ដឹងទេ…បេក្ខជនផ្តាច់ព្រ័តCSFFឆ្នាំមុនៗ បានវិវត្ដខ្លួនទៅជាយ៉ាងណាហើយ?

  • 2021-10-13 03:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្តខ្លីចតុមុខ បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១២ ដែលគិតមកដល់ពេលនេះមានរយៈពេល ១០ ឆ្នាំហើយ។ មហោស្រពភាពយន្តខ្លីចតុមុខដែលហៅកាត់ថា CSFF បានផ្តល់ឱកាសដល់សមិទ្ធិករភាពយន្តទាំងក្នុងស្រុក និងក្រៅស្រុកបានដាក់សមិទ្ធិផលរបស់ខ្លួន ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីនេះ។

គិតមកដល់ពេលនេះកម្មវិធីប្រកួត បានរកឃើញសមិទ្ធិករឆ្នើមក្នុងវិស័យនេះចំនួន៩ រូប ចាប់តាំងពីឆ្នាំដំបូង នៃការប្រកួត។ រីឯកម្មវិធីនៅឆ្នាំ ២០២១ នេះ CSFF ក៏បានបន្ថែមនូវប្រភេទវីដេអូតន្ត្រី ដែលអាចឱ្យសមិទ្ធិករក្នុងស្រុកចូលរួមផងដែរ។ បើទោះបីជាមានការអាក់ខានក្នុងការប្រារព្ធកម្មវិធីនេះឡើងកាលពីឆ្នាំកន្លងទៅដោយសារការរីករាលត្បាតជម្ងឺកូវីដ-១៩ CSFF បានវិលត្រឡប់មកសារជាថ្មីនៅក្នុងឆ្នាំនេះជាទម្រង់អនឡាញ។

នៅក្នុងឆ្នាំនេះដែរ CSFFបានទទួលការដាក់រឿង ចូលរួមពីសំណាក់សមិទ្ធិករក្នុងស្រុក និងអន្តរជាតិឡើងវិញក្រោយពីមានការទន្ទឹងរង់ចាំពីសំណាក់សមិទ្ធិករ និងអ្នកមានចំណង់ចំណូលចិត្តខាងវិស័យនេះ។

លោក មុនី កណ្ណដារង្គ ដែលជាជ័យលាភីនៅក្នុងកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខកាលពីឆ្នាំ ២០១៨ បានក្លាយជាផលិតករឯករាជ្យផ្នែកផលិតភាពយន្តខ្នាតខ្លី និងវីដេអូពាណិជ្ជកម្ម។ លោក និយាយថា៖ “ពេលហ្នឹងគឺមានអារម្មណ៍នឹកស្មានមិនដល់ ដែលសមិទ្ធិផលខ្ញុំត្រូវបានគណៈកម្មការ និងទស្សនិកជន ទទួលស្គាល់។ ជាពិសេស សប្បាយរីករាយពេលដែលការខិតខំប្រឹងប្រែងទទួលរបស់ខ្ញុំបានលទ្ធផលមកវិញបែបនេះ”។

លោកបញ្ជាក់ថា មូលហេតុចម្បងដែលធ្វើឱ្យលោកចូលរួមក្នុងកម្មវិធី CSFF នេះគឺដោយសារ CSFF ជាកម្មវិធីភាពយន្តខ្នាតខ្លី មានឈ្មោះក្នុងវិស័យភាពយន្តក្នុងស្រុក និងទទួលស្គាល់ដល់អ្នកជំនាញភាពយន្តផ្សេងៗនៅកម្ពុជា។ លោកបន្ថែមថា CSFF បានផ្តល់ឱកាសដល់លោកក្នុងការបញ្ចេញស្នាដៃ និងឱកាសការងារលើវិស័យភាពយន្ត លើសពីនេះទៀតកម្មវិធីក៏បានធ្វើឱ្យទស្សនិកជនស្គាល់ស្នាដៃលោកច្រើនផងដែរ។

បន្ថែមលើជយលាភីឆ្នាំ២០១៨ លោក មុនី កណ្ណដារង្គ អ្នកសរសេរអត្ថបទរឿងដែលធ្លាប់ដាក់រឿងរបស់ខ្លួនចូលប្រកួតក្នុងកម្មវិធីនេះដែរ គឺកញ្ញា ចាន់ ស៊ីណេត បានចែករំលែកបទពិសោធន៍ថាតាំងពីពេលនោះមកឃើញថារឿងខ្លីរបស់នាងត្រូវបានផ្សព្វផ្សាយ និងបានចាក់បញ្ចាំងទាំងក្នុងស្រុក និងក្រៅស្រុកដែរ។

កញ្ញា ចាន់ ស៊ីណេត៖ “ខ្ញុំគិតថាកម្មវិធី CSFF គឺជាស្ពានតភ្ជាប់មួយដែលបាន ផ្តល់ឱកាស ឱ្យខ្ញុំបានបង្ហាញការងារដែលខ្ញុំស្រឡាញ់ទៅដល់អ្នកមើលទូទៅ ក្រៅពីនេះខ្ញុំក៏បានទទួលប្រយោជន៍ ជាច្រើនដោយបានរៀន និងបានជួបផ្លាស់ផ្តូ របទពិសោធន៍ចំណេះដឹងលើវិស័យភាពយន្តជាមួយអ្នកដឹកនាំរឿង ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាយើង”។

បច្ចុប្បន្នកញ្ញាជាជាអ្នកសរសេរអត្ថបទភាពយន្តឯករារាជ្យ ហើយនៅឆ្នាំនេះកញ្ញាក៏បានចូលរួមជាមួយមហោស្រព ភាពយន្តខ្លីចតុមុខដោយបានដាក់រឿងខ្លីមួយដែលកញ្ញាចូលរួមក្នុងការសរសេរអត្ថបទភាពយន្ត និងជាផលិតករមួយរូប។

កញ្ញា ស៊ីណេត រំពឹងថា កម្មវិធី CSFF ឆ្នាំនេះ បើទោះបីធ្វើឡើងតាមរយៈអនឡាញ ក៏នឹងមានប្រជាជនខ្មែរចូលរួម គាំទ្របានច្រើន។ កញ្ញាបាននិយាយថា បើប្រជាជនខ្មែរចូលមើលច្រើន
រឿងរបស់កញ្ញាក៏នឹងបានផ្សព្វផ្សាយ ទៅដល់អ្នកមើលច្រើនទៅតាមនោះដែរ។

អ្នកទស្សនាអាចទទួលចូលរួមទស្សនាភាពយន្តខ្លីរបស់សមិទ្ធិករយើងនៅឆ្នាំនេះបានតាមរយៈគេហទំព័រផ្លូវការរបស់មហោស្រពភាពយន្តខ្លីចតុមុខ។ តារាងកម្មវិធីចាក់បញ្ចាំងរឿង និងប្រភេទរឿងនីមួយៗ នឹងធ្វើបច្ចុប្បន្នភាពលើ Facebook Page របស់CSFF ឆាប់ៗនេះ។

CSFF ឆ្នាំនេះក៏មានការគាំទ្រពីស្ថាប័នក្នុងស្រុក៦គឺ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន Sabay News, FilmTalk Cambodia, Alien Express និងមូលនិធិ«ពន្លក» របស់អង្គការសិល្បៈខ្មែរអមតៈ ហើយក្រៅស្រុក២គឺ៖ SEA Junction និងculture360៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី