ឡូយ ស្ងាត់​ៗ សួ វិចិត្រ ទទួល​តំណែង​ជាគណកម្មការ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​មួយ​ហើយ!

  • 2021-10-18 05:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​សាង​កេរ្តិ៍ឈ្មោះ ឲ្យ​គេ​ស្គាល់ និង​គាំទ្រ​ច្រើន នៅ​ពេល​នេះ លោក សួ វិចិត្រ យុវជន​សម្បុរ​ស្រអែម​នៅ​ខេត្ត​ពោធិសាត់ ទទួល​បាន​ឱកាស​ថ្មី​ទៀត​ហើយ ដោយ​ធ្វើ​ជា​គណៈកម្មការ​ដាក់​ពិន្ទុ​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​១។

សួ វិចិត្រ ត្រូវ​បាន​គេ​លេច​វត្តមាន​ក្នុង​ផ្ទាំង​ផ្សព្វផ្សាយ​របស់​កម្មវិធី​ប្រឡង​ចម្រៀងមួយ​ឈ្មោះ​ថា "Bigo Live Cambodia Singer 2021"។ ដំណឹង បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​របស់​លោក​មាន​ការ​ចាប់​អារម្មណ៍ និង​សាទរ ព្រោះ​គេ​ដឹង​ថា យុវជន​រូប​នេះ មាន​ប្រវត្តិ​កម្សត់ និង​តស៊ូ​យ៉ាង​ខ្លាំង ​ដោយ​ប្រើ​ទេពកោសល្យ​ផ្ទាល់​ខ្លួន​ធ្វើ​ជា​ដើម​ទុន រហូត​អ្វី​ផ្ដើម​មាន​ភាព​ប្រសើរ​បន្តិច​ម្ដងៗ។

នេះ​ជា​បទ​ពិសោធន៍​ថ្មី​មួយ ខណៈ វិចិត្រ មិន​ទាន់​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​នៅ​ឡើយ ប៉ុន្តែ​អាច​សម្រេច​បាន​សមិទ្ធផល​គួរ​ឲ្យ​មោទកភាព​មួយ​នេះ។ ចំពោះ​បញ្ហា​នេះ សាមី​ខ្លួន បាន​ប្រាប់​ថា លោក​ទទួល​បាន​ការ​ទាក់​ទង​ពី​កម្មវិធី​ខាង​លើ​ថ្មី​ៗ ដោយ​គេ​បាន​ប្រាប់​ថា លោក​មាន​សមត្ថភាព​ល្អ​ក្នុង​ការ​ច្រៀង មាន​បច្ចេកទេស​ក្នុង​ការ​ប្រើ លើក​ដាក់​សំឡេង ដូច្នេះ​ហើយ លោក​សាក​សម​នឹង​នាទី​ជា​អ្នក​ផ្ដល់​យោបល់​កែតម្រូវ​លើ​ការ​ច្រៀង​របស់​បេក្ខជន​របស់​កម្មវិធី​គេ។

ក្រោយ​ទទួល​បាន​ការ​ឲ្យ​ឱកាស​បែប​នេះ ម្ចាស់​បទ "គ្មាន​លទ្ធភាព" ប្រាប់​ថា លោក​បាន​ព្រម​ព្រៀង​ភ្លាម ដោយ​មិន​រារែក ឬ​ភ័យ​បារម្ភ​ឡើយ បើ​ទោះ​លោក​មិន​មាន​ពិសោធន៍​លើ​ការងារ​នេះ​ពី​មុន​មក​ក៏ដោយ។ វិចិត្រ បញ្ជាក់​ថា លោក​មិន​ធ្លាប់​ធ្វើ​ការងារ​ជា​គណៈកម្មការ​ផ្លូវ​ការ​ពី​មុន​មក​មែន ប៉ុន្តែ​លោក​ធ្លាប់​ធ្វើ​ការងារ​ដែល​មាន​ស្ថានភាព​ដូច​គ្នា​នេះ​ពី​មុន​មក​ហូរហែដែរ។

“និយាយ​ទៅ...ខ្ញុំ​រីករាយ ហើយ​អត់​បារម្ភ​អី​ទេ...ព្រោះ​កន្លង​មក​ខ្ញុំ​ធ្លាប់​ឲ្យ​យោបល់​ដល់​បង​ប្អូន​ផ្សេង​ៗ​ដែល​គាត់​ឆាត​មក​សួរ​ហូរដែរ ខ្ញុំ​អត់​បង្ហោះ​ទេ រឿង​ថា​ច្រៀង​យ៉ាង​ម៉េច​អីម៉េច តែ​បើ​គេ​ឆាត​មក​សួរ ខ្ញុំ​ក៏​ប្រាប់​តាម​ហ្នឹង ថា​គួរ​ប្រើ​សំឡេង​ម៉េច​ៗ​ចឹង​ណា​បង...អីចឹង​ហើយ ខ្ញុំ​គិត​ថា​មិន​អី​ទេ ការងារ​ហ្នឹង​ខ្ញុំ​អាច​ធ្វើ​បាន!”។

សួ វិចិត្រ នឹងរួម​ជាមួយ​គណៈកម្មការ ៣​រូប​ទៀត​មាន ប៉ាវ ផ្លយ ជា​ដើម នឹង​ចាប់​ផ្ដើម​ការងារ​ខាង​លើ​ផ្លូវ​ការ​ជាមួយ​នឹង​កម្មវិធី​ខាង​លើ​នៅ​ថ្ងៃ​ទី ២៩ តុលា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា។ ដោយ​សារ​កូវីដ១៩ តាម​យុវជន​មក​ពី​ខេត្ត​ពោធិសាត់ បាន​ឲ្យ​ដឹង​ថា កម្មវិធី​ដំណើរ​តាម​ប្រព័ន្ធ​អនឡាញ លោក​ក៏​ផ្ដល់​ពិន្ទុ និង​ផ្ដល់​ការ​កែ​តម្រូវ​ដល់​បេក្ខជន​ដែល​ចូល​រួម​ប្រឡង ក៏​ធ្វើ​តាម​អនឡាញ​ដែរ ដោយ​មិន​មាន​ការ​ជួប​ជុំ​នោះ​ទេ៕

អត្ថបទ៖ ទារិកា