ដឹងថាតារាលំដាប់កំពូលពីរដួងនេះ មានស្ថានភាពសេដ្ឋកិច្ចបែបណាទេ​ក្នុងពេលមានវិបត្ដិកូវីដ ជាង២ឆ្នាំ?

  • 2021-10-14 06:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងចម្រៀងទាំងអាជីព និងមិនទាន់អាជីព សុទ្ធតែត្អូញត្អែរពីប្រាក់ចំណូលពីសិល្បៈចាប់តាំងពីជំងឺកូវីដ-១៩ វាយលុកលើកម្ពុជាតាំងពីចុងឆ្នាំ២០១៩ ដោយសារតែកម្មវិធីជួបជុំ ឬសម្ដែងសិល្បៈគ្រប់ទម្រង់ត្រូវបានបិទទាំងស្រុង។

រយៈពេលជាង២ឆ្នាំ នៃការអូសបន្លាយវិបត្ដិនេះ បានធ្វើឲ្យអ្នកសិល្បៈខ្លះស្ទើនិយាយលែងចេញទៅហើយ ដោយសារស្ថានភាពសេដ្ឋកិច្ចកាន់តែធ្លាក់ចុះ ហើយចំណូលពីសិល្បៈនៅបន្ដបាត់ស្ទើទាំងស្រុង។ ចុះតារាចម្រៀងលំដាប់កំពូលរបស់កម្ពុជាទាំងពីរដួងនេះវិញ មានស្ថានភាពសេដ្ឋកិច្ចបែបណាដែរ?

និយាយពីកំពូលតារាចម្រៀងប្រុសរបស់ផលិតកម្មរស្មីហង្សមាស ខេមរៈ សិរីមន្ដ។ លោក បានប្រាប់Sabay នៅថ្ងៃទី១៤ ខែតុលា នេះថា ចំណូលពីសិល្បៈរបស់លោកបានប៉ះពាល់បណ្ដើៗតាំងពីចុងឆ្នាំ២០១៩ ហើយបានប៉ះពាល់ទាំងស្រុងនៅឆ្នាំ២០២០ និងឆ្នាំ២០២១ នេះ។

ដោយសារតែផលប៉ះពាល់ធំ និងយូរអង្វែងបែបនេះ លោកក៏សម្រេចចិត្ដបោះជំហានទៅខាងជំនួញអលនទ្រព្យកាន់តែជ្រៅ ហើយលោកក៏ទទួលបានលទ្ធផល ឬប្រាក់ចំណូលប្រហាក់ប្រហែលទៅនឹងចំណូលពីអាជីពសិល្បៈកាលពីមិនទាន់មានផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ មុនឆ្នាំ២០១៩ ដូច្នោះដែរ។

ខេមរៈ សិរីមន្ដ៖”**កាលពីចុងឆ្នាំ២០១៩ នៅបានមួយៗ តែចាប់តាំងពីរាជរដ្ឋាភិបាលបិទពីពេលណាមក គឺចំណូលយើងបាត់ទាំងស្រុងហ្មង។ ឥឡូវខ្ញុំអត់ទាន់ហ៊ានថាម៉េចទេ…ព្រោះទាក់ទងនឹងជីវភាពរៀងៗខ្លួន តែខ្ញុំថាបើអាចសូមឲ្យអ្នកសិល្បៈយើងគួរបន្ដការពារខ្លួនសិន ហើយរកមុខរបរណាដែលសមសមត្ថភាព និងមិនចេញក្រៅប្រឈមនឹងការឆ្លង ចាំស្ងាត់ចាំចេញក៏មិនទាន់ហួសពេលដែរ **”។

លោក ខេមរៈ សិរីមន្ដ បញ្ជាក់ថា រូបលោក និងគ្រួសារ បានតស៊ូរស់នៅក្នុងស្ថានភាពលំបាក និងបាត់ប្រាក់ចំណូលពីសិល្បៈបែបនេះជាច្រើនឆ្នាំហើយ។ ទោះជាយ៉ាងណាលោកនៅតែបន្ដការងារផ្នែកអចលទ្រព្យរបស់លោកដដែល ទម្រាំនឹងស្ថានភាពឆ្លងបានធូរស្រាល ហើយវិស័យសិល្បៈត្រូវបើកឲ្យដំណើរការជាធម្មតាឡើងវិញ។

យើងងាកមកចាប់អារម្មណ៍លើកំពូលតារាចម្រៀងស្រីរបស់ផលិតកម្ម”រាម” គឺកញ្ញា មាស សុខសោភា វិញម្ដង។ តារាចម្រៀងរូបនេះ បានប្រាប់Sabay ថា មុនឈានជើងចូលផលិតកម្ម”រាម” និងបានចាប់ដៃគូរកស៊ីជាមួយថៅកែស្រីរបស់ផលិតកម្ម”រាម” និងជាម្ចាស់ក្រុមហ៊ុនលក់ផលិតផល ឃូស៊ី ស្រីអូន គឺស្ថានភាពសេដ្ឋកិច្ចរបស់អ្នកនាងជួបការលំបាកខ្លាំង។

តារាចម្រៀង មាស សុសោភា ក៏មានបញ្ហាស្រដៀងនឹងលោក ខេមរៈ សិរីមន្ដ ដែរ ព្រោះចំណូលសិល្បៈត្រូវកាត់ផ្ដាច់ទាំងស្រុង។ ប៉ុន្ដែទើបនៅអំឡុងខែសីហា ឆ្នាំ២០២០ ទើបនាងចាប់ផ្ដើមរកចំណូលបានច្រើនឡើងវិញ ដោយខែខ្លះបានច្រើនជាងចំណូលពីអាជីពសិល្បៈដែលនាងធ្លាប់ដំណើរការធម្មតាកាលពីមុនឆ្នាំ២០១៩ ឬមុនពេលដែលជំងឺកូវីដ-១៩ វាយលុកមកលើកម្ពុជាធ្វើឲ្យប៉ះពាល់ដល់សិល្បៈ។

មាស សុខសោភា៖”យើងអ្នកសិល្បៈអត់រកបានច្រើនអីណាស់ណាទេ…ចំពោះខ្ញុំប៉ះខ្លាំងតាំងពីចូលឆ្នាំ(២០២០)ហើយមក តែខ្ញុំចៃដន្យបានជួបស្រីអូនក៏បានរីដុះដាលមក ពីមុនមកយើងលំបាកដែរហ្នឹង ព្រោះខ្ញុំមានបុគ្គលិក និងចម្ការកៅស៊ូត្រូវចំណាយលើវាដែរ”។

មាស សុខសោភា បញ្ជាក់ថា បច្ចុប្បន្នរូបនាងបានបង្កើនសកម្មភាពរកប្រាក់ចំណូល គឺមិនផ្ដេកផ្ដួលទៅតាមស្ថានភាពជំងឺកូវីដ-១៩ ឡើយ។ ទន្ទឹមគ្នានេះ សុខសោភា ក៏ចែករំលែកបទពិសោធន៍ថា ក្នុងស្ថានភាពដែលអ្នកសិល្បៈខ្លះមានជីវភាពកាន់តែដុនដាប ហើយចំណូលពីសិល្បៈនៅបន្ដបាត់ គួរងាកទៅរកអាជីពកម្មណាមួយសមនឹងសមត្ថភាពរបស់ខ្លួន ហើយផ្ដល់ចំណូលគ្រាន់បានទប់ទល់ជីវភាពសិន៕

ជិន សុភ័ក្ដ្រ