ឡាន​​វៀតណាម​សាកភ្លើង​ពេញម្តង បើកបានជិត៥០០គ.ម ត្រៀមប្រជែង Tesla លើទឹកដីអាមេរិក

  • 2021-10-18 06:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិត​រថយន្តវៀតណាម VinFast នឹង​បញ្ចេញ​រថយន្តអគ្គិសនី​ថ្មី​របស់ខ្លួនចំនួន ២ម៉ូដែល គឺ VF e35 និង e36 ក្នុង​ពិព័រណ៌រថយន្ត 2021 Los Angeles Auto Show នៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា​ ឆ្នាំ​២០២១ខាងមុខនេះ និង​ត្រៀមដាក់លក់​តាមបណ្តា Showroom ៦០កន្លែង​ក្នុងប្រទេសនេះ ​នៅ​ឆ្នាំក្រោយ។

ក្នុង​ចំណោម​រថយន្ត ២ម៉ូដែល​នេះ គេជឿជាក់​ថា VF e36 ​នឹង​ទទួលបាន​ប្រជាប្រិយភាព​ជាង​ ដោយសារ​វាជាប្រភេទSUV មានប្រវែង ៥១០៥មម។ រថយន្តនេះ បំពាក់​ម៉ូទ័រអគ្គិសនីពីរ (dual motor powertrain) បង្កើត​បាន​កម្លាំង ៤០២សេះ។ អាគុយ​រថយន្តអាចផ្ទុកភ្លើងបាន ១០៦គីឡូវ៉ាត់ម៉ោង គ្រប់គ្រាន់សម្រាប់​ការបើកបានចម្ងាយ​ជាង ៤៨០គីឡូម៉ែត្រ។

VF e36 ភ្ជាប់​មកជាមួយ​ប្រព័ន្ធកម្សាន្ត​ដែលមានទំហំអេក្រង់ ១៥,៤អ៊ិញ ដំបូលកញ្ចក់ Panoramic ចង្កៀង LED ដែល​ជះពន្លឺបានឆ្ងាយ ប្រព័ន្ធបង្ហាញ​សញ្ញាអាសន្ន​ពេល​ជិត​បុកគ្នា និង​ប្រព័ន្ធចូលចត​រថយន្ត​ស្វ័យប្រវត្តិ។ ជាពិសេស​វាក៏មាន​មុខងារគ្រប់គ្រងរថយន្ត​ដោយការ​ប្រើសំឡេងផងដែរ។

ចំណែករថយន្ត VF e35 តូចជាងបន្តិច គឺ​មានប្រវែង ៤៧៤៩ម.ម និង​បំពាក់​ម៉ូទ័រអគ្គិសនីមួយ (Single motor) បង្កើតបានកម្លាំង ២០១សេះ ហើយ​អាគុយអាចផ្ទុកភ្លើងបាន ៩០គីឡូវ៉ាត់ម៉ោង។ រថយន្តនេះ ក៏មានជម្រើស​ម៉ូទ័រអគ្គិសនី ដូច VF e36 ដែរ។

គួរដឹងដែរថា VinFast បាន​បង្ហាញ​បំណង​ចង់​ប្រកួតប្រជែងជាមួយ​ក្រុមហ៊ុន Tesla និង​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ដទៃទៀត ទាំង​តម្លៃ និង​ទំហំរថយន្ត។ ជាមួយគ្នានោះ VinFast ក៏បានបង្ហើបថា នឹង​ពិចារណា​បង្កើត​រោងចក្រ​ផលិតរថយន្តអគ្គិសនី​លើទឹកដីអាមេរិកទៀតផង។

មហិច្ចតា​ដ៏ធំមួយទៀត​របស់ VinFast គឺ​កំណត់​គោលដៅ​លក់​រថយន្តឱ្យបាន ១៥ ០០០គ្រឿង នៅឆ្នាំ​២០២២៕

ប្រភព៖ insideevs   ប្រែ​សម្រួល៖ សំភី