព័ន្ធទៅនឹងព្រលឹងខ្មោច ឬអ្នកដែលស្លាប់បាត់បង់ជីវិត។
នៅសហរដ្ឋអាមេរិក អឺរ៉ុប និងបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក បុណ្យ Halloween ជាពិធីបុណ្យដែលកើតចេញពីពិធីបុណ្យ Samhain របស់ជនជាតិ Celt ត្រូវបានធ្វើឡើង រាល់ថ្ងៃទី៣១ ខែតុលា។ កាលពីដើមឡើយ គេតែងទុកចំណីអាហារ ស្រា ក៏ដូចជាស្ករគ្រាប់ នៅមុខផ្ទះរបស់ខ្លួនដើម្បីធ្វើឲ្យព្រលឹងសប្បាយចិត្ត ហើយផ្ដល់សុខទៅឲ្យគេវិញ ហើយបើសិនជាចង់ទៅក្រៅគេត្រូវពាក់ម៉ាសមុខខ្មោចដើម្បីក្លែងបន្លំជាមួយបណ្ដាព្រលឹងទាំងអស់នេះ។
នៅប្រទេសជប៉ុន ក៏មានពិធីបុណ្យម្យ៉ាង ដែលមានឈ្មោះថា បុណ្យ Obon។ ពិធីបុណ្យនេះធ្វើឡើង ដើម្បីរំលឹកគុណដល់ព្រលឹងដូនតាដែលបានស្លាប់ទៅ។ នៅពេលប្រារព្ធពិធីបុណ្យម្ដងៗ ប្រជាជនជប៉ុនជាច្រើនបានត្រលប់ទៅស្រុកកំណើតរបស់ខ្លួន ដើម្បីជួបជុំគ្រួសារ និងមិត្តភ័ក្ដិខ្លួន។
ក្នុងនោះដែរ ប្រទេសមិកស៊ិក ក៏ដូចជាបណ្ដាប្រទេសអាមេរិកឡាទីន ជារៀងរាល់ថ្ងៃទី១ និងទី២ ខែវិច្ឆិកា ក៏មានពិធីបុណ្យមួយដែលមានឈ្មោះ Dia de los Muertos ពិធីនេះធ្វើឡើងដើម្បីរំលឹកគុណដល់អ្នកដែលបានចែកឋានទៅ ដោយមានការសម្អាតផ្នូរអ្នកស្លាប់ ការរៀបចំម្ហូបអាហារ ការរាំ ក៏ដូចជាពិធីជប់លៀងផងដែរដើម្បីស្វាគមន៍ព្រលឹងអ្នកស្លាប់ទាំងអស់នោះ។
នៅប្រទេសកូរ៉េទាំងពីរ ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក៏មានពិធីបុណ្យដែលធ្វើឡើងដើម្បីគោរពព្រលឹងដូនតាដែលបានទទួលអនិច្ចកម្ម ពិធីបុណ្យនោះមានឈ្មោះ បុណ្យ Chuseok ជាធម្មតាធ្វើឡើងនៅថ្ងៃទី ទី៨ នៃប្រតិទិនចន្ទគតិ(ខែកញ្ញា ឬតុលា)។
ក្នុងប្រទេសនេប៉ាល់ ក៏មានពិធីបុណ្យមួយដែលប្រារព្ធឡើង ហើយមានភាពស្រដៀងគ្នាទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរនោះគឺ បុណ្យ Gai Jatra។ ពិធីបុណ្យនេះ ធ្វើឡើងជារៀងរាលខែ សីហាឬកញ្ញា។ ចំពោះពិធីបុណ្យនេះដែរ សមាជិករបស់គ្រួសារដែលស្លាប់ត្រូវបណ្តើរគោមួយ (ប្រសិនបើគ្មានគោ ត្រូវឱ្យក្មេងស្លៀកពាក់ជាគោ) នៅក្នុងភូមិរបស់ខ្លួន។ ការធ្វើបែបនេះ ព្រោះគេជឿថា សត្វគោនោះនឹងដឹកនាំព្រលឹងអ្នកស្លាប់ទៅរកពិភពថ្មីមួយទៀត។
ជាចុងក្រោយគឺប្រទេសចិន ដែលភាគច្រើនត្រូវបានដឹងច្រើនរួមមកហើយថា បុណ្យសែនក្បាលទឹក ដែលគេតែងឃើញមានគេឃើញមានការអុជគោម ដុតក្រដាសប្រាក់ក្លែងក្លាយនិងរបស់របរប្រើប្រាស់ផ្សេងៗ ក៏ដូចជា ការសែនម្ហូបចំណី ដើម្បីរំលឹកគុណដល់ដូនតាដែលបានចែកឋានទៅ ហើយការមានសែនអាហារបន្តិចបន្តួចនៅក្រៅផ្ទះដល់ព្រលឹងអនាថាអត់ឃ្លានមួយចំនួនដើម្បីធ្វើឲ្យព្រលឹងនេះសប្បាយចិត្ត៕
ប្រភព ៖ smithsonianmag